ទីផ្សារដីធ្លីខេត្តកំពតបច្ចុប្បន្នជាឱកាសវិនិយោគទទួលបានផលចំណេញ ព្រោះហេតុផលទាំងនេះ

Bunthoeun Chhut 19/August/2020 13:01
ចែករំលែក

អ្នកឯកទេសដីធ្លីប្រចាំខេត្តកំពតបានអះអាងថា ទីផ្សារដីធ្លីក្នុងខេត្តកំពត​នាពេលបច្ចុប្បន្ន ជាឱកាសវិនិយោគដែលនឹងអាចទទួលបានផលចំណេញខ្ពស់នៅពេលទីផ្សារមានកំណើនល្អនាពេលអនាគត។

លោក មាស ឌីម ប្រធានសាខាក្រុមហ៊ុនឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខេត្ត​កំពតបានឱ្យដឹងថា ទីផ្សារ​ធ្លីបច្ចុប្បន្នក្នុងតំបន់ជុំវិញខេត្ត និងទីតាំងដីសម្រាប់បម្រើដល់វិស័យទេសចរណ៍​ មានការដាក់លក់ច្រើនគួរឱ្យកត់សម្គាល់បើធៀបនឹងដើមឆ្នាំ ហើយតម្លៃដីនៅធូរថ្លៃ ដែលនេះជាឱកាសមិនគួរមើលរំលងក្នុងការវិនិយោគដើម្បីបង្កើតប្រាក់ចំណេញ។

លោក មាស ឌីម ប្រធានសាខាក្រុមហ៊ុនឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខេត្តកំពត

លោក មាស ឌីម ប្រធានសាខាក្រុមហ៊ុនឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខេត្តកំពត

លោកឌីម បញ្ជាក់ថាគិតមកទល់ពេលនេះ មានអចលនទ្រព្យប្រមាណ ១៣០ កន្លែងដែលម្ចាស់ទ្រព្យបានដាក់លក់តាមរយៈក្រុមហ៊ុន Century 21 Zillion Holding ហើយចំនួននេះមិនរាប់បញ្ជូលទីតាំងដីធ្លីផ្សេងៗទៀតដែលដាក់លក់ដោយផ្ទាល់ពីម្ចាស់ទ្រព្យនោះទេ។​

លោកថ្លែងថា៖  «សម្រាប់អ្នកដែលមានលុយ ហើយអាចទិញដីស្តុកទុកនៅពេលនេះ នឹងមានឱកាសទទួល​ផលចំណេញច្រើន។ ព្រោះបច្ចុប្បន្នទីផ្សារដាក់លក់ច្រើនជាងអ្នកទិញ ដែលធ្វើឱ្យតម្លៃនៃការដាក់លក់ទីតាំងដីធ្លីទាំងនោះនៅធូរថ្លៃ ដោយសារភាគច្រើនម្ចាស់ដីដែលដាក់លក់ត្រូវការទុនបង្វិល »។

លោកឌីមបានបន្តថា៖ «កន្លងមកមានការដាក់លក់ច្រើនគួរសមដែរ​ តែមិនច្រើនហើយក៏មិនសូវមានទីតាំងល្អច្រើនដូចនៅពេលបច្ចុប្បន្ននេះទេ។ ជាពិសេស​ទីតាំងដីដែលឋិតនៅជាប់មាត់ព្រែក ជាប្រភេទដីធ្វើអាជីវកម្មសម្រាប់បម្រើដល់វិស័យទេសចរណ៍…មានភ្ញៀវស្វែងរកទិញច្រើននៅតំបន់នេះ»។

អ្នកឯកទេសទីផ្សារដីធ្លីរូបនេះបានគូសបញ្ជាក់ថា ហាងឆេងដីធ្លីដាក់លក់ក្នុងទីរួមខេត្តកំពត ដែលមានទីតាំងក្បែរៗផ្សារមានតម្លៃដាក់លក់ចន្លោះ១ ពាន់ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។ ហើយបើចេញទីរួមខេត្តប្រហែល ១ ទៅ ២ គីឡូម៉ែត្រ នោះតម្លៃដីថយមកត្រឹមចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​​​​ ចំណែកឯ ទីផ្សារដីធ្លីនៅតំបន់ជាប់ព្រែកដែលស្ថិតនៅក្នុងក្រុងកំពត​ និងស្រុកទឹកឈូ មានតម្លៃដាក់លក់ជាមធ្យមចាប់ពី ៥០ ទៅ ៥០០ ដុល្លារ និង​ទីតាំងខ្លះហក់ដល់ ១០០០ ក្នុងមួយម៉ែត្រការ៉េ។

លោកឌីម បានបន្ថែមថា សម្រាប់សកម្មភាពទិញ-លក់ដីធ្លីនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ ៣ ដែលគិតត្រឹមចំងាយ ៣ គីឡូម៉ែត្រចូលទីរួមខេត្ត ក៏កំពុងមានកំណើនល្អផដែរនាពេលបច្ចុប្បន្ន ហើយតម្លៃដីជាមធ្យមចន្លោះពី ២ ទៅ ៣ម៉ឹន​ដុល្លារក្នុងមួយម៉ែត្រដើរ (បណ្តោយដីចន្លោះពី ៤០ ទៅ ៥០ ម៉ែត្រ)។

ដោយឡែកដីសម្រាប់ការធ្វើចម្ការជាមធ្យមមានតម្លៃដាក់លក់ចន្លោះពី ៣ ទៅ ២០ ដុល្លារ​ដោយអាស្រ័យលើទីតាំងនៃដី។ លោកបានកត់សម្គាល់ថា ដីចម្ការ​ធុរេនមានការទិញ-លក់​ផុសផុលច្រើនជាងគេ​ បើធៀបនឹងដីចម្ការផ្សេងៗទៀត ព្រោះជីវជាតិដីមានអំណោយផលខ្ពស់សម្រាប់ដំណាំធុរេនក្នុងខេត្តកំពត។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង