ទីផ្សារអចលនទ្រព្យខេត្តសៀមរាបនឹងល្អប្រសើរបន្ទាប់ពីផ្លូវ ៣៨ខ្សែនេះស្ថាបនារួចរាល់

Bunthoeun Chhut 04/September/2020 16:53
ចែករំលែក

ខេត្តសៀមរាប​៖ ​ទីផ្សារ​អចលនទ្រព្យក្នុងខេត្តសៀមរាបនឹងប្រែប្រួលជាវិជ្ជមាននាពេលខាងមុខ ស្របពេលរដ្ឋាភិបាលសម្រេចស្ថាបនាឡើងវិញនូវបណ្តាញផ្លូវមេធំៗរហូតដល់ទៅ ៣៨ខ្សែក្នុងក្រុងសៀមរាប​។ នេះបើតាមអ្នកឯកទេស​ដីធ្លីប្រចាំខេត្តសៀមរាប។

រដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះបានសម្រេចបញ្ចេញកញ្ចប់ថវិការ​ ១៥០ លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន​​៣៨ខ្សែឡើងវិញក្នុងក្រុងសៀមរាប ដោយរំពឹងថានៅចុងឆ្នាំ ២០២១ នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។

លោក សោ​ម សីហា​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានឱ្យដឹង​ថា ការស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយធំនេះ នឹងជួយទាក់ទាញការ​វិនិយោគ និងលំហូរទេសចរ​ណ៍បន្ថែមទៀតមកទស្សនាខេត្តទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយ​នេះ។ ​លោកបន្តថា និន្នាការនេះនឹងជួយបង្កើនសក្តានុពលទីផ្សារអចលនទ្រព្យ ជាពិសេសហាងឆេងដីធ្លីនៅតំបន់ជាយក្រុងក្នុងខេត្តសៀមរាប។

លោកថ្លែងថា៖ «បច្ចុប្បន្នទីផ្សារ​អចលនទ្រព្យចាប់ងើបឡើងវិញខ្លះៗហើយ ព្រោះកំណើនលំហូរទេសចរណ៍ក្នុងស្រុក បានធ្វើឱ្យមានតម្រូវការក្នុងការជួល។ ហើយនៅពេលហេដ្ឋរចនាសម្ព័ន្ធទាំងនេះបញ្ចប់ការសាងសង់ នោះវិស័យអចលនទ្រព្យនឹងមានសន្ទុះកំណើនខ្លាំងឡើងវិញទាំងការទិញ-លក់ និងជួល។»

លោក សោ​ម សីហា​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប

បើតាមអ្នកឯកទេសទីផ្សារដីធ្លីរូបនេះ ការ​ដាក់លក់ទីតាំងដីនៅតែមានចំនួនច្រើន ហើយតម្លៃនៅរក្សាលំនឹងថេរ ដែលមិនទាន់មានការប្រែប្រួលនោះទេ។ សម្រាប់ទីតាំងដីនៅតាមតំបន់ផ្លូវវត្តបូព៍មានតម្លៃដាក់លក់ចន្លោះពី ៦០០ ទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រាការ៉េ ខណៈដែលទីតាំងដីដែលមានចំងាយ១ គីឡូម៉ែត្រពីម្តុំផ្លូវផាប់ស្រ្ទីត (Pub Street) អាចមានតម្លៃដាក់រហូតដល់ ១៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបានបន្ថែមថា សម្រាប់ហាងឆេងដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមាន​ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារលើនិងជិតម្តុំផ្សារម៉ាក្រូ ​ដាក់លក់ក្នុងតម្លៃចន្លោះពី​ ៣៥០ ទៅ ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការខុសគ្នានៃតម្លៃគឺអាស្រ័យលើចម្ងាយនៃទីតាំងធៀបនឹងទីប្រជុំជនពាណិជ្ជកម្ម។

ដីធ្លីដែលមាន​ចំងាយពី ២ ទៅ៣ គីឡូម៉ែត្រ​ពីផ្សាររាត្រីវិញ មានតម្លៃដាក់លក់ចន្លោះពី ៦០០ ទៅ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬទីតាំងខ្លះមានតម្លៃចន្លោះពី ១ ០០០ ដុល្លារ ទៅ ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកសីហាបានបន្តថា៖ «តំបន់នៅជាយៗទីរួមខេត្តនៅមានសក្តានុពលច្រើន តម្លៃក៏នៅធូរថ្លៃ ពោលគឺជាទីតាំងដែលគួរវិនិយោគបច្ចុប្បន្ន ដើម្បីទទួលផលចំណេញនៅពេលអនាគត ព្រោះជាទូទៅកាលណាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អ នោះតម្លៃដីនឹងឡើងថ្លៃ។»

យោងតាមក្រសួងសារធារណការ និងដឹកជញ្ជូន ផ្លូវទាំង ៣៨ខ្សែដែលមានប្រវែងសរុបជាង ៩៨ គីឡូម៉ែត្រ ដែលជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តនេះផងដែរ។

ក្រសួងបានអះអាងថា៖ «គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប។»

គួររំលេចផងដែរ រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ចេញរួចទៅហើយនូវ​កញ្ចប់ថវិការ​ប្រមាណ ៣០០ ដុល្លារ សម្រាប់គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចចម្បងរបស់កម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង