តំបន់មួយនេះក្នុងខេត្តកោះកុងមានសកម្មភាពវិនិយោគដីធ្លីលេចធ្លោជាងគេ

Bunthoeun Chhut 30/September/2020 14:56
ចែករំលែក

ខេត្តកោះកុង៖  តំបន់មួយកន្លែងឋិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុងកំពុងបង្កើនសក្តានុពលវិនិយោគ និង​មានប្រតិបត្តិការទិញ-លក់ដីធ្លីមមាញឹកជាងគេ​នាពេលបច្ចុប្បន្ន ដោយសារតែតំបន់មួយនេះមាន គម្រោងអភិវឌ្ឍន៍លំនៅឋានច្រើ​ន​ រួមទាំងកន្លែងបើកអាជីវកម្មខ្នាតតូចផងដែរ។

លោកទុយ ប៉ោហេង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding  ប្រចាំខេត្តកោះកុង បានឱ្យដឹ​ងថា សង្កាត់ស្ទឹងវែង មានការអភិវឌ្ឍលំនៅឋានជាង១០គម្រោង​រួមមានគម្រោងផ្ទះល្វែង និងបុរី ដែល​តម្លៃជាមធ្យមចន្លោះពី ១៨,០០០ ដុល្លារទៅ២៥,០០០ដុល្លារក្នុងមួយល្វែង ដោយ​អាស្រ័យលើទំហំនៃផ្ទះ។ លោកបន្តថា សកម្មភាពទាំងនេះកំពុង​បង្កើនតម្លៃទីផ្សារដីធ្លីក្នុងសង្កាត់ស្ទឹងវែងរួមទាំងតំបន់ជុំវិញផង​ដែរ។

លោកទុយ ប៉ោហេង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding  ប្រចាំខេត្តកោះកុង

លោកថ្លែងថា៖ «ប្រតិបត្តិការទិញ-លក់ដីធ្លីមានសកម្មភាពផុសផុលច្រើនជាងគេនៅតំបន់នេះព្រោះមានអ្នកចំណូលថ្មីជាច្រើនចូលមករស់នៅជាបន្តបន្ទាប់ ព្រមទាំងមានកំណើននៃការបើកកន្លែងធ្វើអាជីវកម្មនានាផងដែរ។ មួយវិញទៀត តម្លៃដីធ្លីនៅសង្កាត់ស្ទឹងវែងនៅធូរថ្លៃជាងគេនៅឡើយបើធៀបនឹងសង្កាត់ផ្សេងៗទៀតក្នុងក្រុងខេមរភូមិន្ទនេះ។»

លោក ប៉ោហេងដែលចុះស្រាវជ្រាវពីទីផ្សារដីធ្លីក្នុងខេត្តជាប់សមុទ្រមួយនេះបានបន្តថា៖«កត្តាសំខាន់ៗផ្សេងៗទៀតដូចជាតំបន់សេដ្ឋកិច្ចពិសេស​ និងសកម្មភាពដោះដូរពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាមជាមួយប្រទេសថៃ កំពុងជំរុញកំណើនសេដ្ឋកិច្ចសេដ្ឋកិច្ចខេត្ត ហើយទាក់ទាញអ្នកចំណូលថ្មី និងអ្នកវិនិយោគជាហូរហែរ។»

ក្រុង​ខេមរភូមិន្ទមានសង្កាត់ចំនួន​បីគឺសង្កាត់ដងទង ស្មាច់មានជ័យនិងសង្កាត់ស្ទឹងវែង ដែលឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ឆ្ពោះទៅកាន់ស្រុកមណ្ឌលសីមា ដែលជាទីតាំងច្រកព្រំដែនអន្តរជាតិចាំយាម និងតំបន់សេដ្ឋកិច្ចពិសេសកោះកុង។​

បើតាមលោកប៉ោហេង ហាងឆេងដីធ្លីតាមបណ្តោយផ្លូវសិរីការក្នុងសង្កាត់ស្ទឹងវែងមានតម្លៃដាក់លក់ចន្លោះពី ៤០ ទៅ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯតម្លៃដីនៅតាមបណ្តោយផ្លូលជាតិលេខ ៤៨ ដែលមានចំងាយ៥គីឡូម៉ែត្រពីរួមខេត្តមានតម្លៃដាក់លក់ចន្លោះពី ៩០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ទីតាំងដីនៅក្នុងក្រុងចេញពីចំនុចរង្វង់មូលធនាគារអេស៊ីលីដា ឆ្ពោះទៅដល់ផ្សារដងទងមានតម្លៃដាក់លក់ចន្លោះពី ១,៩០០ដុល្លារទៅ ២,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកឯកទេសដីធ្លីរូបនេះបានបន្ថែមថា ស្រុកមណ្ឌលសីមាក៏មានសកម្មភាពទិញ-លក់ដីធ្លីច្រើនគួរឱ្យកត់សម្គាល់ផងដែរ បន្ទាប់ពីសង្កាត់ស្ទឹងវែង។ ទីផ្សារដីធ្លីក្នុងស្រុកមណ្ឌលសីមាបច្ចុប្បន្នមានតម្លៃដាក់លក់ជាមធ្យម១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ កើន៥០ភាគរយបើធៀបនឹងឆ្នាំមុន។​

ខេត្តកោះកុងមានផ្លូវជាតិសំខាន់ៗពីរគឹផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ១០ ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ខេត្ត។ កាលពីដើមឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ពីការស្នើសុំភាគីថៃឱ្យជួយកសាងផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ នៃខេត្តព្រះសីហនុមកកាន់ខេត្តកោះកុងផងដែរ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង