៦ ចំណុចសំខាន់ៗពីម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ 2020

Bunthoeun Chhut 29/September/2020 18:17
ចែករំលែក

ភ្នំពេញ៖ បញ្ហាប្រឈមជាសកល​ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-19 បានអូសបន្លាយជាង​៩ខែមកហើយ ដែលបានគម្រាមគំហែងដល់ការរីកលូតលាស់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា មិនអាចគេចផុតឡើយពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទាំងដោយផ្ទាល់ និងប្រយោល។ ទោះបែបនេះក្តី, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលទើបចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពថ្មីរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយបានសម្រាលការព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ ហើយរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់ 5.9% ក្នុងឆ្នាំ 2021។ (សូមចុចទីនេះអានបន្ថែម)

ចំណុចសំខាន់ៗមួយចំនួនខាងក្រោមនេះ គឺជាសូចនាករដែលបង្ហាញពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ 2020 ដែលបណ្តាញសារព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ចេញពីការសិក្សាស្រាវជ្រាវថ្មីពីធនាគារ ADB ធនាគារពិភពលោក (WB) និងរបាយការណ៍ប្រចាំឆមាសទី១របស់ធនាជាតិនៃកម្ពុជា(NBC)៖

ទី១) ផលិតផលក្នុងស្រុកសរុប (GDP)

GDP នៅកម្ពុជាក្នុងឆ្នាំ 2020 មានការធ្លាក់ចុះ -4 ភាគរយ ប៉ុណ្ណោះ ដែលហាក់ល្អជាងពីការព្យាករណ៍កាល​ពីខែមិថុនាដែលថាអាចធ្លាក់ចុះដល់ទៅ -5.9ភាគរយ។ បើតាម​ ADB អត្រាកំណើននេះ ​ទ្រទ្រង់ដោយការនាំចេញផលិតផលកសិកម្ម និង​ផលិត​ផលមិនមែនកាត់ដេរសម្លៀកបំពាក់ដូចជាកង់ និងគ្រឿងអេឡិចត្រូនិច។ បន្ថែមពីនេះ ADB បានព្យាករណ៍ថាល្បឿននៃការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ 2021 នឹងងើបស្ទុះលឿនជាងប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនដូចជា ប្រទេសម៉ាឡេ​ស៊ី ហ្វីលីពីន​ ថៃឡង់ដ៍ សិង្ហបូរី និងប្រទេសទីម័រខាងកើត។  ជាមួយគ្នានេះដែរ​ របាយការណ៍បច្ចុប្បន្នភាពរបស់WB ដែលចេញផ្សាយនៅថ្ងៃអង្គារ៍នេះ បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាថានឹងធ្លាក់ចុះក្នុងរង្វង់ -២ភាគរយដែលជាកំណើនអវិជ្ជមានស្រាលជាងការព្យាករណ៍របស់ធនាគារ ADB។
ទី២) អតិផរណា 
អតិផរណាបានហក់ឡើង 3.6 ភាគរយកាលពីខែមករា ឆ្នាំ 2020 ដោយសារតែតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកើនឡើងខ្ពស់​។ ប៉ុន្តែរាប់ចាប់ពីខែមេសាមក តម្លៃប្រេងបានធ្លាក់ចុះបានធ្វើឱ្យអតិផរណាថមថយមកត្រឹម 3.2ភាគរយ ហើយនឹងធ្លាក់ចុះមកត្រឹម 2.1 ក្នុងឆ្នាំ២០២០នេះ។ ​អត្រានេះទាបជាងការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលថាអតិផរណាជាមធ្យមមានកម្រិតប្រមាណ 2.5 ភាគរយ​ឆ្នាំ2020នេះ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។

ទី៣) កម្លាំងពលកម្ម និងវិស័យចម្បងៗដែលរួមចំណែកសេដ្ឋកិច្ចកម្ពុជា

– ចំនួនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ 98 ភាគរយក្នុងត្រីមាសទី2 ដែលការណ៍នេះធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ជាង 3ពាន់មូលដ្ឋានបានបិទទ្វារ ហើយកម្លាំងពលកម្មក្នុងវិស័យនេះបានបាត់បង់ការងារធ្វើជាង ៤៥០០ នាក់គិតត្រឹមខែមិថុនា។ យ៉ាងណាមិញ វិស័យកសិកម្ម​ ដែលនៅតែបន្តរួមចំណែកបង្កើតឱកាសការងារ 1ភាគ3 នៃកម្លាំងពលកម្មសរុប មានអត្រាកំណើនក្នុងការនាំចេញជាង 17 ភាគរយបើធៀបនឹងឆមាសទី1 ឆ្នាំ 2019។

– វិស័យសំណង់ និងអចលនទ្រព្យស្ថិតក្នុងស្ថានភាពនៅទ្រឹង ដោយសារមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។ ការ

នាំចូលដែកនិងស៊ីម៉ង់ត៍ក្នុងកំឡុង៦ខែដំបូងនៃឆ្នាំ 2020 បានធ្លាក់ចុះ 45.1 ភាគរយ និង 8.2 ភាគរយ រៀងៗខ្លួន ប្រៀបធៀបទៅនឹងឆ្នាំមុន ដោយគម្រោងសាងសង់ធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។

–  ការនាំចេញផលិតផលកាត់ដេរ, សម្ភារធ្វើដំណើរ, និងស្បែកជើង បានធ្លាក់ចុះ 7.2 ភាគរយក្នុងកំឡុងពេល6ខែដំបូងនៃឆ្នាំ 2020 (គំនូសតាង២) ហើយទន្ទឹមគ្នានោះ ការនាំចូលក្រណាត់សម្រាប់យកមកកាត់ដេរ បានធ្លាក់ចុះ 85.4 ភាគរយ។

–  នៅក្នុងឆមាសទីមួយឆ្នាំ 2020 គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលទទួលការអនុម័តរួច មានតម្លៃសរុបកើនប្រហែល 40 ភាគរយ ប្រៀបធៀបទៅនឹងរយៈកាលដូចគ្នាក្នុងឆ្នាំ 2019។

ទី៤) ជញ្ជីងទូទាត់ (Balance of Payment – BOP)

បើតាមរបាយការណ៍ប្រចាំឆមាសទី1 របស់ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថាសមតុល្យជញ្ជីងទូទាត់កម្ពុជាត្រូវបានប៉ាន់ស្មានថាមានអតិរេក (លុយចូលច្រើនជាងលុយចេញ) 130 លានដុល្លារ (ទាបជាង ៨,២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ដែលគាំទ្រដោយលំហូរចូលសុទ្ធនៃគណនីយហិរញ្ញវត្ថុ ទោះបីជាឱនភាពគណនីយចរន្តបានកើនឡើងដោយសារការធ្លាក់ចុះចំណូលពីភ្ញៀវទេសចរ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។

ទី៥) គណនីយចរន្ត (Current Account)

របាយការណ៍ NBC ដដែលបានបង្ហាញថា ឱនភាពគណនីចរន្ត និង​ដើមទុនមានសមាមាត្រ 16 ភាគរយ​ នៃ GDP (2.1 ពាន់លានដុល្លារ) ធៀបនឹង 14 ភាគរយនៃ GDP គ្រាដូចគ្នាឆ្នាំមុន។ កំណើននេះបណ្តាលមកពីការថយចុះអតិរេកគណនីយសេវាសុទ្ធ និងចំណូលបន្ទាប់បន្សំ ខណៈដែលឱនភាពពាណិជ្ជកម្មទំនិញចំណូលបឋម និងអតិរេកគណនីយដើមទុនបានធ្លាក់ចុះ។

ទី៦) ទុនបម្រុងអន្តរជាតិ

បើតាមធនាគារជាតិនៃកម្ពុជា អតិរេកជញ្ជីងទូទាត់បានបន្តរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដុលដល់ប្រមាណ 19 ពាន់លានដុល្លារ បានកើនឡើង 300 ពាន់លានដុល្លារធៀបនឹងដំណាច់ឆ្នាំ២០១៩។ ដែលនេះអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាន់បានប្រមាណ ១០ខែ ខ្ពស់ជាងកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង