ទីផ្សារដីធ្លីជិតព្រលានយន្តហោះភ្នំពេញថ្មីនឹងងើបម្តងទៀតនារយៈពេលពីរ-បីឆ្នាំក្រោយ

Bunthoeun Chhut 03/September/2020 20:24
ចែករំលែក

ខេត្តកណ្តាល៖ ប្រតិបត្តិការទិញ-លក់ដីធ្លីនៅជិតទីតាំងគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមិនសូវមានការទិញ-លក់ច្រើនដូចគ្រាកន្លងមកនោះទេ ហើយតម្លៃទៀតសោត​ក៏រក្សាលំនឹងថេរនារយៈពេលពីរ ឬបីខែចុងក្រោយនេះ តែអាចនឹងងើបឡើងវិញក្នុងដំណាក់កាលព្រលានយន្ត​ហោះសាងសង់រួចរាល់។ នេះបើតាមអ្នកឯកទេសដីធ្លី។

លោក ជាម ប៊ុនជួ ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកណ្តាល បានឱ្យដឹងថា តម្លៃដីធ្លីនៅស្រុកកណ្តាលស្ទឹងបច្ចុប្បន្ន​បានរក្សាក្នុងលំនឹងចន្លោះពី ៧០ ទៅ ៩០ ដុល្លារ (តម្លៃទិញ-លក់) ក្នុងមួយម៉ែត្រការ៉េ។​ ហាងឆេងនេះគឺសម្រាបប់ទីតាំងដីដែលចុះពីផ្លូវជាតិលេខ ២ ចំងាយ​ ៤ ទៅ ៥គីឡូម៉ែត្រឆ្ពោះទៅកាន់គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

លោកបន្តថា មុនពេលគម្រោងព្រលានយន្តហោះនេះមិនទាន់ចាប់ផ្តើមសាងសង់ តម្លៃដីនៅតំបន់នោះដាក់លក់ជាមធ្យមចន្លោះពី ១០ ទៅ ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបានកើនមកដល់៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។

លោកថ្លែងថា៖ «​ដីនៅតំបន់ហ្នឹងបានឡើងក្នុងកម្រិតមួយខ្ពស់រួចទៅហើយ អ៊ីចឹងវានៅទ្រឹងមួយរយៈ។ ប៉ុន្តែតម្លៃដីនៅតំបន់នេះនឹងហក់ឡើងម្តងទៀតក្នុងដំណាក់កាលទីពីរ គឺនៅពេលដែលព្រលានសាងសង់រួចជាស្ថាពរ។»

លោក ជាម ប៊ុនជួ ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកណ្តាល

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា លាតសន្ធឹងពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងផ្នែកដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។  អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ហើយរំពឹងថានឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានលើកឡើងស្របគ្នានេះដែរ​ថា សកម្មភាពទិញ-លក់មិនសូវមមាញឹកដូចក៏ពិតមែន ប៉ុន្តែនៅតែមានភ្ញៀវសួរនាំពីទីផ្សារដីធ្លីទាំងនៅក្នុងស្រុកណ្តាលស្ទឹង និងស្រុកស្អាង (នៅខាងក្រោយគម្រោងព្រលានយន្តហោះថ្មី)។

លោកគូសបញ្ជាក់ថា មានម្ចាស់ទ្រព្យពឹងឱ្យជួយដាក់លក់មានចំនួនប្រាំមួយកន្លែងនាពេលបច្ចុប្បន្ន ជាពិសេសនៅជាប់ផ្លូវជាតិលេខ ២ មានតម្លៃដាក់លក់ (asking price) ជាមធ្យមចន្លោះពី ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា សម្រាប់ទីផ្សារដីធ្លីនៅស្រុកស្អាងឯណោះវិញក៏មានអ្នកចាប់អារម្មណ៍

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ

ច្រើនគួរសមដែរ ព្រោះដីនៅធូរថ្លៃហើយអាចមានឱកាសចំណេញច្រើន ពោលគឺមធ្យមតម្លៃដាក់លក់ចន្លោះពី ៣០ ទៅ៦០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។

លោកថ្លែងថា៖ «បន្ទាប់ពីផ្លូវជាតិលេខ ២ សាងសង់រួចរាល់ ហើយព្រលានយន្ត​ហោះថ្មីចាប់ផ្តើមបើកដំណើរការ​។ តម្លៃដីនៅទីនោះ [ផ្លូវជាតិលេខ២] នឹងមានហាងឆេងខ្ពស់ ហើយការដោះដូរក៏នឹងមានកំណើនច្រើនដែរ។»

យោ​ងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ ចាប់ផ្តើមស្ថានាឡើងវិញកាលពីខែកុម្ភះ ឆ្នាំ ២០២០ ហើ​យគ្រោងនឹងបញ្ជប់នៅឆ្នាំ ២០២២។  គម្រោងធ្វើឱ្យធ្វើប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២នេះ គិតចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់អូរចំបក់ (ខេត្តតាកែវ) មានប្រវែងប្រមាណ ៦២ គីឡូម៉ែត្រ សាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ។

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ បានឱ្យដឹងថា ការអភិវឌ្ឍគម្រោងព្រលានយន្តហោះភ្នំពេញថ្មី បានជះឥទ្ធិលដល់ទីផ្សារដីធ្លីនៅស្រុកបាទីក្នុងខេត្តតាកែវផងដែរ ហើយហាងឆេងដីធ្លីនៅតាមជាប់កំណាត់ផ្លូវជាតិលេខ ២ ក្នុងស្រុកបាទីមានតម្លៃដាក់លក់ចាប់ពី ១៥០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ប៉ុន្តែសម្រាប់ទីតាំងដីស្រែក្នុងស្រុកបាទីដែលនៅក្បែរព្រំប្រទល់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ មានតម្លៃត្រឹមតែ ៥០ ទៅ ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យតាមទីតាំងនៃដី។  យ៉ាងណាមិញ លោកចិន ក៏បានអះអាងស្រដៀងគ្នានឹងអ្នកជំនាញឯកទេសដីធ្លីប្រចាំខេត្តកណ្តាលដែរថា ទីផ្សារដីធ្លីនៅស្រុកបាទីដែលជិតគម្រោងព្រលានយន្តហោះអន្តរជាតិនេះ មិនសូវមានសកម្មភាពមមាញញឹកខ្លាំងទេដូចមុនក៏ពិតមែន តែឱកាសចំណេញនៅតែមានសម្រាប់ការវិនិយោគរយៈពេលវែង។ ​

គម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី៖ រូបភាព៖ ទំព័រហ៊្វេសបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង