គម្រោងធំៗទាំងនេះនឹងជួយឱ្យខេត្តកំពតសម្រេចផែនការទាក់ទាញភ្ញៀវទេសចរ ២លាន៥សែននាក់

Bunthoeun Chhut 10/September/2020 18:58
ចែករំលែក

ខេត្តកំពត៖ គម្រោងធំៗមួយចំនួនដែលទាក់ទងនឹងការវិនិយោគលើវិស័យទេសចរណ៍ នឹងជួយជម្រុញកំណើនភ្ញៀវទេសចរទៅទស្សនាខេត្តកំពត​​ ស្របពេលខេត្តជាប់សមុទ្រមួយនេះបានដាក់ផែនការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ២លាន៥សែន​នាក់នៅឆ្នាំ២០២៣។

ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសផែនការនេះ ដោយរំពឺងថានឹងទទួលបានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ៣សែន នៃចំនួនភ្ញៀវទេសសរុបដែលបានគ្រោងទុក។ ក្នុងឆ្នាំ២០១៩ ខេត្តកំពតទទួលភ្ញៀវទេសចរសរុប​១លាន៦សែននាក់ ពោលគឺច្រើនជាងពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរដែលបានគ្រោងទុកនៅបីឆ្នាំក្រោយ។

ឯកឧត្ដមបានគូសបញ្ជាក់ថា តាម​រយៈផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ (២០១៩-២០២៣) បានផ្តោតសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្រដូចជា ការអភិវឌ្ឍន៍ផលិតផលទេចរណ៍, ការសិក្សាទីផ្សារ, ការផ្សព្វផ្សាយ ការតភ្ជាប់, ការសម្រួលការធ្វើដំណើរ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ការដាក់ផែនកា​រនេះ ស្របពេលដែលខេត្តកំពតកំពុងក្លាយជាទិសដៅសំខាន់ទាក់ទាញគម្រោងវិនិយោគធំៗជាច្រើន ជាពិសេសគម្រោងវិនិយោគដែលទាក់ទងនឹងវិស័យទេសចរ។ បច្ចុប្បន្នគម្រោងមួយចំនួនកំពុងចាប់ផ្តើមសាងសង់ និងខ្លះទៀតកំពុងត្រៀមខ្លួនឆាប់ៗនាពេលខាងមុ​ខ។

ទី១) គម្រោងអភិវឌ្ឍបង្កើតតំបន់ឆ្នេរខ្សាច់ថ្មីសិប្បនិមិត្ត៖ ​គម្រោងនេះមានទីតាំងស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត​ ហើយអភិវឌ្ឍនលើផ្ទៃដី២៣៤ហិកតា ដែលជាគ​ម្រោងវិនិយោគសហការរួមគ្នារវាងរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនឯកជន (IGB) Cambodia CO.LTD។ ការបែងចែកផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ តាមសមាមាត្រផ្ទៃដី ៦០% សម្រាប់ក្រុមហ៊ុន និងផ្ទៃដី ៤០% ទុកជូនរដ្ឋ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត។ ​បើតាមការ​អះអាងពីឯកឧត្ដម ជាវ តាយ កន្លងមកខេត្តកំពតមានឆ្នេរសមុទ្រប្រវែង៧៦គីឡូម៉ែត្រ ​ តែពុំទាន់មានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរនៅឡើយ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ឆ្នេរខ្សាច់នេះ នឹងត្រូវចាប់បើកដំណើរការសម្រាប់បម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្ត។

ទីតាំងឆ្នេរខ្សាច់ថ្មី

 ទី២) កំពង់ផែទេសចរណ៍៖ ​គម្រោងអភិវឌ្ឍន៍កំពង់ផែនេះគ្រោងបើកដំណើការនៅឆ្នាំ២០២១ ដែលនឹងក្លាយជាលំហូរទេសចរណ៍ផ្លូវទឹក ដ៏មានសក្តានុពលមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងខេត្តកំពត។ ហើយអាចទទួលភ្ញៀវទេសចរប្រមាណ១ពាន់នាក់ក្នុងមួយថ្ងៃនៅពេលចាប់បើកដំណើការដំបូង។ កំពង់ផែទេសចរណ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកទឹកឈូ ខេត្តកំពត គ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ហើយចំណាយទឹកប្រាក់​ ៨ លានដុល្លារ ដោយទទួលបានកម្ចីពីធនាគារ​អភិវឌ្ឍន៍អាស៊ី។​

គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ថ្មីក្នុងខេត្តកំពត

ទី៣) គម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយបែបធម្មជាតិខ្នាតធំដំបូងគេនៅខេត្តកំពត៖ ក្រុមហ៊ុន Forest Harmony កំពុងអភិវឌ្ឍន៍វីឡាលម្ហែកាយបែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតា  ដែល​មាន​ទី​តាំង​នៅ​ភូមិ​ទ្វារថ្មី ឃុំ​ព្រៃថ្នង ស្រុក​ទឹក​ឈូ ខេត្ត​កំ​ពត។ បើតាមការអះអាងពីក្រុមហ៊ុន គម្រោងនេះមានវីឡាលម្ហែកាយបែបធម្មជាតិ មានទេសភាពព្រៃភ្នំ និងព្រៃព្រឹក្សាស្រស់ស្អាត ដែលមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទាំងក្នុង និងក្រៅប្រទេសពីអាស៊ី និងអ៊ឺរ៉ុប ហើយបានមកទស្សនាទីនោះជាប្រចាំ។

ផ្លូវចូលទៅគម្រោងវីឡាលម្ហែកាយ Forest Harmony

ទី៤) មជ្ឈមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រ៖  ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងបោះទុនវិនិយោគប្រមាណជិត ២៥​លាន​ដុល្លារ លើការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍។ ក្រុមហ៊ុននេះបានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមព័ត៌មានពីមន្ទីទេសចរណ៍ខេត្តកំពត​ បច្ចុប្បន្នខេត្តនេះមានតំបន់ទេសចរណ៍ចំនួន ១៧ កន្លែង ខណៈដែលសហគមន៍ទេសចរណ៍មានចំនួន ៤ កន្លែង និងគោលដៅទាក់ទាញ៤ កន្លែងដូចជា ចំការម្រេច ស្រែអំបិល សំណង់បេតិកភណ្ឌ និងសក្តានុពលទេសភាពដងព្រែក។ ភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពតមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ចន្លោះពី ៣​​ ទៅ៥% ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង