សណ្ឋាគារនិងកាស៊ីណូ Nagaworld បង្ហាញគម្រោងពង្រីកខ្លួនទៅខេត្តសៀមរាប និងខេត្តព្រះសីហនុ

Bunthoeun Chhut 31/August/2020 13:23
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុន Naga Corp ដែលគ្រប់គ្រង​ប្រតិបត្តិការ​កាស៊ីណូ Nagaworld នៅកម្ពុជា ​បាន​បង្ហើបពីបំណងពង្រីកអាជីវកម្មរបស់ខ្លួនទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗពីររបស់កម្ពុជា គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប។ នេះ​បើ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆមាស​របស់​ក្រុមហ៊ុនដែលបាន​ចេញផ្សាយចុងសប្តាហ៍មុន។​

​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Naga Corp ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង បានឱ្យដឹងថា​ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍រីស៊តចម្រុះ (Integrated Resort) ក្នុងខេត្តសៀមរាប និង​ខេត្តព្រះសីហនុដើម្បីបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន។ Integrated Resort ជាទូទៅគឺសំដៅលើអាជីវកម្មដែលបណ្តុំដោយសណ្ឋាគារ ​កាស៊ីណូ ​និងសាលសន្និសីទ និងហាងលក់រាយខ្នាតអន្តរជាតិជាដើម។ យ៉ាងណាក៏ដោយ Integrated Resort ខ្លះ ក៏មិនមានកាស៊ីណូដែរ តែក្នុងកម្រិតភាគតិច។

របាយការណ៍ដែលមានកម្រាស់២៥ទំព័រនេះរបស់ Naga Corp ​បានបញ្ជាក់ថា គម្រោងអភិវឌ្ឍថ្មីនេះ​នឹងជួយផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។​

ក្រុមហ៊ុនបានលើកឡើងថា៖ «នេះជាបំណងរបស់ក្រុមហ៊ុន ដែលត្រូវបានមើលឃើញថា​ជាអ្នកអភិវឌ្ឍន៍រីស៊តចម្រុះដែលមានលក្ខណៈទូលំទូលាយ និងប្រកបដោយគុណភាព ជា​មួយនឹងការផ្តោតលើការបង្កើតប្រភពចំណូលមិនមែនល្បែងផងដែរ។ យើងរំពឹងថា ការអភិវឌ្ឍរីស៊តចម្រុះដែលរួមបញ្ជូលទាំងល្បែង​ និងមិនមែនល្បែង នឹងជួយយឹតយោងគ្នាទៅវិញទៅមក។»

របាយការណ៍របស់ក្រុមហ៊ុន​មិនទាន់ពន្យល់លម្អិតពីផែនការ​អភិវឌ្ឍន៍រីស៊តក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទាំងពីរ​នេះនៅឡើយទេ ហើយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តអភិវឌ្ឍគម្រោង Naga 3 របស់ខ្លួន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។

យោងតាម​របាយការណ៍ប្រចាំឆមាស ប្រាក់ចំណូល​ដុលពីអាជីវកម្ម​ល្បែង (GGR) ​របស់​ NagaWorld ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះមាន​ ៣៧២​ លាន​ដុល្លារ ថយ​ចុះក្នុងរង្វង់ ៥៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ដែលមានប្រមាណ ៨៧២លានដុល្លារ។

គួររំឮកថា លោក រស់ ភិរុណ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​លើ​​កាស៊ីណូ​នៅ​សៀមរាប​នោះ​ទេ​។

សម្រាប់អ្នកជំនាញទីផ្សារ​ដីធ្លីក្នុងខេត្តសៀមរាប និង​ខេត្តព្រះសីហនុ យល់ឃើញថា ប្រសិនបើមានការអភិវឌ្ឍគម្រោង​រីស៊តទាំងនោះមែន​ដូចអ្វីដែលក្រុមហ៊ុនបានគ្រោង​​ នោះនឹងជួយបង្កើនសក្តានុលពលវិនិយោគនិ​ងតម្លៃទីផ្សារដីធ្លីក្នុងខេត្តទាំងពីរនេះកាន់តែល្អប្រសើរ។


អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង