ខេត្តកំពត៖ តំណាងសហគមន៍អេកូទេសចរណ៍សំខាន់មួយនៅខេត្តកំពតរំពឹងថានឹងមានកំណើនទេសចរក្នុងស្រុកទៅទស្សនាខេត្តកំពត និងតំបន់ទេសចរបែបធម្មជាតិយ៉ាងគម្ហក់នាថ្ងៃឈប់សម្រាករយៈពេលវែងខាងមុខដោយសារកិច្ចសហការផ្សព្វផ្សាយ និងនាំភ្ញៀវពីក្រុមហ៊ុនភ្នាក់ងារទេសចរ។
លោក សឹម ហ៊ីម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានថ្លែងប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News នៅថ្ងៃទី ២៨ កក្កដានេះថា សហគមន៍មួយនេះតែងទទួលភ្ញៀវទេសចរប្រមាណ ៥០០ នាក់ក្នុងមួយថ្ងៃសម្រាប់ថ្ងៃចុងសប្តាហ៍ធម្មតា ហើយរំពឹងថាចំនួននេះនឹងកើនទ្វេដងដល់ ១០០០ នាក់ក្នុងមួយថ្លៃសម្រាប់ថ្ងៃឈប់សម្រាកនៅខែសីហាខាងមុខ។
លោកថ្លែងថា៖«ឥឡូវនេះ សូម្បីតែថ្ងៃសម្រាកចុងសប្តាហ៍យើងក៏ស្ទះកន្លែងសា្នក់នៅដែរ ហើយទម្រាំថ្ងៃឈប់សម្រាកខែក្រោយ ប្រហែលជាអាចច្រើនជាងការរំពឹងទុក»។
កំណើនភ្ញៀវជាបន្តបន្ទាប់នៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែនេះ គឺបន្ទាប់សហគមន៍នេះបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនទេសចរណ៍ឆាមមីង ខេមបូឌា ធួរ កាលពីពេលថ្មីៗនេះ ក្នុងកិច្ចសហការផ្សព្វផ្សាយ និងបញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់សហគមន៍នេះ។ កិច្ចសហការនេះអនុញ្ញាត្តិឲ្យក្រុមហ៊ុនទេសចរណ៍ឆាមមីង ខេមបូឌា ធួរ ដាក់បញ្ចូលសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែជាគោលដៅផ្សព្វផ្សាយដំណើរទស្សនៈកិច្ចទេសចរនិងអចលនទ្រព្យនៅខេត្តកំពត ដោយភ្ជាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាមួយគម្រោងវីឡាលម្ហែកាយ Forest Harmony ដែលជាគម្រោងវីឡាលម្ហែកាយ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។

លោក សឹម ហ៊ីម អង្គុយខាងស្តាំ ក្នុងពិធីចុះអនុស្សារណៈយោគយល់។ រូបភាព៖ Z1News
ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ១៧ ដល់់ថ្ងៃទី ២១ ខែសីហា (រយៈពេលប្រាំថ្ងៃ) សម្រាប់ជាថ្ងៃ ឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលត្រូវបានផ្អាកកន្លងមក តំបន់ទេសចរទាំងពីរខាងលើ និងទីតាំងនានានៅខេត្តកំពតនឹងមានភ្ញៀវទេសចរកាន់តែច្រើនឡើង។
មានចំងាយប្រហែល ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត សហគមន៍ទេសចរណ៍ត្រពាំងសង្កែមានបម្រើសេវាកម្មទេសចរណ៍មួយចំនួនដូចជា ជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែកត្រពាំងសង្កែ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេសគឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ។ សម្រាប់ថ្លៃសេវាកម្មស្នាក់នៅតម្លៃ ១២ ដុល្លារក្នុងមួយបន្ទប់គេងក្នុងមួយយប់។
លោកប្រធានមន្ទីទេសចរណ៍ខេត្តកំពត សយ ស៊ីណុល ធ្លាប់បានបញ្ជាក់ថាកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នារបស់ក្រុមហ៊ុនភ្នាក់ងារទេសចរ និងសហគមណ៍ទេសចរណ៍ត្រពាំងសង្កែនឹងជួយទាក់ទាញភ្ញៀវទេសបន្ថែមទៀតមកខេត្តកំពត ហើយការអភិវឌ្ឍន៍គម្រោងវីឡាលំហែកាយរបស់ក្រុមហ៊ុន Forest Harmony បានជួយបង្កើតផលិតផលទេសចរថ្មីដែលកំពុងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកកម្សាន្តនិងស្នាក់នៅខេត្តកំពតឲ្យបានយូរជាងមុន ៕

សម្រស់ធម្មជាតិតាមបណ្តោយព្រែកត្រពាំងសង្កែ ឆ្ពោះទៅព្រៃកោងកាង។ រូបភាព៖ Z1News

សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ។ រូបភាព៖ Z1News

ផ្លូវចូលទៅគម្រោងវីឡាលម្ហែកាយ Forest Harmony។ រូបភាព៖ Z1News

ទីតាំងគម្រោងវីឡាលម្ហែកាយ Forest Harmony។ រូបភាព៖ Z1News