ព្រះសីហនុ៖ ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុកំពុងចាប់ផ្តើមងើបឡើងវិញគួរឲ្យកត់សម្គាល់ ហើយស្ថិតក្នុងដំណើរប្រកបដោយសុខុមាលភាពខ្ពស់ជាងមុនដោយសារកំណើនពេលនេះគឺសមស្របតាមតម្លៃសេដ្ឋកិច្ចជាក់ស្តែង។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថាបន្ទាប់ពីមានការថមថយខ្លះដោយសារការបិទអាជីវកម្មល្បែងអនឡាញកាលពីចុងឆ្នាំមុន ក្រុងព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ស្របតាមស្ថានភាពជាក់ស្តែងដែលកំពុងទទួលបានការវិនិយោគធំៗពីចិន និងវិនិយោគិនបរទេសផ្សេងទៀត។ លោកបន្តថា សក្តានុពលវិនិយោគ និង តំបន់កំពង់ផែអន្តរជាតិ ជាមួយការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធបានធ្វើឲ្យក្រុងព្រះសីហនុបន្តមានភាពទាក់ទាញសម្រាប់គម្រោងវិនិយោគបរទេស។
លោកថ្លែងថា៖«បន្តពីនេះ តម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងបន្តកើនឡើងជាលក្ខ័ណ្ឌកំណត់ដោយសេដ្ឋកិច្ច មិនមែនជាការកើនឡើងជារយៈពេលខ្លីនោះទេ»។ លោកបន្តថា ការកើនឡើងដោយសារល្បែងអនឡាញនាពេលកន្លងមកបានធ្វើឲ្យវិនិយោគិនមួយចំនួនរងផលប៉ះពាល់ផងដែរ។
ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ ទីតាំង (៤កំពុងដំណើរការ និង៦ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ព្រះសីហនុ ដែលត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តមបន្តថា ការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ សម្រេចបានប្រមាណ ៩៤% ហើយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ពិតជាបានចូលរួមចំណែកដ៏ធំធេងក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា៕