ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប AEON Mall Co., Ltd ដែលជាប្រតិបត្តិករវិស័យលក់រាយធំជាងគេរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លសាខាទី៣នៅកម្ពុជាជាផ្លូវការនៅថ្ងៃពុធទី ៧ តុលានេះ បន្ទាប់ពីដំណើរការល្អសាខាទី១ និងសាខាទី២។
គម្រោងអភិវឌ្ឍន៍ផ្សារទំនើបអ៊ីអនម៉លទី៣ ឬផ្សារទំនើបអ៊ុអនម៉លមានជ័យ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះមានការចូលរួមពីសំណាក់ឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង។ ផ្សារទំនើបអ៊ីអនម៉លមានជ័យ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ខាងមុខ ហើយនឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ (ចុចទីនេះមើលពីទំហំផ្ទៃក្រលាសាខាផ្សារទំនើបអ៊ីអននៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន)
ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះគ្របដណ្តប់លើទំហំផ្ទៃដី 174,000 ម៉ែត្រការ៉េ ដែលទំហំនេះធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ បើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000ម៉ែត្រការ៉េ)។
អ្នកឯកទេសខាងវិស័យដីធ្លីមើលឃើញថា ការអភិវឌ្ឍផ្សារទំនើបអ៊ីអនម៉លទី៣នេះ នឹងជួយអភិវឌ្ឍន៍ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញឱ្យកាន់លេចធ្លោ ហើយថែមទាំងបង្កើនសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។
កញ្ញា លី សុខា ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខណ្ឌមានជ័យ បានឱ្យដឹងថា វត្តមានផ្សារទំនើបមួយនេះនឹងបង្កើតឱ្យមានបរិយាកាសរស់នៅ និងចរន្តសេដ្ឋកិច្ចអ៊ូអរជាងបច្ចប្បន្ន ខណៈដែលគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗ និងផ្សារទំនើបផ្សេងៗទៀតកំពុងអភិវឌ្ឍនៅតំបន់នេះជាហូរហែរ។
អ្នកឯកទេសដីធ្លីរូបនេះបានបន្តថា៖ «វត្តមានផ្សារទំនើបនេះនឹងជួយបង្កើនសន្ទុះទីផ្សារដីធ្លីថែមទៀតនៅក្នុងតំបន់ខណ្ឌមានជ័យ និងតំបន់ក្បែរៗគម្រោងនេះដូចជាខណ្ឌដង្កោ (ជាប់ព្រំប្រទល់នឹងខណ្ឌមានជ័យ) និងទីតាំងដីក្នុងខេត្តកណ្តាល។»
របាយការណ៍សន្ទស្សន៍ដីធ្លីរបស់ក្រុមហ៊ុនឯកទេសវាយតម្លៃអចលនទ្រព្យ Vtrust Appraisal បានង្ហាញថា ទីផ្សារដីធ្លីក្នុងខណ្ឌមានជ័យនាពេលបច្ចុប្បន្នមានតម្លៃចាប់ពី ២០០ ដុល្លារ រហូតដល់ ៤៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងនៃដី។
បើតាមរបាយការណ៍ព្យាការណ៍របស់ក្រុមហ៊ុននេះ ក្នុងកម្រិតស៊ីណារីយ៊ូធម្មតាការផ្គត់ផ្គង់លំនៅឋាន (landed housing) នៅទូទាំងខណ្ឌមានជ័យនឹងកើនដល់ប្រមាណ 32,000 យូនីតនៅត្រឹមដើមឆ្នាំ២០៣០។ ហើយអត្រាកំណើនប្រជាជនទៅរស់នៅតំបន់នោះនឹងមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារបរិយាកាសអំណោយផល និងភាពទាក់ទាញក្នុងការរស់នៅជាពិសេសអ្នកដែលមានចំណូលមធ្យម។

ពិធីបើកការដ្ឋានសាងសង់ AEON Mall III។ រូបភាព៖ ទទក