រតនគិរី៖ ខេត្តរតនគិរី ដែលស្ថិតនៅប៉ែកភាគឦសាន្តនៃប្រទេសកម្ពុជា កំពុងប្រែខ្លួនជាគោលដៅទាក់ទាញមួយសម្រាប់គម្រោងវិនិយោគលើរោងចក្រកែឆ្នៃកសិផល និងចម្ការខ្នាតធំ ដែលកំពុងរួមចំណែកជំរុញសកម្មភាពទិញ-លក់ដីធ្លីជាបន្តបន្ទាប់។ នេះបើយោងតាមឯកឧត្តមអភិបាលខេត្តរតនគិរី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃចន្ទទី ១៣ កក្កដា ឯកឧត្តម ថង សាវុន អភិបាលខេត្ដរតនគីរី បានលើកឡើងថាខេត្តរតនគិរីកំពុងទទួលបានគម្រោងវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រឧស្សាហកម្មជាច្រើនដោយគិតមកទល់ពេលនេះគម្រោងចំនួនរោងចក្រ និងសិប្បកម្មក្នុងខេត្តមានចំនួនសរុប ២៣០ ហើយបានបង្កើតឱកាសការងារជាង ១ ម៉ឺន១ពាន់កន្លែង។
ឯកឧត្តម ថង សាវុន ថ្លែងថា៖«ដោយសារសក្តានុពលដីធ្លីមានអំណោយផលលើវិស័យកសិកម្ម បានធ្វើឱ្យខេត្តនេះអាចនាំចេញកសិផលទៅក្រៅប្រទេសបានជាង ៨ ម៉ឺន ៧ពាន់តោន ដែលមានទឹកប្រាក់ប្រមាណ ៣៧ លានដុល្លារកាលពីឆ្នាំមុន»។
ឯកឧត្តម ថង សាវុន ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន ២៧ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង ១ សែន ២ម៉ឺនហិកតា ប៉ុន្តែការអនុវត្តលើការដាំដុះសម្រេចបានតែប្រមាណ ៥ ម៉ឺន ៥ ពាន់ហិកតាប៉ុណ្ណោះ។

លោក យ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី
លោក យ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរីបានលើកឡើងថាខេត្តរតនគិរីកំពុងទាក់ទាញការវិនិយោគលើវិស័យលំនៅដ្ឋាន គម្រោងដីឡូតិ៍ និងវីឡាសម្រាប់សម្ហែកាយជាដើម ស្របពេលដែលរដ្ឋាបាលខេត្តកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាផ្លូវថ្នល់អោយមានភាពល្អប្រសើរ។
លោកថ្លែងថា៖«ថ្មីៗនេះ មានភ្ញៀវជាច្រើនចាប់ផ្តើមសួរនាំពីទីផ្សារដីសម្រាប់ការធ្វើកសិឧស្សាហកម្ម។ ហើយមានភ្ញៀវខ្លះទៀតនោះ គាត់ចង់បានដីទំហំចាប់ពី១ ពាន់ ទៅ ២ ពាន់ហិចតា ដើមវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងស្វាយចន្ទី»។
ខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអត្តពឺរបស់ឡាវកំពុងសិក្សាពីលទ្ធភាពបើកច្រកទ្វារព្រំដែនទ្វេភាគី ឬការតភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទាំងនាពេលអនាគត ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម។ ការបើកច្រកនេះ នឹងរួមចំណែកពង្រឹងសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យបន្ថែមទៀតដល់ខេត្តរតនគិរី៕