ភ្នំពេញ៖ ការសម្រេចចិត្តទទួលកម្ចីទិញផ្ទះគឺជាការសម្រេចប្រកបដោយការតាំងចិត្តខ្ពស់មួយ ដ្បិតថាកម្ចីនេះ ធ្វើឲ្យយើងត្រូវជាប់កតព្វកិច្ចសងរយៈពេលវែង។ ដូច្នេះ ការធ្វើឲ្យប្រាកដថាទទួលបានកម្ចីដែលមានគុណភាព និងសមស្របតាមលទ្ធភាពគឺជារឿងសំខាន់។ ខាងក្រោមនេះគឺជាសំណួរសំខាន់ៗមួយចំនួន ដែលបងប្អូនគួរដឹង និងសួរទៅកាន់អ្នកផ្តល់កម្ចីដើម្បីប្រកដថាបានទទួលកម្ចីដែលត្រឹមត្រូវ។
1) តើអត្រាការប្រាក់មានចំនួនប៉ុន្មាន?
លោកអ្នកត្រូវតែសួរទៅកាន់អ្នកផ្តល់កម្ចីអំពីអត្រាការប្រាក់ដែលអាចជាភាគរយប្រចាំខែ ឬប្រចាំឆ្នាំដើម្បីប្រៀបធៀបជាមួយនឹងកម្ចីដូចគ្នានៅស្ថាប័នផ្តល់កម្ចីផ្សេងទៀត ហើយស្វែងរកកម្ចីណាដែលអ្នកគិតថាសមរម្យសម្រាប់អ្នក។
2) តើថ្លៃសេវាកម្ចីមានប៉ុន្មានភាគរយ?
ថ្លៃសេវាកម្ចីគឺសំដៅទៅលើចំនួនទឹកប្រាក់ដែលអ្នកនឹងត្រូវបង់អោយម្ចាស់កម្ចីដោយគិតជាភាគរយនៃចំនួនទឹកប្រាក់សរុបដែលអ្នកបានខ្ចី។ ជាទូទៅ ថ្លៃសេវាកម្ចីគឺ១ ភាគរយនៃកម្ចីសរុប។ ឧទាហរណ៍៖ បើកម្ចីរបស់អ្នកមានទឹកប្រាក់ ៥ ម៉ឺនដុល្លារ នោះថ្លៃសេវាកម្ចីគឺ ៥០០ ដុល្លារ។ ត្រូវប្រាកដថាអ្នកបានសួរម្ចាស់ឥណទានជាមុនពីថ្លៃសេវាកម្ចីបូករួមទាំង ថ្លៃរដ្ឋបាលផ្សេងៗ។
3) តើទឹកប្រាក់ដែលត្រូវចំនាយទៅលើថ្លៃសេវារដ្ឋបាលផ្សេងៗប្រហែលប៉ុន្មាន?
ត្រូវចាំថា តែងមានចំណាយនិងថ្លៃបង់ផ្សេងៗដែលទាក់ទងនឹងការទទួលកម្ចីទិញផ្ទះដូចជា ថ្លៃសេវាវាយតម្លៃអចលនទ្រព្យ ថ្លៃឆែកពីប្រវត្តកម្ចីរបស់អ្នក ថ្លៃមេធាវី និងថ្លៃផ្សេងទៀត។ អ្នកត្រូវសួរម្ចាស់កម្ចីឲ្យច្បាស់ពីតម្លៃទឹកប្រាក់សរុបដែលអ្នកត្រូវបង់ព្រោះវានិងជួយអ្នកក្នុងការរៀបចំហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។
4) តើអាចបានទទួលកម្ចីជាទឹកប្រាក់ប៉ុន្មានភាគរយនៃតម្លៃផ្ទះសរុប?
ដើម្បីទទួលបានការប្រាក់ និងលក្ខណ្ឌល្អបំផុតសម្រាប់ប្រាក់កម្ចីរបស់អ្នក ជាទូទៅអ្នកគួរតែមានលុយបង់ថ្លៃផ្ទះមុនយ៉ាងតិច ៣០ ភាគរយបើសិនជាអាច។ ធនាគារជាច្រើនផ្តល់កម្ចីទិញផ្ទះ ៧០ ភាគរយនៃតម្លៃផ្ទះ (LTV)។ អ្នកនឹងមានជម្រើស ព្រមជាមួយលក្ខ័ណ្ឌល្អៗច្រើនប្រសិនបើអ្នកបានប្រាក់មុនយ៉ាងតិច ៣០ ភាគរយ។ សួរពត៌មានបន្ថែមពីម្ចាស់ឥណទានទាក់ទងនឹងអប្បរមានៃប្រាក់កម្ចី ហើយព្យាយាមបំពេញតាមលក្ខ័ណ្ឌតម្រូវនៃប្រាក់អប្បរមានៃកម្ចីនោះ។
5) តើកាលបរិច្ឆេទសងលុយត្រលប់ទៅវិញនឹងអាចផុតនៅពេលណា?
មានកត្តាជាច្រើន ដែលជួយកំណត់ពីរយៈពេលដែលអ្នកនឹងត្រូវបង់លុយអស់ដែលវាជាអ្វីដែលយើងមិនអាចធ្វើការស្វែងយល់ដឹងដោយខ្លួនឯងបានទេ។ សួរម្ចាស់ឥណទានអំពីរយៈពេលដែលអ្នកអាចនឹងសងលុយត្រលប់ទៅវិញអស់។ វិធីនេះយ៉ាងហោចណាស់អាចនឹងជួយអ្នកពិចារណាពីពេលវេលាដែលត្រូវសងត្រលប់ និងចាត់ចាយលំហូរសាច់ប្រាក់ផ្ទាល់ខ្លួនបានល្អ។
6) តើមានការពិន័យដែរឬទេ ពិន័យអ្វីខ្លះ?
ស្ថាប័នផ្តល់កម្ចីខ្លះបានដាក់លក្ខ័ណ្ឌពិន័យក្នុងករណីអតិថិជនមានប្រាក់បង់ផ្តាច់វិញមុនកាលកំណត់ដែលបានព្រមព្រៀង។ ការពិន័យខ្លះមានប្រសិទ្ធិភាពក្នុងកំឡុងពេល ២-៣ ឆ្នាំដំបូងនៃប្រាក់កម្ចីដូច្នេះសូមមានការបញ្ជាក់ឱ្យច្បាស់។
7) អ្នកមិនត្រូវកំណត់ត្រឹមសំណួរទាំងនេះទេ
វិធានដ៏ល្អមួយគឺត្រូវសួរសំណួរដែលអ្នកមិនច្បាស់។ មិនមានសំណួរណាមួយមានលក្ខណៈឆោតល្ងង់ទេ។ មិនមានបញ្ហាអ្វីឡើយក្នុងការស្នើសុំការបំភ្លឺបញ្ជាក់បន្ថែម ទោះបីជាអ្នកប្រាកដថាអ្នកយល់ក៏ដោយ។ ដូច្នេះអ្នកត្រូវសួរសំនួរច្រើនផ្សេងទៀតក្រៅតែពីសំណួរអទិភាពខាងលើ ដើម្បីធ្វើឲ្យប្រាកដថាអ្នកបានទទួលកម្ចីទិញផ្ទះដ៏មានគុណភាព។ អ្នកត្រូវចងចាំថា កម្ចីទិញផ្ទះជាកម្ចីដែលអ្នកនឹងជាប់កតព្វកិច្ចរយៈពេលវែង ដែលអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នក ដូច្នេះត្រូវតែប្រាកដថាអ្នកទទួលវាប្រកបដោយគុណភាព៕