កំពត៖ ខេត្តកំពតកំពុងវិវត្តន៍ខ្លួនជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ ជាពិសេសទេសចរណ៍ដែលផ្សាភ្ជាប់នឹងសម្រស់ឆ្នេរនិងធម្មជាតិ ស្របពេលក្រុមហ៊ុនទេសចរណ៍មួយបានចុះកិច្ចសហការជាមួយសហគមន៍អេកូទេសចរណ៍សំខាន់ៗបីដើម្បីនាំយកភ្ញៀវទេសចរទៅតំបន់នោះកាន់តែច្រើន។
នៅថ្ងៃសៅរ៍ទី ១១ ខែកក្កដាឆ្នាំ ២០២០ ក្រុមហ៊ុនទេសចរណ៍ឆាមមីង ខេមបូឌា ធួរ បានសម្រេចចុះអនុស្សារណៈយោគយល់គ្នាជាមួយសហគមន៍ទេសចរបីនៅខេត្តកំពតរួមមានសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ចម្ការម្រេច La Plantation និងក្រុមហ៊ុនសមាគមស្រែអំបិលធម្មជាតិ។
ពិធីចុះកិច្ចសហការនេះត្រូវបានធ្វើឡើងនៅទីតាំងគម្រោងវីឡាលម្ហែកាយ Forest Harmony ដែលជាគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយបែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតាវីឡាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។
លោកប្រធានមន្ទីទេសចរណ៍ខេត្តកំពត សយ ស៊ីណុល បានលើកឡើងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានេះថា៖ «កិច្ចព្រមព្រៀងនៅថ្ងៃនេះនឹងជួយទាក់ទាញភ្ញៀវទេសបន្ថែមទៀតមកខេត្តកំពត ហើយការអភិវឌ្ឍន៍គម្រោងវីឡាលំហែកាយរបស់ក្រុមហ៊ុន Forest Harmony នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកកម្សាន្តនិងស្នាក់នៅខេត្តកំពតឲ្យបានយូរជាងមុន»។
យោងតាមលោក សយ ស៊ីណុល ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង ១ លាន ៦ សែននាក់កាលពីឆ្នាំ២០១៩ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង ១៧ ម៉ឺននាក់។ លោកបញ្ជាក់ថាភ្ញៀវទេសចរក្នុងស្រុកម្នាក់បានចំណាយជាមធ្យម ៥០ ដុល្លារក្នុងដំណើរកម្សាន្តមួយលើក ស្របពេលភ្ញៀវទេសចរបរទេសចំណាយជាមធ្យម ១០០ ដុល្លារ ដែលបានធ្វើឲ្យចំណូលពីវិស័យទេសចរនៅខេត្តកំពតកាលពីឆ្នាំមុនមានប្រហែល ១០០ លានដុល្លារ។
ពិធីចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះមានកិច្ចសហការរៀបចំដោយក្រុមហ៊ុនអចលចលនទ្រព្យ Century 21 APEX និងក្រុមហ៊ុន ហ្វ័ររេស ហាម៉ូនី (Forest Harmony) និងបណ្តាញសារព័ត៌មានអចលនទ្រព្យ Z1 News។ ពិធីនេះក៏មានការអញ្ចើញចូលពីតំណាងសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជា និងតំណាងសភាពាណិជ្ជកម្មកំពតនិងកែបផងដែរ។
លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ ឆាមមីង ខេមបូឌា ធួរ បានលើកឡើងដោយក្តីរំពឹងថាកិច្ចសហការនៅថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ទាំង៣ ហើយនឹងជួយបង្កើនចំណូលនិងជីវភាពបងប្អូននៅតំបន់នោះឲ្យកាន់តែល្អប្រសើរ។
លោកថ្លែងថា៖«យើងនឹងបន្តរៀបចំកញ្ចប់ទេសចរថ្មីៗ ប្លែកៗបន្ថែមទៀតដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ទាំងនេះឲ្យបានកាន់តែច្រើន»។
សក្តានុពលខេត្តកំពតមិនត្រឹមតែជាតំបន់សម្រាប់ទេសចរប៉ុណ្ណោះទេ តែថែមទាំងមានសក្តានុពលខ្ពស់ក្នុងវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Forest Harmony កំពុងមានគម្រោងអភិវឌ្ឍន៍វីឡាលំហែកាយបែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតា។
លោកអ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony ថ្លែងថា៖«គម្រោងរបស់យើងមានវីឡាលម្ហែកាយបែបធម្មជាតិ មានទេសភាពព្រៃភ្នំ និងព្រៃព្រឹក្សាស្រស់ស្អាត ដែលធ្វើឲ្យបងប្អូនទាំងក្នុងប្រទេស និងក្រៅប្រទេសពីអាស៊ី និងអ៊ឺរ៉ុប មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានទស្សនាទីនោះជាប្រចាំ»៕

ពីឆ្វេងទៅស្តាំ – លោក អ៊ីន ស៊ីថា និង លោក សយ ស៊ីណុល

តំណាងក្រុមហ៊ុន និងតំណាងសហគមន៍ទេសចរណ៍ទាំងបីសហគមន៍

ទិដ្ឋភាពតំបន់ទេសចរណ៍សហគមន៍ទេសចរណ៍ត្រពាំងសង្កែ

ទិដ្ឋភាពក្នុងទីតាំងគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយ Forest Harmony