ADB ព្យាការណ៍សេដ្ឋកិច្ចកម្ពុជាថានឹងស្ទុះឡើងវិញក្នុងរង្វង់ 5.9% នៅឆ្នាំក្រោយ

Bunthoeun Chhut 23/September/2020 16:22
ចែករំលែក

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជាថានឹងងើបឡើងវិញជាមួយនឹងអត្រាកំណើនក្នុងរង្វង់ 5.9 ភាគរយក្នុងឆ្នាំ ២០២១ ដែលទ្រង់ទ្រង់ដោយការនាំចេញផលិតផលិតផលកសិកម្ម និង​ផលិត​ផលមិនមែនវិស័យវាយណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ដូចជាកង់ និងគ្រឿងអេឡិចត្រូនិច។

របាយការណ៍ថ្មីរបស់ ADB ដែលចេញផ្សាយនៅថ្ងៃពុធនេះក៏បានសម្រាលការព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច កម្ពុជានៅឆ្នាំនេះផងដែរដោយអ្នកជំនាញ ADB បានរកឃើញថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ នេះមានការធ្លាក់ចុះ (-​ 4 ភាគរយ) ប៉ុណ្ណោះ ដែលហាក់ល្អជាងពីការព្យាករណ៍កាល​ពីដើមឆ្នាំដែលថាអាចធ្លាក់ចុះដល់ទៅ (- 5.9 ភាគរយ)។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB បាន​ថ្លែងថា៖ «យើងរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំំណើនល្អឡើងវិញក្នុងរង្វង់ 5.9% ក្នុងឆ្នាំ២០២១។ ហើយកំណើននេះដោយសារគោលនយោបាយទ្រទ្រង់នានារបស់រដ្ឋាភិបាល ដូចជាគោលនយោបាយគាំពារសង្គមជួយដល់ជនក្រីក្រ និងការផ្ចុងផ្តើមផែ្នកហិរញ្ញប្បទានជួយដល់សហគ្រាសធុនតូច និ​ងមធ្យម។»

លោកស្រីបន្តថា៖ «វិធានការទាំងនេះ បូករួមទាំងកំណែទម្រង់រចនាសម្ព័ន្ធចាំបាច់នា​នា នឹងជួយកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពីការរាតត្បាតសកលនៃជំងឺ COVID-19 ចំពោះជីវភាពរស់នៅរបស់ប្រជាជន និងធុរកិច្ចនៅកម្ពុជា។ ម្យ៉ាងទៀត វិធានការនេះក៏នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះកំណើនខ្លាំងខ្លាផងដែរ»។​

ទោះបីមិនទាន់វិលត្រលប់មករកសភាពដើមក្តី ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ 5.9% នៅឆ្នាំ២០២១ខាងមុខនេះ មានអត្រាកំណើនខ្ពស់ជាងប្រទេសមួយចំនួនក្នុង​តំបន់អាស៊ានដូចជាប្រទេស​ ព្រុយណេ សិង្ហបូរី ថៃឡង់ដ៍ ឡាវ ទីម័រ និងប្រទេសឥណ្ឌូនេស៊ី។​ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពទស្សនវិស័យនៃការអភិវឌ្ឍក្នុងតំបន់អាស៊ីរបស់ធនាគារ ADB។​
របាយការ​ណ៍ដដែលបានគូស​បញ្ជាក់ថា ការបញ្ជាទិញផលិតផលកាត់ដេរពីទីផ្សារអ៉ឺរ៉ុប និងអាមេរិក បានធ្លាក់ចុះនៅឆមាសទីមួយឆ្នាំនេះ ហើយបានប៉ះពាល់ដល់ផលិតកម្មរោងចក្រកាត់ដេរជាច្រើន។ វិស័យទេសចរក៏ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដែរ តែអ្វីដែលល្អគឺថាការនាំចេញផលិតផលកង់ និងគ្រឿងអេឡិចត្រូនិច កើនឡើងប្រមាណ៣០ភាគរយក្នុងឆមាស​ទី១ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ​


 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង