ជាង៣០គម្រោងទទួលបានភ្លើងខៀវពីរដ្ឋាភិបាលវិនិយោគក្នុងខេត្តកំពង់ស្ពឺ

Bunthoeun Chhut 01/October/2020 16:48
ចែករំលែក

ខេត្តកំពង់ស្ពឺ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោង​វិនិយោគចំនួន ៣២គម្រោងនារយៈពេល៩ខែដំបូងឆ្នាំ២០២០នេះ ដែលមានទុនវិនិយោគសរុបប្រមាណ ២៦៧ លាន​ដុល្លារ។

យោងតាមការ​ចេញផ្សាយរបស់ CDC ដែលជាស្ថានប័នរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេចគម្រោងវិនិយោគនានាដែលត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាល គម្រោងទាំង៣២នេះត្រូវបានអនុម័តពីខែមករា​ ដល់ ដំណាច់ខែកញ្ញា ហើយអាចបង្កើតការងារសរុបជាង ២៨,០០០នាក់។​​

ប្រភពដដែលបានបន្តថា គម្រោងវិនិយោគទាំងនេះភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ ក្រៅពីនេះ ក៏មានរោងចក្រផលិត និងផ្គុំដំឡើង​បន្ទះសូឡា រោងចក្រផលិតសំបកកង់រថយន្ត គ្រឿងបង្គុំកង់រថយន្ត និងរោងចក្រកែច្នៃផ្លែឈើជាដើម។

គម្រោងទាំងនេះគ្របដណ្តប់ក្នុងស្រុកមួយចំនួននៃខេត្តកំពង់ស្ពឺ មានដូចជាស្រុកសំរោងទង គងពិសី ឱរ៉ាល់ ឧដុង្គ បរសេដ្ឋ ភ្នំស្រួច និង​ក្រុងច្បារមន។ ក្នុងនោះស្រុកគងពិសី ទទួលបានគម្រោងវិនិយោគច្រើនជាងគេ​ រហូត​ដល់ ១២គម្រោងនៃគម្រោងវិនិយោគសរុប ហើយបន្ទាប់មកគឺស្រុកសំរោងទងទទួលបាន៩ គម្រោង​។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា វិនិយោគិនថ្មីៗនៅតែបន្តស្នើសុំការវិនិយោគលើរោងកច្រក្នុងខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលខេត្តបានលើកទឹកចិត្តឲ្យម្ចាស់គម្រោងទៅវិនិយោគនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់នោះ។

លោកសំណាងបានថ្លែងថា៖«រោងចក្រដែលវិនិយោគនេះមិនមែនមាន​តែនៅស្រុកគងពិសីទេ គឺយើង​ខិតខំទាក់ទាញអ្នកវិនិយោគដាក់នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ (តាមបណ្តយផ្លូវជាតិលេខ ៤១) … ហើយឥឡូវនេះ យើងខិតខំរុញទៅផ្លូវលេខ ៤៤។»

កំណាត់ផ្លូវជាតិលេខ ៤៤ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ជាទីតាំងភូមិសាស្រ្តដែលមានការទាក់ទាញគម្រោងវិនិយោគឧ្សាហកម្មលេចធ្លោមួយបន្ទាប់ពីខេត្តកណ្តាល ព្រោះជា​ខេត្តដែលស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយក៏ជាខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗមួយចំនួនទៀតផងដែរ។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តំបន់ដែលស្ថិតតាមបណ្តោយកំណាត់ជាតិលេខ ៥១ ៤១ ៤៤ និងកំណាត់ផ្លូវជា​តិលេខ៣ ជាតំបន់ដែលទាក់ទាញការវិនិយោគលើវិស័យដីធ្លីជាងគេនាពេលបច្ចុប្បន្ន​។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ

លោកសេងហ៊ួ បានថ្លែងថា៖ «​ទីតាំងទាំងនេះសុទ្ធសឹងជាតំបន់មានសក្តានុពលសម្រាប់ការវិនិយោគដីធ្លីទទួលបានផលចំណេញ ព្រោះតម្លៃទីផ្សារនឹងបន្តកើនឡើង ដោយសារ​ទីតាំងទាំងនេះទាក់ទាញការវិនិយោគនានា ជាពិសេសរោងចក្រឧស្សាហកម្ម។»

របាយការណ៍សន្ទស្សន៍ដីធ្លីក្នុងខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន VTrust Appraisal ដែលជាក្រុមហ៊ុន​​ឯ​ក​ទេសខាងវាយតម្លៃអចលនទ្រព្យបានបង្ហាញថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិ​លេខ ៤៤ ដែលមានចំងាយពីទី​រួមខេត្តប្រមាណ ៧ គីឡូម៉ែត្រ អាចមានតម្លៃ ១ម៉ឺន ៣ ពាន់ដុល្លារ​ក្នុង​មួយម៉ែត្រដើរ (ទំហំដីក្បាលដី ១៥ ម៉ែត្រ និងមានបណ្តោយចន្លោះពី ៦៥ ទៅ ៧០​ ម៉ែត្រ)។ សម្រាប់ទីតាំងដែលនៅក្បែរោងចក្រ មានតម្លៃរហូតដល់ទៅ ២ ម៉ឺន​ដុល្លារក្នុង​មួយម៉ែត្រដើរ (ទំហំក្បាលដីចន្លោះពី ៨០ ទៅ ១០០ ម៉ែត្រ និងមានបណ្តោយ៦០ ម៉ែត្រ) ។

របាយការណ៍៍ដដែលបានបន្ថែមថា​ តម្លៃដីនៅតាមបណ្តោយផ្លូវជាតិ​លេខ ៤១ ចាប់ពីចំណុចហួសផ្សារវត្តអង្គ មានតម្លៃដាក់លក់ (asking price) ចន្លោះពី ២៥ ទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ​។ ប៉ុន្តែតម្លៃលក់ជាក់ស្តែងអាចថយនៅត្រឹម ២១ ទៅ ២២ ដុល្លារ​ក្នុងម៉ែត្រការ៉េប៉ុណ្ណោះ។ ដោយឡែកទីតាំងដែលក្បែរៗរោងចក្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ នេះអាចមានតម្លៃចន្លោះពី ៥០ ទៅ ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កំណាត់ផ្លូវជាតិលេខ ៤១ ក្នុងខេត្តកំពង់ស្ពឺ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង