គម្រោងអភិវឌ្ឍបុរីលំនៅឋាននៅតែបន្តមានកំណើនល្អ

Bunthoeun Chhut 13/October/2020 15:02
ចែករំលែក

ភ្នំពេញ៖ ​គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាននៅតែមានកំណើន ដែលមាន១២គម្រោងបានបើកដំណើរការដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

​របាយកាណ៍ដែលចេញផ្សាយកាលពីចុងសប្តា​ហ៍មុនបានបង្ហាញថា​ គម្រោងដែលបើកដំណើរការថ្មីទាំងនេះគ្រប់ដណ្តប់ក្នុងខណ្ឌចំនួន៦ មានដូចជាខណ្ឌសែនសុខ កំបូល ព្រែកភ្នៅ ដង្កោ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ ក្នុងចំណមនោះខណ្ឌសែន​សុខមានចំណែក៦០ភាគរយនៃគម្រោងលំនៅឋានថ្មីសរុប​ដែលបើកដំណើរការ។

ទោះបីស្ថិត​ក្នុងស្ថានភាព​ឱនភាពសេដ្ឋកិច្ចដែលបង្កផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីឌ-១៩ តែតម្លៃទីផ្សារ​លំនៅឋានបុរីនៅតែបន្តកើនឡើង។ បើតាមប្រភពដដែលបានគូសបញ្ជាក់ថា ទីផ្សារប្រភេទផ្ទះល្វែង (flat)​ ជាមធ្យមមានតម្លៃ10,7000 ដុល្លារក្នុងមួយល្វែង កើនឡើង3.4% បើធៀបនឹងត្រីមាសទី១។ ចំណែកឯផ្ទះប្រ​ភេទ Linkhouse មានតម្លៃជាមធ្យម 14,3000 ក្នុងមួយល្វែង (កើនឡើង12.5%), ផ្ទះប្រភេទអាជីវកម្ម Shophouse មានតម្លៃជាមធ្យម 23,8000 ក្នុងមួយល្វែង (កើនឡើង5.4%) និងផ្ទះ​ប្រភេទវីឡា​ភ្លោះមានតម្លៃជាមធ្យម 29,7000 ក្នុងផ្ទះមួយ (កើនឡើង9.2%)។

​លោកស្រី ហ្គ្រេស រចនី អគ្គនាយិការក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានលើកឡើងថា តម្រូវការលំនៅឋាន​បុរីដែលមានតម្លៃ​មធ្យមនៅតែរក្សាបានដំណើរការល្អ ដោយសារតែម្ចាស់គម្រោងផ្តោតលើអតិថិជន​ក្នុងស្រុក។

លោកស្រី​បានថ្លែងថា៖ «ម្ចាស់គម្រោងនៅតែបន្តអភិវឌ្ឍ និងបើកដំណើរការគម្រោង​ថ្មីៗរបស់ពួកគេពីមួយដំណាក់កាលទៅមួយដំណា​ក់កាល ដែលមិនឃើញជាសញ្ញាណាមួយដែលថាការផ្គត់ផ្គង់នេះលើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងវិញទៀតម្ចាស់គម្រោងប្រើប្រា​ស់យុទ្ធសាស្រ្ត ដែលផ្តល់លក្ខណ្ឌក្នុងការលក់ទៅឱ្យអតិថិជនមានភាពងាយស្រួលជាងឆ្នាំមុន។»

យ៉ាងណាមិញ លោកស្រីបានគូសបញ្ជាក់ថា ប្រសិនបើគម្រោងលំនៅឋានដែលមានតម្លៃចាប់ពី ២០ម៉ឺនទៅ៣០ម៉ឺនដុល្លារក្នុងមួយល្វែង នោះអាចមានផលវិបាកក្នុងការលក់ ព្រោះអតិថិមួយចំនួនពឹង​ផ្អែកលើប្រាក់បៀរវត្សរ៍ដើម្បីបង់រំលស់ ដែលអា​ចប៉ះពាល់ដោយសារបញ្ហាកូវីឌ-១៩​ ប្រសិនបើពួកគេបាត់បង់ការងារ។

លោកស្រីបានបន្ថែមថា សម្រាប់លំនៅឋានដែលមានតម្លៃមធ្យម​នៅតែដំណើរការល្អព្រោះអតិថិជនទិញគម្រោងលំនៅឋានកម្រិតនេះ គឺទិញដើម្បីរស់នៅ មិនមែន​សម្រាប់វិនិយោគបន្ត​នោះទេ។

គម្រោងអភិវឌ្ឍន៍បុរីលំនៅឋានមួយក្នុងរាជធានីភ្នំពេញ

 គម្រោងអភិវឌ្ឍន៍បុរីលំនៅឋានមួយក្នុងរាជធានីភ្នំពេញ 


អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង