ខេត្តមណ្ឌលគិរី៖ ទីតាំងលេចធ្លោ ៤ កន្លែងនៅជិតក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរីកំពុងទទួលបានគម្រោងវិនិយោគលើសំណង់លំនៅដ្ឋានបែបលម្ហែកាយ និងគម្រោងរមណីយដ្ឋានកាន់តែច្រើនជាងមុន ដែលធ្វើឲ្យទីផ្សារដីធ្លីនៅតំបន់នេះកាន់តែរស់រវើកឡើង។ នេះបើយោងតាមអ្នកជំនាញអចលនទ្រព្យប្រចាំខេត្តមណ្ឌលគិរី។
លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា តំបន់ចំនួន 4 នៅក្រុងសែនមនោរម្យរួមមានដូចជា ភូមិពូតាំង ភូមិពូលួង ភូមិឡាវកា និងឃុំដាក់ដាំកំពុងទទួលបានគម្រោងវិនិយោគិនធំៗលើការសាងសង់ រីហ្សត បឹងកាឡូ និងលំនៅឋានលម្ហែកាយជាដើម។
លោកបន្តថា៖ «បច្ចុប្បន្នទីតាំងទាំងបួនក្នុងខេត្តមណ្ឌលគិរីនេះ កំពុងមានតម្រូវការទិញ-លក់ដីធ្លីកាន់តែច្រើនឡើងនៅឆ្នាំនេះ»។ លោកបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗនៅភ្នំពេញមួយចំនួនបានទិញដីធំៗរួចហើយ និងក្រុមហ៊ុនខ្លះទៀតកំពុងស្វែងរកទិញដីនៅតំបន់ទាំង 4 នេះសម្រាប់ត្រៀមទុកអភិវឌ្ឍន៍។

លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី
លោករិទ្ធីជ័យបន្ថែមថា៖«ក្រៅពីក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនបរទេសមកពីជប៉ុនបានចាប់ដៃគូវិនិយោគជាមួយអ្នកវិនិយោគក្នុងស្រុកដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានលម្ហែកាយ និងពីកូរ៉េវិនិយោគលើគម្រោងដាំដុះដំឡូងបារាំងនៅតំបន់ជាយក្រុងសែនមនោរម្យផងដែរ»។
របាយការណ៍សន្ទស្សន៍ដីធ្លីក្នុងខេត្តមណ្ឌលគិរីរបស់ក្រុមហ៊ុន VTrust Appraisal ដែលជាក្រុមហ៊ុនឯកទេសខាងវាយតម្លៃអចលនទ្រព្យបានបង្ហាញថា តម្លៃដីនៅភូមិពូលួង (នៅក្នុងក្រុងសែនមនោរម្យ) មានតម្លៃចន្លោះពី ៣ ៥០០ ទៅ ៤ ០០០ ដុល្លារក្នុងមួយម៉ែត្រដើរ ដែលកើនឡើងពីត្រឹម ១ ៥០០ ទៅ ២ ០០០ ដុល្លារកាលពីឆ្នាំមុន។
ទីផ្សារដីធ្លីក្នុងភូមិពូតាំងដែលជាតំបន់នៅកៀកនឹងទីរួមខេត្ត មានតម្លៃចន្លោះពី ២ ០០០ ដុល្លារទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រដើរ (បណ្តោយចន្លោះពី ៤០ ម៉ែត្រ ទៅ ១៥០ មែត្រ) កើនឡើងគួរឲ្យកត់សម្គាល់ពីត្រឹម ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន ។ ដោយឡែក ដីនៅភូមិឡាវកាអាចមានតម្លៃចន្លោះពី ១ដុល្លារ ទៅ ៣ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដែលកៀកនឹងរមណីយដ្ឋាន និងសមុទ្រឈើ ។
លោក កេត ឌីកាន ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថាទីតាំងនៅតំបន់ទាំង ៤ ខាងលើមានសក្តានុពលខ្ពស់សម្រាប់វិនិយោគជា រីហ្សត លំនៅដ្ឋានលម្ហែកាយ និងផ្ទះសំណាក់ជាដើម។ លោក ឌីកាន បញ្ជាក់ថាគម្រោងរីហ្សតចំនួន ៦ គម្រោងកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់បន្ថែមលើគម្រោងវិនិយោគដែលមានស្រាប់ ខណៈដែលតំបន់ពូលួង កំពុងមានការរីកដុះដាលលើគម្រោងលំនៅដ្ឋាន និងរីស៊តផងដែរ។
យោងតាមព័ត៌មានពីរដ្ឋបាលខេត្តមណ្ឌលគិរី ខេត្តនេះមានធនធាននិងតំបន់ទាក់ទាញទេសចរណ៍៣៦កន្លែងរួមមាន តំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច និងតំបន់ធម្មជាតិផ្សេងៗទៀត។
តាមរយៈសក្តានុពលនេះ រដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានអន្តរជាតិមួយទៀតនៅខេត្តមណ្ឌលគិរី ដែលនឹងធ្វើឲ្យខេត្តនេះកាន់តែទាក់ទាញទាំងសម្រាប់គោលដៅវិនិយោគ និងទេសចរណ៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា រដ្ឋបាលខេត្តបានត្រៀមដីទុកប្រមាណ ៦០០ ហិកតាសម្រាប់គម្រោងនេះដែលមានចម្ងាយប្រមាណ ២២ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។
ការប្រកាសគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានថ្មីក្នុងខេត្តមណ្ឌលគិរីនេះ ស្របពេលដែលរដ្ឋាភិបាលគ្រោងបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប នៅភូមិភាគឦសាន ដែលគ្របដណ្ដប់ដោយខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ហើយអាចរួមមានការតភ្ជាប់ជាមួយនឹងខេត្តព្រះវិហារ។
មានការរំពឹងទុកថា នាពេលអនាគត ឧស្សាហកម្ម កៅស៊ូ និងកសិឧស្សាហកម្មដទៃទៀត នឹងកើនឡើងនៅក្នុងតំបន់ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយនេះ៕