ពលរដ្ឋហុងកុងស្វែងរកទិញផ្ទះនៅក្រៅប្រទេសកើនឡើងយ៉ាងគំហុក

Bunthoeun Chhut 09/September/2020 17:37
ចែករំលែក

ហុងកុង៖ ពលរដ្ឋហុងកុងកំពុងស្វែងរកទិញលំនៅដ្ឋាននៅក្រៅប្រទេសកាន់តែច្រើនជាងមុនដោយសារការមិនពេញចិត្តមួយចំនួនទាក់ទងនឹង​ច្បាប់សនិ្តសុខជាតិថ្មីទើបដាក់ចេញថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មានសេដ្ឋកិច្ចជប៉ុន Asian Nikkei Review

ប្រទេសអង់គ្លេសដែលធ្លាប់ដាក់អាណានិគមលើហុងកុង​បានក្លាយជា​ទិសដៅពេញនិយមបំផុតសម្រាប់អ្នក​ហុងកុងក្នុងការស្វែងរកទិញផ្ទះដើម្បីរស់នៅអចិន្ត្រៃយ៍ បន្ទាប់មកប្រទេសផ្សេងៗទៀតដែលនិយាយភាសាអង់គ្លេស ដូចជាកាណាដា និងប្រទេសអូស្ត្រាលីជាដើម។

អ្នកស្រី Lisa Sunភ្នាក់ងារអចលនទ្រព្យអន្តរជាតិនៃក្រុមហ៊ុន Royal Pacific Realty ប្រចាំនៅទីក្រុង Vancouver​​ ដែលមានមូលដ្ឋាននៅ​ប្រទេសកាណាដា បាននិយាយថាភ្នាក់ងារអចលនទ្រព្យជាច្រើននៅកាណាដាបានទទួលការសាកសួរព័ត៌មានពីពលរដ្ឋហុងកុងទាក់ទងនឹងព័ត៌មានទិញផ្ទះ។ អ្នកស្រីបន្តថា កិច្ចព្រមព្រៀងអាចសម្រេចបានឬមិនបានគឺអាស្រ័យទៅលើស្ថានភាពរបស់ទីក្រុងនេះផ្ទាល់។

អ្នកស្រីថ្លែងថា៖​«រាល់ពេលដែលមានព្រឹតិ្តការណ៏សំខាន់ៗនៅទីក្រុងហុងកុង ឧទាហរណ៍ដូចជាការប្រគល់សិទ្ធកាន់កាប់ហុងកុងទៅឲ្យចិនដីគោកវិញកាលពីឆ្នាំ១៩៩៧ ការផ្ទុះកូដកម្មនាពេលកន្លងមក ហើយបញ្ហានៅឆ្នាំនេះទាក់ទងនឹងច្បាប់សន្តិសុខថ្មី។ វាតែងតែធ្វើឲ្យពលរដ្ឋហុងកុងមានការចាប់អារម្មណ៍ខ្លាំងចំពោះការទៅរស់នៅបរទេស រួមទាំងប្រទេសកាណាដាជាដើម» ។

តម្លៃអចលនទ្រព្យនៅហុងកុងបានឡើងថ្លៃខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានធ្វើឲ្យហុងកុងក្លាយជាទីផ្សារអចលនទ្រព្យដែលថ្លៃជាងគេបំផុតនៅលើពិភពលោក។ ដូច្នេះ សម្រាប់ពលរដ្ឋហុងកុងមួយចំនួនដែលកំពុងស្វែងរកលំនៅដ្ឋានថ្មីនៅក្រៅប្រទេស បញ្ហាតម្លៃមិនសូវចោតជាបញ្ហាសម្រាប់ពួកគេទេ។ ផ្ទះនៅហុងកុងមានតម្លៃជាមធ្យមជាង ១.២ លានដុល្លារ គឺខ្ពស់ជាងតម្លៃផ្ទះទំហំដូចគ្នានៅក្នុងទីក្រុងឡុងដែលមានប្រមាណ ៦៥ ម៉ឺនដុល្លារ។

ដោយមើលឃើញពីការដាក់ឱ្យអនុវត្តច្បាប់សន្តិសុខនៅទីក្រុងហុងកុងដែលបានចូលជាធរមាននៅថ្ងៃទី ៣០ ខែមិថុនា រដ្ឋាភិបាលអង់គ្លេសបាននិយាយថា អ្នកកាន់លិខិតឆ្លងដែនជាតិក្រៅប្រទេសអង់គ្លេស ដែលភាគច្រើនជាអ្នករស់នៅហុងកុង​ កើតមុនឆ្នាំ ១៩៩៧ មានសិទ្ធរស់នៅអង់គ្លេសរយៈពេល៥ឆ្នាំ ហើយបន្ទាប់មកអាចដាក់ពាក្យស្នើសុំសញ្ជាតិតាមក្រោយ។

ប្រជាជនហុងកុងកាន់លិខិតឆ្លងដែនចក្រភពអង់គ្លេស។ រូបភាព៖ Asian Nikkei Review 

លោក Eli McGeever អនុប្រធានក្រុមហ៊ុន Sohoapp.com​ ដែលជាក្រុមហ៊ុនអនឡាញសម្រាប់អចលនទ្រព្យអន្តរជាតិប្រចាំនៅហុងកុងបាននិយាយថា ពលរដ្ឋហុងកុងធ្លាប់ជាអ្នកទិញអចលនទ្រព្យនៅក្រៅប្រទេសសម្រាប់ទុកចំណេញដ៏លេចធ្លោមួយ តែកំណើនការទិញផ្ទះនៅក្រៅប្រទេសនាពេលនេះគឺក្នុងគោលដៅសម្រាប់រស់នៅអចិន្ត្រៃយ៍។

ទោះបីជាមិនមានតួរលេខផ្លូវការស្តីពីចំនួនប្រជាជនហុងកុងដែលបានទិញផ្ទះនៅបរទេសក៏ដោយ ប៉ុន្តែការចង់ទិញអចលនទ្រព្យនៅក្រៅប្រទេសត្រូវបានគេមើលឃើញនៅក្នុងបណ្តាប្រទេសដែលនិយាយភាសាអង់គ្លេសផ្សេងៗក្រៅពីអង់គ្លេស ដែលរួមមានដូចជា ប្រទេសអូស្រ្តាលី និង កាណាដាជាដើម។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង