ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺកំពុងជំរុញគម្រោងវិនិយោគរោងចក្រថ្មីៗឱ្យដាក់ទីតាំងតាមបណ្តោយផ្លូវជាតិលេខ ៤៤ បន្ថែមលើទីតាំងរោងចក្រដែលមានស្រាប់ ដែលនឹងបង្កើតឱកាសថ្មីៗដល់តំបន់ជុំវិញ។
បច្ចុប្បន្ន គេសង្កេតឃើញថាតាមបណ្តោយផ្លូវជាតិលេខ ៤១ មានចំនួនរោងចក្រច្រើនជាងគេក្នុងខេត្តកំពង់ស្ពឺ ខណៈដែលទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ ៤៤ នៅមានរោងចក្រតិចតួចនៅឡើយ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិនិយោគិនថ្មីៗនៅតែបន្តស្នើសុំការវិនិយោគលើរោងកច្រក្នុងខេត្តកំពង់ស្ពឺនាពេលនេះ ហើយរដ្ឋបាលខេត្តបានលើកទឹកចិត្តឲ្យម្ចាស់គម្រោងទៅវិនិយោគនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់នោះ។
ឯកឧត្តមសំណាងថ្លែងថា៖«រោងចក្រដែលវិនិយោគនេះមិនមែនមានតែនៅស្រុកគងពិសីទេ គឺយើងខិតខំទាក់ទាញអ្នកវិនិយោគដាក់នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ (តាមបណ្តយផ្លូវជាតិលេខ ៤១) … ហើយឥឡូវនេះ យើងខិតខំរុញទៅផ្លូវលេខ ៤៤ ហើយប៉ុន្មានថ្ងៃនេះខ្ញុំបានចុះហត្ថលេខា[អនុម័ត]លើរោងចក្រពីរបន្ថែមទៀតក្នុងដំណាក់កាលកូវីដ-១៩ អោយទៅវិនិយោគនៅតំបន់នោះ។”
យោងតាមទិន្នន័យពីរដ្ឋបាលខេត្តកំពង់ស្ពឺ នៅទូទាំងខេត្តមានរោងចក្រធុនធំចំនួន ១៦១រោងចក្រ ដោយប្រើប្រាស់កម្លាំងពលកម្មសរុបចំនួនជាង ១២ ម៉ឺននាក់។ រោងចក្រកំពុងដំណើរការមានចំនួន ១៤៣ កន្លែង ខណៈរោងចក្រកំពុងសាងសង់មានចំនួន ១៨កន្លែងបន្ថែមទៀត។ តួរលេខនេះ បើគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២០ ។
ផ្លូវជាតិលេខ ៤៤ ជាផ្លូវឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន ៤ របស់ខេត្តកំពង់ស្ពឺ មានដូចជាស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដែលជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនជាមួយប្រទេសថៃ។ ចំណែកឯ ផ្លូវជាតិលេខ ៤១ តភ្ជាប់ជាមួយនឹងខេត្តកំពត។
លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ដែលចុះស្រាវជ្រាវពីផ្សារអចលទ្រព្យក្នុងខេត្តនេះ បានឱ្យដឹងថា តំបន់ផ្លូវជាតិលេខ ៤៤ និងតាមផ្លូវ ៤១ ជាទីតាំងដែលមានគម្រោងវិនិយោគរោងចក្រឧស្សាហកម្ម និងគម្រោងថ្មី។
លោកបានបន្តថា៖«ក្រៅពីគំរោងចក្រឧស្សាហកម្ម តំបន់ទាំងពីរនេះក៏បានទាក់ទាញគំរោងអភិវឌ្ឍលំនៅឋានមួយចំនួនផងដែរ ហើយសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការទិញ-លក់ដីធ្លីនៅជុំវិញតំបន់ក្បែរនោះ”។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ
