កំពូលមហាសេដ្ឋីទាំងនេះប្រាប់ពីកំហុស៧យ៉ាងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដែលអ្នកគួរជៀសវាង

Bunthoeun Chhut 29/April/2021 12:00
ចែករំលែក

មានរឿងពីរយ៉ាងដែលយើងដឹងច្បាស់ពីមហាសេដ្ឋីក្នុងពិភពលោក គឺលោកអ្នកប្រាកដជាដឹងច្បាស់ហើយថាអ្វីដែលពួគគេត្រូវចំណាយ ហើយអ្វីដែលមិនគួរខ្ជះខ្ជាយក្នុងចំណាយលុយកាក់របស់ពួកគេ។ ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកមាន ហើយមានភាពឆ្លាតវៃក្នុងគ្រប់គ្រងហិរញ្ញវត្ថុ លោកអ្នកគួររៀនសូត្រពីមហាសេដ្ឋីលំដាប់ពិភពលោក ដូចជាសហស្ថាបនិកក្រុមហ៊ុន Microsoft​ លោក Bill Gates, អតីតនាយកប្រតិបត្តិក្រុមហ៊ុន Googleគឺលោក Eric Schmidt និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកWarren Buffett។ ខាងក្រោមនេះគឺជាទម្លាប់ទាំង៧យ៉ាងដែលមហាសេដ្ឋីក្នុងពិភពលោកតែងតែធ្វើ ហើយក៏អាចយកមកអនុវត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នកផងដែរ៖

1) មិនចំណាយប្រាក់ទៅលើថ្លៃឈ្នួលផ្សេងៗដែលមិនចាំបាច់៖ អ្នកមានដឹងថាថ្លៃឈ្នួលគឺជាការខ្ជះខ្ជាយពេលវេលានិងប្រាក់កាស ដូចនេះហើយពួកគេតែងតែបង់វិក័យប័ត្រអោយទាន់ពេលវេលា។ ដែលពួកគេតែងប្រើប្រាស់ប្រព័ន្ធទូទាត់ស្វាយប្រវត្តិដើម្បីជៀសវាងការផាកពិន័យចំពោះភាពយឺ​តយ៉ាវ ដូចជាការបង់វិក័យបត្រឥណទាន ប្រាក់កម្ចី និងសេវាសាធារណៈផ្សេងៗទៀត។ នេះគឺជាឧទាហរណ៍មួយ​ក្នុងចំណោមសកម្មភាពផ្សេងៗទៀតដែលទាក់ទងនឹងការចំណាយទៅលើថ្លៃឈ្មួលដែលមិនចំាបាច់។

2) មិនព្រងើយកន្តើយចំពោះពិន្ទុឥណទាន៖ ពិន្ទុឥណទានដើរតួនាទីសំខាន់ក្នុងការកំណត់អត្រាការប្រាក់របស់អ្នក។ នេះមានន័យថា បើអ្នកអាចរក្សាពិន្ទុឥណទានខ្ពស់ នោះនឹងជួយឱ្យអ្នកអាចទទួលបានអត្រាការប្រាក់ទាប ហើយថែមជួយសន្សំការប្រាក់បានរាប់ពាន់ដុល្លារផងដែរ ។ អ្នកមានយល់ដឹងពីរឿងនេះយ៉ាងច្បាស់ ហើយមិនដែលព្រងើយកន្តើយចំពោះពិន្ទុឥណទានរបស់ពួកគេឡើយ។ ពួកគេតែងតែពិនិត្យមើលពិន្ទុឥណទានរបស់ពួកគេហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីរក្សាវាឱ្យបានល្អ។ ព្រោះការទទួលបានពិន្ទុឥណទានទាប ​ជាឧបសគ្គមួយដែលពិបាកនឹងទទួលបានកម្ចីឥណនទានពីធនាគារ។

3) មិនចំណាយលើសកំណត់ទៅលើសំភារៈឥតប្រយោជន៍៖ យើងឃើញអ្នកមានមួយចំនួន តែងចំណាយប្រាក់រាប់សិបលានទៅលើរបស់មិនចាំបាច់ ហើយមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការរស់នៅរបស់ពួកគេ។ ជាឧទាហរណ៍ តា​រាចម្រៀងជនជាតិអាមេរិកកាំង Cardi B ជិះឡានម៉ាក Lamborghini មានតម្លៃរហូតទៅដល់ ៥០ ម៉ឺនដុល្លា។ ប៉ុន្តែបុគ្គលវៃឆ្លាតជាមនុស្សដែលពូកែទុកដាក់លុយកាក់ និងពូកែសន្សំសំចៃ។ តួយ៉ាងដូចជា មហាសេដ្ឋីBill Gates លោកពាក់នាឡិការដៃតម្លៃត្រឹមតែ ១០ដុល្លាប៉ុណ្ណោះ។ ចំណែកឯមហាសេដ្ឋី​ Warren Buffett បរិភោគអាហារពេលព្រឹកដដែលៗក្នុងហាង McDonald ដែលមានតម្លៃមិនលើស៣ដុល្លារផង។ សម្រាប់មហាសេដ្ឋីវ័យក្មេងដែលជាសហ-ស្ថាបនិកក្រុមហ៊នហ្វេសប៊ុកគឺលោក Mark Zuckerberg ប្រើប្រាស់ឡានVolkswagen ម៉ាកធម្មតាៗ។

4) មិនចាញ់បោកចំពោះការឃោសនាទីផ្សារ៖ ការធ្វើទីផ្សារមានស្ទើរតែគ្រប់កន្លែងហើយអ្នកមានតែងតែជៀសវាង ដោយធ្វើការប្រៀបធៀបជាមួយនឹងទំនិញខាងក្រៅ។ បើទោះបីជាតម្លៃរបស់ទំនិញនោះល្អ ក៏ពួកគេនៅតែថ្លឹងថ្លែងពីអត្ថប្រយោជន៍ គុណភាព បើធៀបនឹងតម្លៃរបស់ទំនិញនោះដែរ។ ដើម្បីប្រកាន់យកទម្លាប់នេះ អ្នកគួរតែធ្វើការស្រាវជា្រវ និងពិចារណាទៅលើចំនុចសំខាន់ៗមុនពេលសម្រេចចិត្តទិញអ្វីមួយ។ តាមរយៈការទិញរបស់ថ្លៃតែមានគុណភាពខ្ពស់អាចប្រើក្នុងរយៈពេលច្រើនឆ្នាំ ហើយជួយសន្សំសំចៃពេលវេលា និងថវិការបស់អ្នកក្នុងការជួលជុលឬផ្លាស់ប្តូររបស់ដែលមានគុណភាពអន់។

លោក Eric Schmidt៖ រូបភាព Google

5) មិនប្រកួតប្រជែងជាមួយទីផ្សារ៖ មហាសេដ្ឋីនិងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt មានប្រសាសន៍ថា ការជួញដូររយៈពេលខ្លី (ឧទាហរណ៍ការទិញឬលក់ភាគហ៊ុនដោយផ្អែកលើស្ថានភាពទីផ្សារប្រចាំថ្ងៃ) នឹងមិនធ្វើឱ្យអ្នកក្លាយជាអ្នកមានទេ។ គាត់តែងតែគិតវែងឆ្ងាយហើយមិនដែលព្យាយាមប្រកួតប្រជែងជាមួយទីផ្សារឡើយ។ លោក Warren Buffett ក៏លើកទឹចិត្តឱ្យប្រើប្រាស់យុទ្ធសាស្ត្ររយៈពេលវែងនេះផងដែរ។ ពីរបីថ្ងៃបន្ទាប់ពីគាត់បានចេញផ្សាយលិខិតប្រចាំឆ្នាំរបស់ Berkshire Hathaway ទៅម្ចាស់ភាគហ៊ុនកាលពីដើមឆ្នាំនេះ មហាសេដ្ឋីរូបនេះបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ CNBC ហើយបានពន្យល់ពីមូលហេតុដែលយុទ្ធសាស្រ្តវិនិយោគរយៈពេលវែងដូចជាប្រភេទនៃការវិនិយោគម្យ៉ាងគេស្គាល់ថា មូលនិធិសន្ទស្សន៍ (index funds) នៅតែជាមធ្យោបាយវិនិយោគដ៏ល្អ​ប្រសើររហូតមកដល់បច្ចុប្បន្ននេះ។

6) មិនពឹងផ្អែកលើប្រភពចំនូលតែមួយមុខ៖ ការមានប្រាក់ចំណូលច្រើនកន្លែងនឹងជួយអ្នកឱ្យរកលុយបានកាន់តែច្រើន ហើយអ្នកមានមិនដែលពឹងផ្អែកលើប្រភពចំណូលតែមួយមុខនោះទេ។

7) មិនងប់ងល់ជាមួយសម្ភារៈនិយម៖ យោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់វេបសាយការងារ CareerBuilder បានបង្ហាញថា ៧៨ភាគរយនៃពលករអាមេរិករស់នៅដោយពឹងផ្អែលើប្រាក់ខែ។ អ្នកមានទ្រព្យសម្បត្តិបានអោយដឹងថាការដែលមានជីវភាពល្អគឺអាស្រ័យទៅលើការគិតរបស់មនុស្សម្នាក់ៗ។ លោក Buffett បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថាលោកមិនដែលមានទូរស័ព្ទ iPhone ទេ រហូតដល់ពេលមួយដែលគាត់ទទួលវាជាការដូរ ប៉ុន្តែគាត់មិនប្រើវាឡើយ។ មិត្តភក្តិ អ្នកជិតខាង ឬអ្នករួមការងារជាមួយអ្នក អាចនឹងមានឧបករណ៍បច្ចេកវិទ្យាថ្មីបំផុតប្រើប្រាស់។ ប៉ុន្តែនេះមិនមានន័យថាអ្នកក៏ត្រូវការវាដែរទេ។ ការមានរបស់ទំនើបប្រើប្រាស់មិនមានន័យថាធ្វើអោយជីវិតអ្នកល្អប្រសើឡើយ ពោលគឺបុគ្គលិកលក្ខណៈរបស់អ្នកគឺសំខាន់ជាងការយល់ឃើញពីអ្នកដទៃ។ ដូចនេះត្រូវសម្រេចចិត្តធ្វើអ្វីសម្រាប់ជីវិតរបស់អ្នកនៅពេលបច្ចុប្បន្ន និងទៅអនាគត កុំអោយអ្នកផ្សេងធ្វើការសំរេចចិត្តជំនួសអ្នកឱ្យសោះ។


អត្ថបទប្រែសម្រួល៖ CNBC 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង