វាលវែងកំពុងប្រែក្លាយមុខមាត់ជាតំបន់ទាក់ទាញជាងគេលើការវិនិយោគអចលនទ្រព្យក្នុងខេត្តពោធិ៍សាត់

Bunthoeun Chhut 16/November/2020 10:20
ចែករំលែក

ខេត្តពោធិ៍សាត់៖ ស្រុកវាលវែង ដែលធ្លាប់តែជាតំបន់ស្ងប់ស្ងាត់ និងមិនសូវមានការធ្វើដំណើរឆ្លងកាត់កន្លងមក ប៉ុន្តែបច្ចុប្បន្នស្រុកមួយនេះបានប្រែមុខមាត់ និងវិវត្តខ្លួនយ៉ាងឆាប់រហ័ស ក្រោយមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធសំខាន់ៗ។ ភាពចម្រើនក្នុងស្រុកមួយនេះកំពុងបង្កើនសក្តានុពល និងទាក់ទាញលើការវិនិយោគលើវិស័យដីធ្លី។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ បានលើកឡើង​ថា ស្រុកវាលវែងកំពុង មានសក្តានុពល្អសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះជាតំបន់មានផ្លូវក្រវ៉ាត់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តត្រាត ប្រទេសថៃ។ លោកបន្តថា ការ​តភ្ជាប់នេះនឹងធ្វើឱ្យមានចរន្តនៃធ្វើការ​ពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរនាពេលអនាគត។

លោកថ្លែងថា៖«ស្រុកវាលវែង គឺជាតំបន់មួយដែល​ចាប់ផ្តើមមានសក្តានុពល ហើយមានផ្លូវក្រវ៉ាត់តភ្ជាប់រវាង​ខេត្តពោធិ៍សាត់ ទៅប្រទេសថៃ​…ជាតំបន់ជាប់ព្រំដែន ដែលអនាគតនឹងមានការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាកើតឡើង។ ហើយប៉ែកនៅជិតភូមិភាគព្រំដែននឹងមានការបើកកាស៊ីណូ ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។»

រដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ឬហៅថា ផ្លូវបុប្ផាលាក់ខ្លួន ដោយ​ត​ភ្ជាប់​ចេញពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅ​ស្រុក​វាលវែង ដល់​ថ្មដា ច្រកព្រំដែន​កម្ពុជា​-​ថៃ។ ​ផ្លូវបុប្ផាលាក់ខ្លួននេះ មានប្រវែង ១៨២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថិវិការប្រមាណ ១៣២ លានដុល្លារ។

ជាមួយគ្នានេះដែរ ផ្លូវជាតិលេខ១០ ដែលមានប្រវែងប្រមាណ១៩៣គីឡូម៉ែត្រ ដោយគ្រោង​ចំណាយថវិកាប្រមាណ ១៨៨លានដុល្លារ ក៏បានបើកការដ្ឋានសាងសង់ផងដែរ។​ តាមផែនការផ្លូវមួយខ្សែនេះ នឹងប្រើរយៈពេល​៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ ហើយគិតមកត្រឹមដើមខែសីហាកន្លងសម្រេចបានជាង ៣៦%ហើយ។ គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ  តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយឆ្ពោះទៅខេត្តកោះកុង។

មន្រ្តីរដ្ឋាភិបាលបានគូសបញ្ចាក់កន្លងមកថា ផ្លូវទាំងពីរខ្សែរនេះជាសរសៃ​ឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្ដានុពល ដែលនឹងជួយសម្រួលដល់ការ​តភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជា​ការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់។

បន្ថែមពីនេះ ផ្លូវទាំងពីរនេះនឹងជួយលើកកម្ពស់​ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេស​ចរណ៍បានឆាប់រហ័ស ហើយចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ​ព្រំដែនកម្ពុជា-ថៃ នៅថ្មដា ខេត្តពោធិ៍សាត់, នៅចាំយាម ខេត្តកោះកុង និងកំពង់ផែសមុទ្រទឹក​ជ្រៅ នៅខេត្តព្រះសីហនុ។

លោកប៉ឺក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់

លោកប៉ឺក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានឱ្យដឹងផងដែរថា ការអភិវឌ្ឍហេដ្ឋរចនាសំខាន់ៗទាំងនេះកំពុង​បង្កើនសក្តានុពលវិនិយោគដីធ្លីក្នុងខេត្តពោធិ៍សាត់ ជាពិសេសស្រុកវាលវែង។ 
លោកពោធិ៍ ដែលបានចុះស្រាវជ្រាវពីទីផ្សារដីធ្លីក្នុងខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា​៖ «បច្ចុប្បន្នហាងឆេងដីធ្លីនៅស្រុកវាងមានកំណើនខ្ពស់ ហើយការទិញ-លក់ក៏កំពុង​មានសកម្មភាពមមាញឹកផងដែរ ហើយទីផ្សារដីធ្លីនៅស្រុកក៏មានឱកាសចំណេញខ្ពស់ជាងគេ​ដែរ បើធៀបនឹងស្រុកផ្សេងៗទៀត។»

យោង​តាមអ្នកកឯកទេស​ដីធ្លីរូបនេះ ទីផ្សារដីធ្លីក្នុងស្រុកវាលវែងបច្ចុប្បន្នមានតម្លៃដាក់លក់ចន្លោះពី ៥០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រដើរ (បណ្តោយចន្លោះពី ២០០ ទៅ ៥០០ម៉ែត្រ) សម្រាប់ទីតាំងដែលមានចំងាយ១ ទៅ ២ គីឡូម៉ែត្រពីតំបន់ទីប្រជុំប្រជន។  តម្លៃនេះកើនឡើងពី ​៣០០ ទៅ ៥០០ ដុល្លារ​ក្នុង​មួយម៉ែត្រដើរក្នុងឆ្នាំ២០១៩។

រង្វង់មូលទីរួមស្រុកវាលវែង


អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង