NagaWorld បញ្ជាក់ថាគម្រោងវិនិយោគរបស់ខ្លួននៅសៀមរាបផ្តោតតែលើសណ្ឋាគារ និងរីស៊តប៉ុណ្ណោះ

Bunthoeun Chhut 12/September/2020 11:58
ចែករំលែក

ភ្នំពេញ៖ ​តំណាងក្រុមហ៊ុន Naga Corp ដែលគ្រប់គ្រង​ប្រតិបត្តិការ​កាស៊ីណូ Nagaworld នៅកម្ពុជា បានបញ្ជាក់ថាគម្រោងវិនិយោគរបស់ខ្លួននៅក្នុងខេត្តសៀមរាបនឹងមិនមានការរាប់បញ្ចូលកាស៊ីណូទេ ពោលគឺផ្តោតតែលើសណ្ឋាគារ និង​រីហ្សតតែប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន GGRAsia​ ដែលផ្តោតលើឧស្សាហកម្មកាស៊ីណូក្នុងតំបន់អាស៊ីចេញផ្សាយថ្ងៃទី១១ ខែកញ្ញានេះ បានឱ្យដឹងថា ក្រុមហ៊ុន Naga Corp បានអះអាងថារាល់ការវិនិយោគរួមគ្នាណាមួយរបស់ខ្លួននៅលើទឹកដីខេត្តសៀមរាបនឹងត្រូវអនុលោមតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានការវិនិយោគកាស៊ីណូក្នុងខេត្តនេះនោះទេ។

លោក Tim McNally អគ្គនាយកក្រុមហ៊ុន Naga Corp។ GGRASIA

លោក ទីម ម៉ាក់ណាល់លី (Tim McNally)​ អគ្គនាយកក្រុមហ៊ុន Naga Corp បានថ្លែងថា៖ «យើងបានដឹងជាយូរមកហើយថាខេត្តសៀមរាបត្រូវបានចាត់ទុកទីក្រុងវប្បធម៌។ ក្នុងន័យនេះ បំណងនៃការវិនិយោគរបស់យើងគឺនឹងសាងសង់ប្រភេទសណ្ឋាគារ និងរីស៊ត ដើម្បីបម្រើដល់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក​ដែលមកទស្សនាកម្សាន្តនៅប្រាសាទអង្គវត្តដ៏ស្រស់ស្អាតអស្ចារ្យក្នុងខេត្តសៀមរាប។»
លោកបន្តថា៖ «​យើង​មិនដែលគិតថានឹងដាក់បញ្ចូលកាស៊ីណូរួមជាមួយការអភិវឌ្ឍសណ្ឋាគារ និងរីស៊តនៅក្នុងខេត្តសៀមរាបទេ។ ហើយយើងស្ងើចសរសើរ និងយល់ពីគោលនយោបាយរបស់រដ្ឋាភិបាលចំពោះទីតាំងប្រវតិសាស្រ្តដ៏សំខាន់នេះ។»

សេចក្តីស្រាយបំភ្លឺនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Naga Corp ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង​ បានបង្ហើបបំណងពង្រីកអាជីវកម្មនៅក្នុងរបាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆមាស​របស់​ខ្លួនពីគម្រោងបើក Integrated Resort ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗពីររបស់កម្ពុជា គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប។ (សូមចុចទីនេះអានព័ត៌មានបន្ថែម) 

ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍រីហ្សតចម្រុះ (Integrated Resort) ក្នុងខេត្តទាំងពីរនេះ ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន។ លោក Tim McNally បញ្ជាក់ថា ខេត្តសៀមរាបនឹងក្លាយជាការវិនិយោគដំបូងរបស់ក្រុមហ៊ុនលើវិស័យទេសចរណ៍ដែលមិនមែនជាល្បែងកាស៊ីណូ។ ខណៈដែលទីតាំងខេត្តព្រះសីហនុនឹងធ្វើការវាយតម្លៃក្រោយកូវីឌ-១៩។ ​

កាសែត​ភ្នំពេញប៉ុស្តិ៍​បានដកស្រង់សម្តីលោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាលពី​ដើមខែកញ្ញានេះថា ការវិនិយោគលើល្បែងកាស៊ីណូ នឹងមិនត្រូវបានអនុញ្ញាតឱ្យដំណើរអាជីវកម្មនៅតំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាបទេ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង