មិនថាតែការវិនិយោគលើវិស័យដីធ្លី ឬការវិនិយោគលើវិស័យណាមួយនោះទេ មូលដ្ឋាននៃចំណេះដឹងសម្រាប់ការវិនិយោគ ជាកត្តាសត្យានុម័ត និងចាំបាច់ ដែលលោកអ្នកគួរស្វែងយល់ឱ្យបានច្បាស់ ដើម្បីឱ្យការវិនិយោគនោះទទួលបាននូវភាពសមប្រកប។
លោក វ៉ា វីរៈ ដែលជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានផ្តល់ពីដំបូន្មានសំខាន់ៗមួយចំនួនដើម្បីជាប្រទីបដល់ប្រិយមិត្តអ្នកអានកើតជាប្រយោជន៍ សម្រាប់ចំណេះដឹងវិនិយោគលើវិស័យដីធ្លី ក្នុងការបញ្ចៀសហានិភ័យផ្សេងៗ និងជាគន្លឹះវិនិយោគដើម្បីទទួលបានផលចំណេញ។
១) គោលបំណង (Goal or Purpose)
លោក វីរៈ បានលើកឡើងថា លោកអ្នកត្រូវមានគោលដៅច្បាស់លាស់ ថាតើការទិញដីនោះក្នុងគោលបំណងជាការវិនិយោគលើការអភិវឌ្ឍគម្រោងដូចជារីសត ឬលំនៅដ្ឋាន, ទិញដើម្បីវិនិយោគបង្កើតជាលំហូរសាច់ប្រាក់ (cash flow) ឬមួយទិញទុកដើម្បីយកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ (capital appreciation)។
២) ស្វែងយល់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគ (Budget and Finance)
បន្ទាប់ពីលោកអ្នកដឹងពីគោលបំណងនៃការវិនិយោគនោះហើយ លោកអ្នកត្រូវសិក្សាពីលទ្ធភាពនៃចំនួនទឹកប្រាក់ដែលលោកអ្នកអាចលៃលកក្នុងការទិញ។ ហើយថាតើការវិនិយោគនោះប្រើប្រាស់លុយខ្លួនឯងសុទ្ធ ឬក៏ការខ្ចីបុលមួយផ្នែកណាមួយពីធនាគារមកកវិនិយោគ ដែលត្រង់ចំណុចនេះលោកអ្នកត្រូវចេះថ្លឹងថ្លែងពីលទ្ធភាពក្នុងការដោះស្រាយទៅលើបញ្ហាសងត្រលប់។ សណ្ឋានដី ក៏ជាកត្តាសំខាន់ផងដែរ ដែលលោកអ្នកគួរពិចារណា ហើយដើម្បីដឹងពីសណ្ឋានដីនោះ ត្រូវចេះប្រើ Google Map, Google Earth និងបន្ទាប់មកគឺត្រូវទៅមើលទីតាំងជាក់ស្តែង។
៣) ទីតាំងយុទ្ធសាស្រ្ត (Location)
ទីតាំងជាកត្តាស្លាប់រស់ នៅពេលដែលលោកអ្នកទិញអចលនទ្រព្យ ព្រោះតម្លៃគឺអាស្រ័យលើទីតាំងសក្តានុពល ដែលនេះមានន័យថា លោកអ្នកគួរសម្លឹងមើលទីតាំងដីដែលឋិតនៅតាមបណ្តោយផ្លូវធំ ឬទីតាំងឋិតនៅកែងកាច់ជ្រុង។ ដូច្នេះការទិញអចលនទ្រព្យជាដី លោកអ្នកគួរទិញកន្លែងណាដែលជាទីតាំងយុទ្ធសាស្រ្ត។ ជាថ្មីម្តងទៀត ដូចអ្វីដែលរៀបរាប់ក្នុងចំណុចទីមួយ អ្វីដែលសំខាន់អាស្រ័យលើគោលបំណង ថាតើការទិញដីនោះសម្រាប់ការធ្វើវិស័យកសិកម្ម ឬសម្រាប់ការវិនិយោគលើម្រោងផ្តោតលើវិស័យទេសចរណ៍។
«អចលនទ្រព្យ ប្រៀបដូចជាការថើប។ អ្វីដែលសំខាន់បំផុតនោះគឺ ទីតាំង»
“Real Estate is like kissing. The most important thing is location”
៤) ការបែងចែកតំបន់ (Zoning and Protected Zone)
បន្ទាប់ពីលោកអ្នកដឹងពីគោលបំណងនៃការទិញ ហើយត្រូវទិញនៅកន្លែងណា។ ដូច្នេះ ការស្វែងយល់ពីការបែងចែកតំបន់នេះគឺជារឿងសំខាន់ ដែលលោកអ្នកត្រូវសិក្សាពីផែនការមេ (master plan) ថាតើតំបន់នោះ ជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម កសិកម្ម ឬឧស្សាហកម្ម។ មួយវិញទៀត លោកអ្នកក៏ត្រូវដឹង និងប្រុងប្រយ័ត្នផងដែរចំពោះទីតាំងដីមួយចំនួន ដូចជាទីតាំងដែលឋិតក្នុងតំបន់ការពារ (ការកំណត់កម្ពស់ក្នុងការសាងសង់) ឧទ្យានជាតិ ឬជាតំបន់បេតិកភណ្ឌ ជាដើម។
៥) ហេដ្ឋារចនាសម្ព័ន្ធ (Utilities)
ប្រសិនបើលោកអ្នកទិញដីក្នុងបំណងអភិវឌ្ឍលំនៅដ្ឋាន ចាំបាច់ត្រូវមើលទៅលើទីតាំងដីនោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែរឬទេ ដូចជាបណ្តាញគមនាគមន៍ (ផ្លូវថ្នល់) បណ្តាញទឹក(ស្អាត) ភ្លើង និងបណ្តាញលូជាដើម។
៦) ផ្លូវច្បាប់ (Legal)
ត្រង់ចំណុនេះលោកអ្នកត្រូវពិនិត្យទៅលើទិដ្ឋភាពផ្លូវច្បាប់ ថាតើទីតាំងដីនោះជាប្លង់ទន់ រឺប្លង់រឹង ហើយទីតាំងដីនោះមានជម្លោះដែរឬទេ។ ព្រោះប្រសិនបើលោកអ្នកទិញចំទីតាំងដីជាប់បណ្តឹងនៅអាជ្ញាធរ ឬតុលាការ សុរិយោដីនឹងមិនអាចផ្ទេរឈ្មោះឱ្យបាននោះទេ។
«វិនិយោគអចលនទ្រព្យ ទទួលបានប្រាក់ចំណេញឬក៏ខាត គឺអាស្រ័យនៅពេលដែលយើងទិញ។ ហេតុដូច្នេះ ពេលទិញ គឺត្រូវប្រុងប្រយ័ត្នបំផុត មានន័យថា បើទិញត្រូវចំណុច អាចចំណេញបានច្រើន។ តែបើទិញខុស កុំថាឡើយប្រាក់ចំណេញ សូម្បីតែរួចខ្លួនក៏មិនអាចផង»

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាគ្រូបង្វឹកមួយរូបប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានចូលរួមចែករំលែកចំណេះដឹងក្នុងយុទ្ធនាការផ្សព្វផ្សាយឱកាសការងារ និងវិនិយោគអចលនទ្រព្យ នាពេលកន្លងមក