ខេត្តសៀមរាប៖ ទីផ្សារដីធ្លីនៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគឺជាទីផ្សារដែលផ្តល់ឱកាសល្អសម្រាប់អ្នកមានលុយច្រើនដើម្បីទិញចូលទុកចំណេញ ស្របពេលអចលនទ្រព្យប្រភេទនេះកំពុងដាក់លក់កាន់តែច្រើនឡើងនិងសុទ្ធសឹងមានទីតាំងនៅតំបន់សក្តានុពល។
លោក សោម សីហា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានឱ្យដឹងថាចំនួនដីធ្លីល្អៗដែលកំពុងដាក់លក់បានកើនឡើងគួរឲ្យកត់សម្គាល់នៅពីរ បីខែចុងក្រោយនេះដោយក្នុងនោះគ្រាន់តែតំបន់ផ្លូវជាតិលេខ ៦ ជិតផ្សារលើ និងម្តុំផ្សាររាត្រី មានការដាក់លក់តាមក្រុមហ៊ុន Century 21 Zillion Holding ដល់ទៅជាង ១០ ទីតាំង។ លោកបញ្ជាក់ថា ចំនួនដាក់លក់ជាក់ស្តែងមានច្រើនជាងនេះទៀត បើរាប់បញ្ចូលចំនួនដាក់លក់ផ្ទាល់ខ្លួន។
លោកថ្លែងថា៖«មួយរយៈនេះខាងយើងខ្ញុំទទួលបាន [ដីដាក់លក់] ជាច្រើនហើយសុទ្ធតែមានទីតាំងល្អៗ។ តែតម្លៃលក់នៅថេរ ហើយបើថាទីតាំងល្អអាចមានតម្លៃលើទីផ្សារបន្តិចផង។ រហូតមកទល់ពេលនេះ អត់ទាន់មានតម្លៃក្រោមទីផ្សារទេបើទោះបីស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក៏ដោយ»។

លោក សោម សីហា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប
យោងតាមការឲ្យដឹងពីលោកសីហា ហាងឆេងដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារលើនិងជិតម្តុំផ្សារម៉ាក្រូ ដាក់លក់ក្នុងតម្លៃចន្លោះពី ៣៥០ ទៅ ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការខុសគ្នានៃតម្លៃគឺអាស្រ័យលើចម្ងាយនៃទីតាំងធៀបនឹងទីប្រជុំជនពាណិជ្ជកម្ម។
ដីធ្លីដែលមានចំងាយពី ២ ទៅ៣ គីឡូម៉ែត្រពីផ្សាររាត្រីវិញ មានតម្លៃដាក់លក់ចន្លោះពី ៦០០ ទៅ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬទីតាំងខ្លះមានតម្លៃចន្លោះពី ១ ០០០ ដុល្លារ ទៅ ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
មិនមានទិន្នន័យជាក់លាក់ពីកំណើនចំនួនដីដាក់លក់នៅខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះទេ តែអ្នករកស៊ីក្នុងវិស័យនេះបានអះអាងស្រដៀងគ្នាថាពិតជាមានកំណើនការដាក់លក់នៅពីរ ទៅបីខែចុងក្រោយនេះមែន។
លោក ឆែម សំអូន ស្ថាបនិកក្រុមហ៊ុន We All Property ក្នុងខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ថាការអភិវឌ្ឍផ្ទះអាជីវកម្មដែលមានទីតាំងក្នុងក្រុង និងផ្ទះលំនៅដ្ឋានតម្លៃមធ្យមនៅជាយៗក្រុងកំពុងមានការកើនឡើង ហើយទីផ្សារនេះកំពុងមានតម្រូវការល្អ។
លោកបន្តថា៖«គម្រោងអភិវឌ្ឍលំនៅដ្ឋានកំពុងហក់ឡើងខ្លាំងនាពេលបច្ចុប្បន្ន ដែលនេះជាកត្តា ដ៏សំខាន់ដែលនឹងរួមចំណែកដល់ទីផ្សារដីធ្លីក្នុងខេត្តសៀមរាបនាពេលអនាគត»។
អ្នកស្រី សូត សុវណ្ណ អាជីវករនៅខេត្តសៀមរាប និងតែងទិញ-លក់ដីធ្លីដើម្បីយកចំណេញបានឱ្យដឹងថា ខេត្តសៀមរាបកំពុងមានគម្រោងអភិវឌ្ឍន៍លំនៅឋានបែបលម្ហែកាយដែលមានចំងាយពី ៨ ទៅ ១០ គីឡូម៉ែត្រពីទីរួមខេត្ត។
អ្នកស្រីបញ្ជាក់ថា៖«កំណើនគម្រោងអភិវឌ្ឍន៍កាន់តែច្រើនបែបសណ្ឋានជាងមុននឹងបង្កើនតម្រូវការដីធ្លី ហើយនឹងមានឥទ្ធិពលដល់តម្លៃដីនាពេលខាងមុខ»។
ក្រុមហ៊ុន Century 21 Zillion Holding ដែលមានឯកទេសខាងទិញ លក់ ជួល ដីធ្លីនឹងរៀបចំវគ្គ «បណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តសៀមរាប» នៅថ្ងៃអាទិត្យ ទី ៩ ខែសីហាឆ្នាំ 2020 ខាងមុខដែលនឹងធ្វើឡើងនៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center។
បងប្អូនអាចចូលរួមវគ្គបណ្តុះបណ្តាលនេះដោយសេរីឥតគិតថ្លៃ។ ដើម្បីចុះឈ្មោះចូលរួម សូមចុច link នេះដើម្បីបំពេញព័ត៌មានមួយចំនួន ឬទាក់ទងទៅលេខទូរស័ព្ទ៖ 085 791 777/ 098 592 333 / 061759777