ភ្នំពេញ៖ ទឹកប្រាក់ពីទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំមុនមានចំណែកធំជាងគេធៀបនឹងវិស័យផ្សេងៗដោយមានដល់ទៅជាងពាក់កណ្តាលនៃទំហំទុនវិនិយោគសរុប។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាក្នុងស្ថានភាពជំងឺកូវីត-១៩ របស់ធនាគារពិភពលោក។
របាយការណ៍ដែលចេញផ្សាយកាលពីខែឧសភាឆ្នាំ ២០២០ បានបង្ហាញថា លំហូរទុនពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០១៩ មានប្រមាណ ៣.៥ ពាន់លានដុល្លារ ហើយក្នុងចំណោមនោះទុនវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យមាន ៥១ ភាគរយ។
របាយការណ៍បញ្ជាក់ថា៖«កាលពីឆ្នាំ ២០១៩ វិស័យសំណង់ និងអចលនទ្រព្យរួមចំណែកដល់ទៅមួយភាគបីនៃកំណើនសេដ្ឋកិច្ច»។
របាយការណ៍ដដែលបញ្ជាក់ថា៖«ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជាកាន់តែកើនឡើងខ្លាំងដោយមានការហូរចូលនៃទុនវិនិយោគក្រៅប្រទេស។ ក្នុងចំណោមទុនវិនិយោគក្រៅប្រទេសទាំងអស់ ការវិនិយោគពីចិនមានដល់ទៅ ៤០ ភាគរយហើយភាគច្រើននៃវិនិយោគពីចិននេះគឺវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ»។
ស្របពេលលំហូរវិនិយោគផ្ទាល់ពីបរទេស និងពីចិនមកកម្ពុជាមានការប៉ះពាល់ខ្លះៗនៅដើមឆ្នាំនេះដោយសារវិបត្តិជំងឺកូវីត ព័ត៌មានទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចចិនអាចជួយឲ្យស្ថានភាពនៅឆមាសទី២មានភាពល្អ។
ក្រុមហ៊ុន UBS Group AG ដែលជាក្រុមហ៊ុនធ្វើជំនួញជាច្រើនប្រទេស លើវិស័យធនាគារ និងហិរញ្ញវត្ថុ មានមូលដ្ឋាននៅប្រទេសស្វីស បានបង្កើនការព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចចិនពី ១.៥ ភាគរយមក ២.៥ ភាគរយក្នុងឆ្នាំនេះ ដោយសារសន្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងកំណើនវិនិយោគដ៏ខ្លាំងខ្លារបស់ចិន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។
សារព័ត៌មាន Bloomberg ចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុន UBS Group បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងមានអត្រាកំណើន ៥.៥ ក្នុងត្រីមាសទី៣ បើធៀបនឹងដើមឆ្នាំមុន ហើយអត្រាកំណើនេះនឹងហក់ឡើងដល់ ៦ ភាគរយក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ។