ខេត្តកែប៖ ខេត្តកែបដែលជាគោលដៅទេសចរដ៏លេចធ្លោមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រផ្សេងទៀត ក៏កំពុងក្លាយជាទិសដៅដ៏ទាក់ទាញក្នុងការទិញ-លក់ដីធ្លីផងដែរ ជាពិសេសតំបន់បីកន្លែងក្នុងខេត្តនេះ។
តំបន់ទាំងបីកន្លែងនេះមានដូចជា តំបន់ស្ថិតនៅតាមបណ្តោយផ្លូវ ៣៣A ដោយគិតចាប់ពីរង្វង់មូលសេះស ចូលមកក្រុងកែប, តំបន់តាមជើងភ្នំនៅក្នុងក្រុងកែប ក្រោយឧទ្យានសាលាខេត្ត និងតំបន់តាមឆ្នេរអង្កោល។ នេះបើតាមការលើកឡើងរបស់ លោក ផៃ ចាន់បូរ៉ា ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខេត្តកែប។
លោក បូរ៉ា បានឱ្យដឹងថា ទីតាំងដីធ្លីនៅតាមបណ្តាយផ្លូវ ៣៣A មានការទិញ-លក់ច្រើនគួរសម ព្រោះដីនៅទូលាយហើយតម្លៃនៅធូរថ្លៃ ដែលស័ក្កសមសម្រាប់ការវិនិយោគលើសណ្ឋាគារ និងផ្ទះសំណាក់។ ហាងឆេងដីធ្លីបច្ចុប្បន្ននៅតំបន់នេះមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រាការ៉េ។
លោកបូរ៉ា បានបន្តថា សម្រាប់តំបន់ពីរផ្សេងទៀតជាទីតាំងសក្តានុពលសម្រាប់អភិវឌ្ឍជារីសត និងបឹងកាឡូជាដើម។ ទីផ្សារដីធ្លីបច្ចុប្បន្ននៅតាមជើងភ្នំនៅក្រុងកែបមានតម្លៃជាមធ្យម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដែលទីតាំងដីនៅតាមបណ្តោយឆ្នេរអង្កោលជាមធ្យមមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក ផៃ ចាន់បូរ៉ា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកែប
លោកថ្លែងថា៖ «ក្នុងចំណោមតំបន់់ទាំងបីនេះ ឱកាសវិនិយោគដែលនឹងអាចទទួលបានចំណេញខ្ពស់នាពេលអនាគត គឺទីតាំងដីធ្លីនៅតាមបណ្តោយឆ្នេរអង្កោល។ ព្រោះបច្ចុប្បន្នមានគម្រោងអភិវឌ្ឍផ្លូវភ្ជាប់ពីឆ្នេរកែប ភ្ជាប់ទៅនឹងឆ្នេរអង្កោលឆ្ពោះទៅទល់ដែនវៀតណាម ហើយតម្លៃដីនៅតាមបណ្តោយឆ្នេរនេះអាចនឹងហក់ឡើងពាក់កណ្តាលនៃតម្លៃទីផ្សារបច្ចុប្បន្ន នៅពេលគម្រោងអភិវឌ្ឍផ្លូវតាមឆ្នេរនេះរួចរាល់»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែឧសភា កន្លងមក ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានឱ្យដឹងថា កន្លងមកវិនិយោគិនបរទេសមួយចំនួនបានមកធ្វើការសិក្សាស្វែងយល់ចំពោះសក្តានុពលទាំងនៅបណ្តាកោះ និងឆ្នេរនៅខេត្តរួមមកហើយ។ ហើយកោះទាំង ១៣ នៅមិនទាន់មាការអភិវឌ្ឍទេសចរណ៍ដែលទាក់ទាញនៅឡើយទេបើទោះបីជាមានគម្រោងវិនិយោគលើកោះមួយចំនួនរួមមាន កោះពោរ និងកោះទន្សាយជាដើម។
ឯកឧត្តមថ្លែងថា៖ «រដ្ឋបាលខេត្តនឹងទាក់ទាញវិនិយោគជាតិ និងអន្តរជាតិដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តឱ្យមានសន្ទុះរីកចម្រើនបន្តទៀត»។
ស្របជាមួយគ្នានេះដែរ ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាននិងកំពុងដំណើរការជាបណ្ដើរៗហើយ ដែលក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
ផែនការមេនេះ ក៏ត្រូវបានរដ្ឋបាលខេត្តស្នើឱ្យដាក់បញ្ចូលដូចជា ការអភិវឌ្ឍឆ្នេរខ្សាច់ទេសចរណ៍ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់រហូតដល់ព្រៃកោងកាង) និងឆ្នេរខ្សាច់អង្កោល ក៏ដូចជាការបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចនៅកោះទន្សាយ ការរៀបចំឱ្យមានកន្ត្រកខ្សែរ៉កសម្រាប់ឱ្យទេសចរជិះលេងកម្សាន្តពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀតជាដើម។
សេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្នុងខែសីហា នេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕

ទិដ្ឋភាពមើលពីលើរង្វង់មូលសេសស។ រូបភាព៖ Z1News

ទិដ្ឋភាពតាមបណ្តោយផ្លូវ ៣៣A។ រូបភាព៖ Z1News

ទិដ្ឋាភាពមើលពីលើនៅតាមបណ្តោយឆ្នេរអង្កោល។ រូបភាព៖ Z1News

ទិដ្ឋាភាពតាមបណ្តោយឆ្នេរអង្កោល។ រូបភាព៖ Z1News