របាយការណ៍សន្ទស្សន៍ដីធ្លីក្នុងកំពង់ស្ពឺរបស់ក្រុមហ៊ុន VTrust Appraisal ដែលជាក្រុមហ៊ុនឯកទេសខាងវាយតម្លៃអចលនទ្រព្យបានបង្ហាញថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ដែលមានចំងាយពីទីរួមខេត្តប្រមាណ ៧ គីឡូម៉ែត្រ អាចមានតម្លៃ ១ម៉ឺន ៣ ពាន់ដុល្លារក្នុងមួយម៉ែត្រដើរ (ទំហំដីក្បាលដី ១៥ ម៉ែត្រ និងមានបណ្តោយចន្លោះពី ៦៥ ទៅ ៧០ ម៉ែត្រ)។ សម្រាប់ទីតាំងដែលនៅក្បែរោងចក្រ មានតម្លៃរហូតដល់ទៅ ២ ម៉ឺនដុល្លារក្នុងមួយម៉ែត្រដើរ (ទំហំក្បាលដីចន្លោះពី ៨០ ទៅ ១០០ ម៉ែត្រ និងមានបណ្តោយ៦០ ម៉ែត្រ) ។
របាយការណ៍៍ដដែលបានបន្ថែមថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ចាប់ពីចំណុចហួសផ្សារវត្តអង្គ មានតម្លៃដាក់លក់ (asking price) ចន្លោះពី ២៥ ទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែតម្លៃលក់ជាក់ស្តែងអាចថយនៅត្រឹម ២១ ទៅ ២២ ដុល្លារក្នុងម៉ែត្រការ៉េប៉ុណ្ណោះ។ ដោយឡែកទីតាំងដែលក្បែរៗរោងចក្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ នេះអាចមានតម្លៃចន្លោះពី ៥០ ទៅ ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកអោក គ្រី ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា គិតមកទល់ពេលនេះទីផ្សារដីធ្លឺនៅតាមបណ្តោយផ្លូវជាតិ ៤១ មានសកម្មភាពលេចធ្លោជាងគេ តែតម្លៃទីផ្សារដីធ្លីក្នងតំបន់ទាំងពីរមិនទាន់មានការប្រែប្រួលខ្លាំងទេធាបនឹងឆ្នាំមុន។
លោកថ្លែងថា៖«យើងសង្កេតឃើញថា ការទិញ-លក់ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៤១ មានសកម្មភាពច្រើនជាងតំបន់ផ្លូវជាតិលេខ ៤៤ ព្រោះមានភ្ញៀវជាច្រើនចង់បានដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ជាពិសេសសម្រាប់ទុកធ្វើជាឃ្លាំងស្តុកទំនិញ”។
កាលពីឆ្នាំ ២០១៩ ទុនវិនិយោគលើវិស័យសំណង់ក្នុងខេត្តកំពង់ស្ពឺមានប្រមាណជាង ២១០ លានដុល្លារអាមេរិក ខណៈការវិនិយោគលើវិស័យរោងចក្រឧស្សាហកម្មកំពុងរីកដុះដាលក្នុងខេត្តនេះ។

ទិដ្ឋភាពតាមបណ្តោយផ្លូវជាតិលេខ ៤៤ ក្នុងខេត្តកំពង់ស្ពឺ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន ៤ របស់ខេត្តនេះ ដែលតភ្ជាប់ជាមួយផ្លូវជាតិលេខ៥។ រូបភាព៖ Z1News

រោងចក្រមួយចំនួនកំពុងដំណើរការស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤។ រូបភាព៖ Z1News

ទិដ្ឋភាពទូទៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤។ រូបភាព៖ Z1News

រោងចក្រសហគ្រាសស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១។ រូបភាព៖ Z1News

ទិដ្ឋភាពតាមបណ្តោយផ្លូវជាតិលេខ ៤១ ឆ្ពោះទៅខេត្តកំពត។ រូបភាព៖ Z1News