សិង្ហបុរី៖ ចំនួនទិញលក់ខុនដូ នៅសឹង្ហបុរី មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលបីខែចុងក្រោយនៅឆ្នាំ ២០២០ នេះ ជាអ្វីដែលអ្នកជំនាញក្នុងវិស័យនេះរំពឹងថាវិបត្តិពីកូវីដ-19 បានកន្លងផុតហើយ។
ចំនួនលក់ខុនដូតាមទីផ្សារ Resale Condo (ខុនដូដែលអ្នកទិញដំបូងពីក្រុមហ៊ុនអភិវឌ្ឍន៍ដាក់លក់វិញ) បានកើនលើស 1000 យូនីតជាប្រចាំខែគិតចាប់ពីខែកក្កដាឆ្នាំនេះមក ដែលធ្វើឲ្យចំនួនលក់នៅបីខែចុងក្រោយបូកបញ្ចូលគ្នាមានជាង 3 000 យូនីត។
សេចក្តីរាយការណ៍របស់សារព័ត៌មាន The Straits Times របស់សឹង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា បានឱ្យដឹងថា ប្រតិបត្តិការទិញពីខុនដូតាម (Resale Condo) មានចំនួន 1,286 យូនីតសម្រាប់ខែកញ្ញាឆ្នាំ ២០២០ នេះ គឺកើនឡើងដល់ទៅ 62% ធៀបនឹងខែកញ្ញាឆ្នាំ 2019។ ចំនួនប្រចាំខែកញ្ញាឆ្នាំនេះ សុទ្ធសឹងច្រើនជាងចំនួនប្រចាំខែក្នុងត្រីមាសទី ៣ កាលពីឆ្នាំ 2019។
លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុនអចលនទ្រព្យ ERA Realty បាននិយាយថាប្រជាជនសឹង្ហបុរីជាច្រើនតែងប្រារព្វពិធីបុណ្យ Hungry Ghost Festival ចន្លោះពីថ្ងៃទី ១៩ សីហា ដល់ ថ្ងៃទី ១៦ ខែកញ្ញា ដែលតែងធ្វើឲ្យការទិញលក់ផ្ទះ ធ្លាក់ចុះដោយពួកគេមានជំនឿថាមិនត្រូវសម្រេចចិត្តធ្វើអ្វីធំៗនាអំឡុងបុណ្យនេះនោះទេដោយគិតថាមិនមានហុងស៊ុយ។ តែផ្ទុយទៅវិញ សូម្បីតែពេលនោះ ក៏ការទិញលក់ផ្ទះនៅតែមានកំណើនដដែលនៅឆ្នាំ 2020 នេះ។
លោកបានបន្តថា៖«ហេតុផលមួយគឺអ្នកទិញលំនៅឋានមួយចំនួនជឿថាផលប៉ះពាល់ដ៏អាក្រក់បំផុតពីជំងឺកូវីដ-១៩ បានផុតរលត់ទៅហើយៗជាពេលវេលាដែលចាប់ផ្តើមប្រឡូកចូលក្នុងទីផ្សារវិញ។ មែនទែនទៅការដែលភ័យខ្លាចរឿងផលប៉ះពាល់នៃជំងឺរាតត្បាតនេះ គឺវាធំធេងជាងបញ្ហាហ៊ុងស៊ុយនៃការប្រារព្ធពិធីបុណ្យ Hungry Ghost Festival នេះទៅទៀត»។
បើទោះបីតម្រូវការមានការកើនឡើងខ្លាំងក្នុងកញ្ញានេះ តម្លៃទីផ្សារខុនដូដាក់លក់ចេញទៅវិញនៅតែរក្សាតម្លៃថេរ។ ភាគច្រើននៃប្រតិបត្តិការទិញខុនដូប្រភេទនេះមានទំហំចាប់ពី ៧៤ម៉ែតការ៉េ ដល់១១១ម៉ែត្រការ៉េក្នុងមួយយូនីត ហើយតម្លៃខុនដូប្រភេទនេះនៅក្នុងតំបន់ Tanglin ដែលជាតំបន់បណ្តុំដោយលំនៅឋានសម្រាប់អ្នកមាន និងស្ថានទូត កើនឡើងដល់ជាង ១៦លានដុល្លារក្នុងមួយយូនីត។
រដ្ឋាភិបាលសិង្ហបុរីកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ បានដាក់ចេញបទបញ្ញតិ្តរឹតបន្តឹងថ្មីមួយដល់ម្ចាស់គម្រោងអភិវឌ្ឍខុនដូ ដែលផ្តល់ជម្រើសក្នុងការលក់ខុនដូដល់អតិថិជន។ បទបញ្ញតិ្តនេះគឺតម្រូវឱ្យអ្នកទិញត្រូវស្នើសុំសិទ្ធដើម្បីទិញពីម្ចាស់គម្រោងក្នុងរយៈពេលបីសប្តាហ៍ ជាមួយនឹងការបង់ប្រាក់កក់មុន៥%នៃតម្លៃខុនដូនោះ។
សម្រាប់លោក Mak ការណ៍នេះនឹងធ្វើឱ្យអតិថិជនងាកទៅរកទីផ្សារខុនដូទិញបន្តពីអ្នកទិញមុន (Resale Condo) ច្រើនជាងមុន ជាជាងការទិញខុនដូពីក្រុមហ៊ុនបើកលក់ថ្មីផ្ទាល់។