ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងបានទទួលគម្រោងវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យចំនួន 839 គម្រោង ក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះដោយមានទុនវិនិយោគសរុប ៧៥ លានដុល្លារ។ នេះបើយោងតាមទិន្ន័យបច្ចុប្បន្នភាពពីរដ្ឋបាលខេត្តបាត់ដំបង។
គម្រោងវិនិយោគទាំងនេះគឺគិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ ហើយគម្រោងវិនិយោគភាគច្រើនជាការសាងសង់រោងចក្រ និងការរៀបចំដីឡូតិ៍។
លោក កែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា កំណើនចំនួនរោងចក្រ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាបន្តបន្ទាប់បានជំរុញសកម្មភាពទិញ-លក់ដីកើនឡើងជាពិសេសតំបន់ដែលកំពុងមានកំណើនគម្រោងលំនៅដ្ឋាន។
បើតាមអ្នកឯកទេសដីធ្លីរូបនេះ តម្លៃដីធ្លីស្ថិតនៅក្បែរៗផ្សារណាត់ និងផ្សារបឹងឈូកមានតម្លៃចន្លោះពី១៥០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េដែលជាតម្លៃខ្ពស់ជាងគេក្នុងក្រុងបាត់ដំបងនាពេលបច្ចុប្បន្ន។ ចំណែកឯតម្លៃដីតំបន់ខាងលិចឈៀងខាងជើងនៃក្រុងបាត់ដំបងជិតម្តុំផ្សារភូពុយមានតម្លៃ (ទិញ-លក់) ចន្លោះពី៨០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ខេត្តបាត់ដំបង មានច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរ គឺច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងមានច្រកទ្វារតំបន់ចំនួន៣គឺច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង និងច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត។ បើតាមការបញ្ជក់ពីរដ្ឋបាលខេត្តបាត់ដំបងកន្លងមក ច្រកព្រំដែនទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។
លោក កែវ សារ៉ន បានបន្ថែមថា ស្រុកសំឡូត ស្រុកកំរៀង និងស្រុកសំពៅលូន ជាតំបន់ដែលមានសកម្មភាពទិញ-លក់ដីធ្លីសម្រាប់បម្រើវិស័យកសិកម្មមមាញឹកជាងគេ ព្រោះជាទីតាំងដីអំណោយផលការដាំដុះឈើហូបផ្លែរាប់ចាប់ពីផ្លែធុរេន មៀន និងស្វាយកែវរមៀតជាដើម។ ហើយជាទីតាំងភូមិសាស្រ្តងាយស្រួលដឹកជញ្ជូនសម្រាប់ការនាំចេញផងដែរ។
បើតាមការគូបញ្ជាក់ពីលោកសារ៉ន ទីតាំងដីចម្ការស្ថិតនៅក្នុងស្រុកសំឡូតមានតម្លៃចាប់ពី ៤ ០០០ ទៅ១៧ ០០០ ដុល្លារក្នុងមួយហិកតា។ សម្រាប់ដីចំការក្នុងស្រុកកំរៀងមានតម្លៃចន្លោះពី ៨ ០០០ ទៅ ២០ ០០០ដុល្លារក្នុងមួយហិកតា។ ចំណែកឯកទីផ្សារដីធ្លីចំការស្ថិតក្នុងស្រុកសំពៅលូនមានតម្លៃចន្លោះពី ៣ ៥០០ ទៅ ១០ ០០០ដុល្លារក្នុងមួយហិកតា ហើយតម្លៃដីចំការនៅក្នុងស្រុកទាំងបីនេះគឺអាស្រ័យលើទីតាំង និងសណ្ឋានដីនៅក្នុងស្រុកនីមួយៗ។