ខេត្តត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ ជាខេត្តកូនពៅគេដែលត្រូវបានបង្កើតឡើងដោយបំបែកចេញពីខេត្តកំពង់ចាម ហើយបច្ចុប្បន្នខេត្តបង្កើតថ្មីមួយនេះ ត្រូវគេរំពឹងថានឹងក្លាយជាទិសដៅវិនិយោគលើវិស័យអចលនទ្រព្យដ៏លេចធ្លោមួយនាពេលអនាគត។
លោក លី លាង ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តត្បូងឃ្មុំបានលើកឡើងថា បច្ចុប្បន្នតំបន់ពីរកន្លែងកំពុងទាក់ទាញលើការវិនិយោគដីធ្លីច្រើនជាងគេគឺក្រុងសួង និងទីរួមខេត្តត្បូងឃ្មុំ។ លោកបន្តថា សកម្មភាពទិញ-លក់ដីក្នុងតំបន់ទាំងពីរនេះភាគច្រើនសម្រាប់វិស័យពាណិជ្ជកម្មដូចជា ការអភិវឌ្ឍលំនៅដ្ឋានជាបុរី ផ្ទះល្វែង និងកន្លែងធ្វើអាជីវកម្មជាដើម។

លោក លី លាង ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តត្បូងឃ្មុំ
លោកលាង ដែលចុះស្រាវជ្រាវទីផ្សារដីធ្លីក្នុងខេត្តត្បូងឃ្មុំថ្លែងថា៖ «បើធ្វើការប្រៀបធៀបគ្នា ឱកាសវិនិយោគដែលនឹងអាចទទួលផលចំណេញខ្ពស់គឺទីរួមខេត្តត្បូងឃ្មុំ ព្រោះនៅទីនេះមិនទាន់មានប្រជាជនមករស់នៅច្រើន។ ម្យ៉ាងវិញទៀត ទីផ្សារដីធ្លីក៏នៅធូរថ្លៃច្រើនជាងក្រុងសួងដែរ។»
ទីរួមខេត្តត្បូងឃ្មុំ មានចំងាយប្រមាណ១៥ គីឡូម៉ែត្រពីក្រុងសួង។ បើតាមអ្នកឯកទេសដីធ្លីរូបនេះទីផ្សារដីធ្លីនៅក្រុងសួងមានអត្រាកំណើនប្រហែល១០ភាគរយក្នុងមួយឆ្នាំ។ បច្ចុប្បន្នទីផ្សារដីធ្លីនៅក្រុងសួងមានតម្លៃដាក់លក់ចន្លោះពី ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េដោយអាស្រ័យទីតាំងនៃដី។ ខណៈដែលតម្លៃដីដាក់លក់នៅទីរួមខេត្តត្បូងឃ្មុំចាប់ពី ៥០ ទៅ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង និងហាងអាជីវកម្មកំពុងកើនឡើងជាបណ្តើរៗ។ ហើយនៅពេលដែលអ្នកចំណូលខាងក្រៅចូលមករស់នៅទីរួមខេត្តកាន់តែច្រើនៗឡើង នោះនឹងធ្វើឱ្យមានការបម្រែបម្រួលទីផ្សារដីធ្លីជាវិជ្ជមាននាពេលអនាគត។
ខេត្តត្បូងឃ្មុំ បានបង្កើតឡើងក្នុងឆ្នាំ២០១៣ លាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ ខេត្តនេះមានផ្ទៃដីសរុបប្រមាណ ៥,២៥០ គីឡូម៉ែត្រការ៉េ មានក្រុងមួយ និងស្រុកចំនួន៦ ហើយមានចំនួនប្រជាពលរដ្ឋសរុប ៨៦៤ ៣១៩ នាក់។
ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តពីររបស់ប្រទេសវៀតណាមគឺខេត្ត តៃនិញ និងខេត្តប៉ិញភឿក។ បើតាមរបាយការណ៍បច្ចុប្បន្នភាពរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្ហាញថាទំហំពាណិជ្ជកម្មរវាងខេត្តត្បូងឃ្មុំនិងប្រទេសវៀតណាមក្នុងឆ្នាំ២០១៩ មានប្រមាណ ៣៧៣លានដុល្លារ។