រាល់ការវិនិយោគតែងរំពឹងពីផលចំណេញ ហើយការវិនិយោគលើវិស័យអចលនទ្រព្យក៏ដូចគ្នា។ ការទិញអចលនទ្រព្យដើម្បីវិនិយោគបានចំណេញ តែងអាស្រ័យលើភាពវៃឆ្លាតរបស់អ្នកវិនិយោគ ដែលជាទូទៅគេមើលទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
1 __ទីតាំង និងតំបន់សក្តានុពល
នៅពេលដែលនិយាយពីការវិនិយោគអចលនទ្រព្យ ទីតាំងជាកត្តាចម្បង ព្រោះតម្លៃគឺអាស្រ័យលើទីតាំងសក្តានុពល។ អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មានចំពោះការវិនិយោគអចលនទ្រព្យដែលអាចទទួលបានផលចំណេញ ពោលគឺត្រូវចេះមើលពីនិន្នាការនៃការរីកចម្រើនតំបន់ ដែលនឹងអាចមានមនុស្សចូលចិត្តទៅរស់នៅច្រើន។ ដូច្នេះបើលោកអ្នកវិនិយោគអចលនទ្រព្យក្នុងតំបន់ដែលនឹងមានការអភិវឌ្ឍ ហើយចំទីតាំងសក្តានុពល នឹងធ្វើឱ្យអចលនទ្រព្យនោះមានតម្លៃខ្ពស់នៅពេលលក់ចេញវិញ។
2__ទំហំ
ប្រសិនបើអចលនទ្រព្យនោះជាលំនៅដ្ឋាន ទំហំជាធាតុផ្សំសំខាន់មួយសម្រាប់អ្នកទិញដែលគេពិចារណា ព្រោះនៅពេលដែលធ្វើការប៉ាន់តម្លៃទីផ្សារ ទំហំកាន់តែធំនោះវានឹងជះឥទ្ធិពលជាវិជ្ជមានក្នុងការវាយតម្លៃ។
3__ គុណភាពសំណង់
ក្រៅពីទំហំ ក៏ត្រូវគិតអំពីគុណភាពសំណង់ និងអាយុកាលនៃលំនៅដ្ឋាននោះផងដែរ ថាតើវាមានស្ថានភាពអន់ថយបែបណា។ ព្រោះជាទូទៅបើលំនៅដ្ឋាននោះចាស់ គឺត្រូវចំណាយច្រើនទៅលើការជួសជុល និងកែលម្អឡើងវិញ។ ជួនកាល ផ្ទះចាស់មែនតែគុណភាពសំណង់នៅរឹងមាំ ហើយមានការជួសជុល និងតុបតែងឱ្យមានសោភ័ណឡើងវិញ ក៏អាចលក់បានដូចគ្នាទៅផ្ទះថ្មីដែរ។
4__ បរិយាកាសជុំវិញ
បរិយកាសជុំវិញ គឺសំដៅទាំងការរស់នៅរបស់អ្នកជិតខាង និងកត្តាសុខសុវត្ថិភាពដែលប្រាកដថា តំបន់នោះមានអត្រានៃការប្រព្រឹត្តិអំពើរចារកម្មតិចតួច ឬបើមិនមានសោះ រឹតតែប្រសើរ។ ព្រោះកត្តាសន្តិសុខ និងសុវត្ថិភាពនេះ ក៏ជាមូលហេតុសំខាន់នៃការសម្រេចចិត្តរបស់អ្នកទិញផងដែរ។