ក្រុមហ៊ុន KE Holdings Inc ឬគេស្គាល់ថា Beike ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេរបស់ចិនដែលបម្រើសេវាកម្មទិញ-លក់លំនៅដ្ឋានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា បានសម្រេចចុះបញ្ជីជួញដូរភាគហ៊ុនរបស់ខ្លួនជាផ្លូវការហើយនៅលើផ្សារហ៊ុនសហរដ្ឋអាមេរិក។
មានមូលដ្ឋាននៅទីក្រុងប៉េកាំង ក្រុមហ៊ុន Beike បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) នៅលើផ្សារហ៊ុនក្រុងញូញ៉ក (NYSE) ដោយបានគៀរគរមូលនិធិសរុប ២,១ ពាន់លានដុល្លារអាមេរិក។
IPO របស់ក្រុមហ៊ុនេះមានភាគហ៊ុនសរុប ១០៦ លានហ៊ុន ជាមួយនឹងតម្លៃ ២០ ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងតម្លៃដាក់ស្នើដំបូងទៅទៀតដែលតម្លៃស្នើនោះមានតម្លៃចន្លោះពី ១៧ ដុល្លារ ទៅ ១៩ ដុល្លារក្នុងមួយហ៊ុន។ ភាគហ៊ុនដែលបានដាក់ឱ្យមានការជួញដូរនៅថ្ងៃដំបូងហក់ឡើងដល់ ៣៥ ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងតម្លៃដាក់ស្នើហូតដល់ ៧៥ ភាគរយ។ ហើយការបិទបញ្ចប់នៃការជួញដូរក្នុងថ្ងៃដំបូងគឺរក្សាបានតម្លៃ ៣៧ ដុល្លារក្នុងមួយហ៊ុន។
បង្កើតឡើងក្នុងឆ្នាំ ២០០១ ពោលគឺមានអាយុកាលជិត ២ទស្សវត្សរ៍ហើយដែលក្រុមហ៊ុននេះបានឈរជើងក្នុងវិស័យអចលនទ្រព្យ។ Beike មានក្រុមហ៊ុនបច្ច្ចេកវិទ្យាយក្សធំៗចំនួនពីរជាម្ចាស់ភាគហ៊ុនដែលនៅពីក្រោយខ្នងក្រុមហ៊ុនមួយនេះ មានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះរបស់ជប៉ុន SoftBank Group និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings Ltd ក្រោមការគ្រប់គ្រងរបស់លោក Pony Ma ដែលជាមហាសេដ្ឋីពាន់លានលំដាប់ទី១ នៅប្រទេសចិននាពេលបច្ចុប្បន្ន។
កាលពីឆ្នាំ ២០១៩ ចំនួនការនៃការទិញ-លក់ផ្ទះតាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Beike មានជាង ២លាន២សែនករណី។ ហើយក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២០នេះ ក្រុមហ៊ុន Beike រកបានប្រាក់ចំណូលសរុប១.៧៧ ពាន់លានដុល្លារ ហើយបន្ទាប់ពីផាត់ទាត់ចំណាយផ្សេងៗ ចំនួនទឹកប្រាក់ដែលចំណេញសុទ្ធមានប្រមាណជាង ២២៧លានដុល្លារ។