កំហុស ៣ យ៉ាងទាក់ទងនឹងការចាត់ចែងលុយកាក់ដែលគួរជៀសវាងសម្រាប់អ្នកមានវ័យ ៣០ឆ្នាំឡើង

Bunthoeun Chhut 01/October/2020 14:55
ចែករំលែក

រាល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលយើងកំពុងធ្វើនៅពេលយើងមានវ័យ ៣០ ឆ្នាំ ឬលើសពីនេះសុទ្ធតែមានឥទ្ធិពលខ្លាំងដល់អនាគតរបស់យើង។

លោកស្រី Marguerita Cheng អ្នករៀបចំផែនការហិរញ្ញវត្ថុនិងជាសហស្ថាបនិកនៃក្រុមហ៊ុន Blue Ocean Global Wealth ត្រូវបានស្រង់សំដីដោយសារព័ត៌មាន CNBC Make It ថា៖«លុយគឺជាឧបករណ៍មួយ។ នៅពេលដែលយើងចេះប្រើប្រាស់លុយដោយឈ្លាសវៃ យើងអាចរស់នៅក្នុងស្ថានភាពជីវិតដែលយើងចង់បាន»។

ខាងក្រោមនេះគឺជាកំហុសផ្នែកហិរញ្ញវត្ថុ ៣ ធំៗដែលគ្រប់គ្នាគួរជៀសវាង នៅពេលមានវ័យ ៣០ ឆ្នាំ បើសិនជាអ្នកមិនចង់ស្តាយក្រោយនៅពេលអាយុកាន់តែច្រើនទៅ។

1.      មិនបានរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់ៈ ប្រសិនបើអ្នកមិនទាន់បានរៀបចំផែនការហិរញ្ញវត្ថុនៅឡើយទេ វ័យ៣០ឆ្នាំគឺជាពេលល្អដែលគួរតែចាប់ផ្តើមទាំងផែនការរយៈពេលខ្លីនិងវែង។ ​នេះបើយោងតាមលោក Ryan Marshall អ្នករៀបចំផែនការផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Ela Financial Group

លោកបានថ្លែងថា៖«មនុស្សវ័យ ៦០ឆ្នាំ ដែលគាត់បានជួបភាគច្រើនតែងមានក្តីប្រាថ្នាមួយដែលពួកគេអាចត្រលប់ទៅចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុនិងគោលដៅមុនចូលនិវត្តន៍កាលពីពួកគេមានអាយុទើបតែ ៣០ឆ្នាំឬក្មេងជាងនេះ»។

បន្ថែមលើនេះ លោក Douglas Boneparth ដែលជាប្រធាននិងជាស្ថាបនិកក្រុមហ៊ុន Bone Fide Wealth បានមានប្រសាសន៍ថាវ័យ ៣០ ឆ្នាំ គឺជាពេលល្អសម្រាប់អ្នកចង់សន្សំប្រាក់ក្នុងចំនួនច្បាស់លាស់មួយមុនពេលចូលនិវត្តន៍មិនថាតាមរយៈការទិញផ្ទះ ឬ បង្កើតមូលនិធិនោះទេ។

លោកបន្តថា៖«ការមិនកំណត់គោលដៅពិតប្រាកដគឺជាកំហុសធំបំផុតដែលមនុស្សក្នុងវ័យ ៣០ ឆ្នាំជាច្រើននាក់តែងជួបប្រទះ។ ការកំណត់គោលដៅច្បាស់លាស់ជួយយើងឲ្យអាចរៀបចំពេលវេលាដើម្បីសម្រេចនូវគោលដៅជីវិតធំៗដូចជា​ សេរីភាពផ្នែកហិរញ្ញវត្ថុ ការទិញផ្ទះ មានកូន ឬក៏ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន»។

2.    មិនបានសន្សំប្រាក់ទុកពេលចូលនិវត្តន៍ៈ អ្នកជំនាញផ្នែកហិរញ្ញវត្ថុតែងតែសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការចាប់ផ្តើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ជាមុន។​ លោក Kaleb Paddock  អ្នករៀបចំផែនការផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Ten Talents Financial Planning នៅ Parker ក្រុង Colorado បាននិយាយថា៖«អ្នកដែលមានអាយុខ្ទង់ ៣០ ឆ្នាំមានឱកាសយ៉ាងច្រើនក្នុងការរកប្រាក់ចំណូល ទោះបីជាចាប់ផ្តើមពីការវិនិយោគតូចមួយក៏ដោយក៏អាចកើនឡើងច្រើនដែរបើយើងចាប់ផ្តើមតាំងពីអាយុ ៣០ ឆ្នាំនោះ»។

លោក Paddock មានប្រសាសន៍ថា៖ «ពេលដែលអ្នកចង់រៀបចំផែនការហិរញ្ញវត្ថុពេលដែលអ្នកមានវ័យចំណាស់ទៅហើយនោះ អ្នកមិនអាចត្រលប់ពេលវេលាបានទេ។​ ដូច្នេះ នេះគឺជាកំហុសដែលអ្នកគួរជៀសវាង»។ លោកបន្តថា៖«ដាក់គោលដៅថា យក ១៥ ភាគរយនៃប្រាក់ចំណូលរបស់អ្នកដើម្បីទុកសន្សំសម្រាប់អនាគត»

3.     មិនបានតាមដានការចំណាយ៖ នៅអាយុ ៣០ឆ្នាំ អ្នកគួរតែចេះកំណត់ចំណាំថាលុយរបស់អ្នកបានចំនាយទៅលើអ្វីខ្លះ។ Kristin O’Keeffe Merrick ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ O’Keeffe Financial Partners បាននិយាយថា៖«ការចំនាយប្រចាំថ្ងៃដែលមិនចេះគិតអាចនឹងបំផ្លាញទ្រព្យសម្បត្តិឬក៏ចំណូលរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯការចំណាយតិចជាងប្រាក់ចំនូលគឺជាគន្លឹះក្នុងការមានទ្រព្យសម្បត្តិច្រើន។ វាមិនមែនជារឿងងាយស្រួល ប៉ុន្តែប្រាកដណាស់វាជារឿងសាមញ្ញ»។ដើម្បីជៀសវាងការចំណាយច្រើន ដំបូងអ្នកត្រូវដឹងច្បាស់ពីលំហូរសាច់ប្រាក់របស់អ្នក។ ចាប់ផ្តើមពីការតាមដានទម្លាប់ចំណាយក្នុងរយៈពេល ៣០ថ្ងៃ។

បន្ទាប់ពីបានសរសេរចូលនូវមុខទំនិញរួមទាំងប្រាក់ចំណាយសរុបក្នុងមួយខែ អ្នកអាចនឹងកត់ចំណាំពីអ្វីដែលអ្នកចំនាយទៅលើច្រើនជាងគេ ហើយធ្វើការកាត់បន្ថយតាមដែលអាចធ្វើបាន។ លោក Boneparth មានប្រសាសន៍ថា៖«ផ្នែកមួយដ៏លំបាកបំផុតសម្រាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺការធ្វើឱ្យមានតុល្យភាពរវាងការចង់មានជីវិតដែលប្រសើរនិងការសន្សំប្រាក់អោយបានថេរ»។ មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យមានតុល្យភាពនោះគឺត្រូវយល់ឲ្យច្បាស់ពីចំណូលនិងចំណាយរបស់អ្នក»។

លោក Aaron Graham អ្នករៀបចំផែនការហិរញ្ញវត្ថុនៃ  Abacus Planning Group  បាននិយាយថា៖ “លើសពីនេះទៅទៀតអ្នកគួរតែជៀសវាងការមានជីវិតហ៊ឺហារក្នុងវ័យ ៣០ ឆ្នាំ ជាពិសេសនៅពេលដែលប្រាក់ចំណូលអ្នកកើនឡើងហើយអ្នកព្យាយាមបង្កើនប្រាក់ចំណាយដើម្បីសមស្របជាមួយនឹងប្រាក់ចំណូល»។

លោក Graham បាននិយាយថា៖«មនុស្សភាគច្រើនចូលចិត្តបង្ហាញពីជីវិតឡូយឆាយរបស់ពួកគេដោយគិតថា វាសាកសមនិងចំណាយ ឬក៏ធ្វើការប្រៀបធៀបការចំណាយរបស់ខ្លួនទៅនឹងអ្នកដ៏ទៃ។​ ប៉ុន្តែអ្នកគួរតែជៀសវាងការគិតបែបនេះ។ ផ្ទុយទៅវិញអ្នកត្រូវតាមដានលំហូរប្រាក់ចំណូលនឹងទម្លាប់ការចាយរបស់ខ្លួនអោយបានហ្មត់ចត់»។

ប្រភព៖ CNBC 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង