ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី(FTA) នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ហើយនឹងឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការនាពេលខាងមុខ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីភាគីទាំងពីរ បានធ្វើការចរចារចំនួន២ជុំរួចមកហើយ តាមរយៈប្រពន្ធវីឌីអូកាលពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២០ កន្លងទៅនេះ និងត្រៀមចរចារនៅជុំបន្ទាប់។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២ ខែតុលា។
សេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីកម្ពុជា-កូរ៉េ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងជួយបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជាតាមរយៈការនាំចេញ និងបង្កើនការវិនិយោគនៅកម្ពុជា។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយឱ្យកម្ពុជាទទួលបាននូវទីផ្សារនាំចេញសម្រាប់ផលិតផលរបស់កម្ពុជាកាន់តែសំបូរបែប និងឱកាសកាន់តែប្រសើរជាងមុនលើការនាំចេញផលសក្តានុពលរបស់ខ្លួនទៅកាន់ទីផ្សារកូរ៉េ។»
ក្រសួងសេដ្ឋកិច្ចបានបន្តថា៖ «ក្រៅពីរបាំងពន្ធគយត្រូវបានកាត់បន្ថយនោះ វិធានការមិនមែនពន្ធ និងវិធានការដើមកំណើតក៏ដូចជាបែបបទ និងនិតិវិធីពាក់ព័ន្ធនឹងពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឱ្យប្រសើរឡើង និងមានលក្ខណៈប្រសើរជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។»
យោងតាមទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់១ពាន់លានដុល្លារកាលពីឆ្នាំ២០១៩ កើនឡើង៦ ភាគរយបើធៀបនឹងឆ្នាំ២០១៨។ ទំនិញនាំចូលពីកូរ៉េមកកម្ពុជាភាគច្រើន រថយន្តដឹកទំនិញ និងផលិតផលភេសជ្ជៈ ខណៈកម្ពុជានាំចេញទៅកូរ៉េភាគច្រើនជាផលិតផលសម្លៀកបំពាក់ និងស្បែកជើង។
ទន្ទឹមគ្នានេះដែរ កម្ពុជា និងប្រទេសចិន បានបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីនេះ ហើយតាមការគ្រោងទុកភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាផ្លូវការក្នុងឆ្នាំនេះ។
បើតាមការគូសបញ្ចាក់ពីក្រសួងពាណិជ្ជកម្មកន្លងមក កម្ពុជាក៏មានផែនការចរចារលើកិច្ចព្រមព្រៀងដូចគ្នានេះជាមួយបណ្តាប្រទេសមួយចំនួនទៀតដូចជាប្រទេសជប៉ុន, ចក្រភពអង់គ្លេស ,ឥណ្ឌា, ម៉ុងហ្គោលី, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) និងសហរដ្ឋអាមេរិក។