ស្វាយរៀងជាទិសដៅវិនិយោគចម្រុះពណ៌សម្រាប់វិស័យអចលនទ្រព្យ

Bunthoeun Chhut 28/September/2020 15:49
ចែករំលែក

ខេត្តស្វាយរៀង៖  អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ខេត្តស្វាយរៀងជាទិសដៅវិនិយោគ​ដែលមាន​លក្ខណៈចម្រុះ និងគ្រប់ប្រភេទក្នុងវិស័យអចលនទ្រព្យ​ដែលមានអំណោយផលរាប់ចាប់ពីវិស័យកសិកម្ម រហូតដល់វិស័យពាណិជ្ជកម្ម។

ថ្លែងក្នុងកម្មវិធីជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ 3800 នាក់សម្រាប់ខេត្តស្វាយរៀងកាលពីចុងសបា្តហ៍ថ្មីៗនេះ លោក វ៉ា​​ វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ (CIPS) បានឱ្យដឹងថា អចលនទ្រព្យដែលជាដីធ្លីក្នុងខេត្តនៅប៉ែកអាគ្នេយ៍មួយនេះមានសក្តានុពលគ្រប់ផ្នែកទាំងអស់ក្នុងវិស័យអចលនទ្រព្យមានដូចជាវិស័យកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។​

លោក វ៉ា​​ វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ

លោកថ្លែងថា៖ «ចំពោះអចលនទ្រព្យជាដីធ្លីទាំងប្រាំមួយប្រភេទ គឺមានទាំងអស់ក្នុងខេត្តស្វាយរៀងរួមទាំងដីធ្លីសម្រាប់អភិវឌ្ឍលំនៅដ្ឋាន កសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។ ដូច្នេះហើយ ចំពោះភ្នាក់ងារដែលចង់ក្លាយទៅជាអ្នកឯកទេសដីធ្លីប្រចាំតំបន់ [ក្នុងខេត្តស្វាយរៀង] គាត់អាចធ្វើនៅលើដីប្រភេទណាក៏បាន ប៉ុន្តែគួរតែជាតំបន់ដែលពួកគាត់រស់នៅស្រាប់។»

ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding កាលពីថ្ងៃទី ២៦-២៧ ខែកញ្ញាឆ្នាំ២០២០ បានជ្រើសរើស​ខេត្តស្វាយរៀង និងខេត្តត្បូងខេត្តឃ្មុំ ដើម្បីផ្សព្វផ្សាយពីឱកាសការងារ និង​វិនិយោគអចលនទ្រព្យ ​ក្នុងបេសកម្មជ្រើសរើសអ្នកឯកទេសដីធ្លី ៣៨០០នាក់ប្រចាំតំបន់នៅទូទាំងប្រទេស។

កម្មវិធី​នេះមានការចូលរួមពីសំណាក់វាគ្មិនជំនាញជាច្រើនរូប ដើម្បីចែករំលែកចំណេះដឹងថ្មីៗជុំវិញវិស័យអចលនទ្រព្យ និងការអភិវឌ្ឍផ្នត់គំនិតក្នុងការដឹកនាំជីវិត និងអា​ជីវកម្ម ដែលប្រព្រឹត្តិទៅដោយភាពជោគជ័យ ហើយមានអ្នកចូលរួមប្រមាណជិត៤០០នាក់។

លោកព្រាប កុល ដែលជាគ្រូបង្វឹកប្រចាំក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding និងជា​វាគ្មិនមួយរូបក្នុងចំណោមវាគ្មិនជំនាញផ្សេងៗទៀត បានឱ្យដឹងដែរថា វត្តមាននៃការចូលរួមដ៏ច្រើនកុះករពីបងប្អូននៅខេត្តទាំងពីរឆ្លុះបញ្ចាំងពីសក្តានុពលវិនិយោគ និងការចាប់យកឱកាស​ក្នុងវិស័យអចលនទ្រព្យ។

លោកព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding

លោកបន្តថា ខេត្តស្វាយរៀងដ្បិតមិនសូវមានសកម្មភាពរស់រវើកបើមើលពីទិដ្ឋភាពខាងក្រៅធៀបនឹងខេត្តដែលជាប៉ូលសេដ្ឋកិច្ចកម្ពុជាមួយចំនួន តែបើពិនិត្យឱ្យដិតដល់ខេត្តស្វាយរៀងកាន់តែល្អគន់ ហើយមានសក្តានុពលល្អសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ។

លោកថ្លែងថា៖ «នៅស្វាយរៀងបើមើលពីសម្បកក្រៅ ជាខេត្តមួយហាក់មិនសូវមានសកម្មភាពវិនិយោគទ្រង់ទ្រាយធំលើវិស័យអចលនទ្រព្យដូចបណ្តាខេត្តសក្តានុពលធំៗមួយចំនួនដូចជាខេត្ត ព្រះសីហនុ សៀមរាប និងខេត្តកំពតក៏ពិតមែន។ ​តែបើមើលឱ្យស៊ីជម្រៅខេត្តស្វាយរៀងក៏មានការវិនិយោគលើតំបន់សេដ្ឋកិច្ចច្រើន ហើយបន្ថែមពីនេះក៏មានប្រពន្ធស្រោចស្រពទឹកគ្រាប់គ្រាន់សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និង​កសិ-ឧស្សាហកម្មផងដែរ។​»​

យោងតាមរដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹង​ថា ខេត្តនេះ​មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១១ កន្លែង​ ដែលក្នុងនោះមាន៨កន្លែងកំពុង​ប្រតិបត្តិការ។ តំបន់សេដ្ឋកិច្ចទាំង៨កន្លែងនេះស្រូបទាញកម្លាំងពលកម្មប្រមាណជាង ៨ម៉ឺន​នក់។  ប្រភពដដែលបានគូសបញ្ជាក់ថា នៅទូទាំងខេត្តនេះមានផ្ទៃដីផលិតកសិកម្មសរុបជាង ២សែនហិកតា។ ​ហើយមានប្រភពទឹកសំខាន់ៗបីកន្លែង ដែលជាសក្តានុពលបម្រើឱ្យការប្រើប្រាស់ និងស្រោចស្រព ដូចជាទន្លេកំពង់ត្រាច ស្ថិតក្នុងស្រុករមាសហែក ទន្លេវ៉ៃគោ ស្ថិតក្នុងស្វាយរៀង និងព្រែកកម្ពុជា-វៀតណាម។​ (សូមចុចទីនេះដើម្បីអានព័ត៌មានបន្ថែម)

ដោយឈរលើកត្តាសក្តានុពលទាំងនេះហើយ អ្នកចូលរួមជាច្រើនបង្ហាញការគាំទ្រ និងការតាំងចិត្តចាប់យកអាជីពជាអ្នកឯកទេសដីធ្លីដើម្បីបង្កើនជីវភាពរស់នៅរបស់ពួគគេ។​


អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង