ខេត្តប៉ៃលិន៖ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំក្នុងខេត្តប៉ៃលិន ដែលបម្រើដល់វិស័យពាណិជ្ជកម្មក្នុងការធ្វើដំណើរ និងដឹកទំនិញចេញចូលជាមួយខេត្តចន្ទបូរីប្រទេសថៃ កំពុងមានការីកចម្រើនលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ ហើយភាពរីកចម្រើននេះបានជះឥទ្ធិពលជាវិជ្ជមានដល់វិស័យដីធ្លីនៅតំបន់ជុំវិញ។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខេត្តប៉ៃលិន។

បណ្តុំកាស៊ីណូនៅមាត់ច្រកព្រំដែនអន្តរជាតិព្រំ — ប៉ៃលិន-ចន្ទបូរី៖ រូបភាព សហការី
លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានឱ្យដឹងថា ច្រកព្រំដែនអន្តរជាតិនេះបានរួមចំណែកដ៏សំខាន់ក្នុងការជរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត តាមរយៈការទាក់ទាញលើការវិនិយោគផ្សេងៗដូចជារមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋារគារ និងជាពិសេសកាស៊ីណូ។ លោកគូសបញ្ជាក់ថា កាស៊ីណូនៅច្រកព្រំដែនអន្តរជាតិមួយនេះមានប្រមាណ២០ កន្លែងរួមទាំងកាស៊ីណូខ្នាតតូច និងខ្នាតធំ។

លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន
លោកបានបន្តថា៖ «ដីធ្លីនៅតំបន់មាត់ច្រកព្រំដែននេះនៅតែមានហាងឆេងខ្ពស់ជាងគេ បើធៀបនឹងទីផ្សារដីធ្លីនៅក្នុងក្រុងប៉ៃលិន។ ហើយភាពរីកចម្រើននៅច្រកព្រំដែនអន្តរជាតិហ្នឹងក៏ធ្វើឱ្យតម្លៃដីនៅតំបន់នៅក្បែរៗនោះមានទីផ្សារល្អផងដែរ រួមទាំងដីសម្រាប់ធ្វើកសិសកម្ម។»
បើតាមអ្នកឯកទេសដីធ្លីរូបនេះ ទីផ្សារដីធ្លីនៅតំបន់មាត់ច្រព្រំដែនអន្តរជាតិព្រំមានតម្លៃចាប់ពី ៥០ម៉ឺនដុល្លារ ទៅ៨០ម៉ឺនដុល្លារក្នុងមួយហិកតា។ ខណៈដែលទីផ្សារដីធ្លីនៅក្នុងក្រុងប៉ៃលិនមានតម្លៃចន្លោះពី ៥០០ ទៅ ៥៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯតំបន់ដែលនៅជាយៗក្រុងប៉ៃលិនមានតម្លៃជាមធ្យម៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកតុងហៃ បានបន្តថា ដ្បិតមិនទាន់មានការវិនិយោគលើវិស័យកសិកម្មទ្រង់ទ្រាយធំ តែការទិញ-លក់ដីធ្លីសម្រាប់បម្រើវិស័យនេះនៅតែមានតែកំណើនល្អ ព្រោះមានអំណោយទាំងការដាំដុះ និងងាយស្រួលក្នុងការនាំចេញតាមច្រកព្រំដែនអន្តរជាតិព្រំ។
ទិន្ន័យពីរដ្ឋបាលខេត្តប៉ៃលិនបានបង្ហាញថា ផ្ទៃដីដាំដុះកសិកម្មក្នុងខេត្តនេះមាន ៧៥.៩៤៦ហិកតា។ បច្ចុប្បន្នខេត្តប៉ៃលិនមានដំណាំសំខាន់ៗបួនប្រភេទសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ មានដូចជា មៀនប៉ៃលិន (ឬតាងែន មានផ្ទៃដីដាំដុះ៤.៣៨៣ហិកតា) ស្វាយកែរមៀត (៥.៥៦៥ហិកតា) ដំណាំដំឡូងមី (៤២.១១០ហិកតា) និងពោតក្រហម(៧.៧៦១ហិកតា)។
ថ្លែងក្នុងសន្នសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់ខេត្តនាពេលថ្មីៗកន្លងទៅនេះ លោក ធូ ភា អភិរងខេត្តប៉ៃលិន មានប្រសាសន៍ថា៖«ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តបានពង្រីកវិសាលភាពនៃការដាំដុះ និងស្វែងរកទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ប្រទេសថៃ។ ដោយបានធានាបាននូវតម្លៃលើទីផ្សារនឹងនរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។»
បើតាមលោកតុងហៃ តម្លៃដីធ្លីសម្រាប់បម្រើវិស័យកម្មស្ថិតក្នុងស្រុកសាលាក្រៅមានតម្លៃចាប់ពី ៣.០០០ រហូតដល់ ១២.០០០ ដុល្លារក្នុងមួយហិកតា ដោយអាស្រ័យលើចំងាយនៃទីតាំងដី និងសណ្ឋានដីដែលអំណោយផលលើការដំាដុះ។
ប៉ៃលិនជាអតីតទឹកដីក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តបាត់ដំបង ហើយក្រោយមកត្រូវបានបង្កើតជាខេត្តប៉ៃលិននៅចុងឆ្នាំ២០០៨ ដែលមានសណ្ឋានដី ជាតំបន់ខ្ពង់រាប ហើយមានព្រៃភ្នំពណ៌ខៀវស្រងាត់ និងស្រស់បំព្រង។ ខេត្តប៉ៃលិនមានទំហំផ្ទៃដីសរុប ១.០៦២ គីឡូម៉ែត្រការ៉េ ហើយចែកចេញជាក្រុងប៉ៃលិន និងស្រុកសាលាក្រៅដែលមាន៤សង្កាត់ និង៤ឃុំ ភូមិចំនួន ៩០ ភូមិ។

ច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ទិដ្ឋភាពក្នុងក្រុងប៉ៃលិន

ទិដ្ឋភាពក្នុងក្រុងប៉ៃលិន