ភ្នំពេញ៖ ការនាំចេញទំនិញសរុបរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅរក្សាបានកំណើនវិជ្ជមានក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើទោះបីជាផលិតផលនាំចេញសំខាន់គឺផលិតផលកាត់ដេរបានធ្លាក់ចុះក្តី។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការរក្សាបានអត្រាកំណើនវិជ្ជមានក្នុងអំឡុងពេលនេះគឺជារឿងគួរសាទរ ព្រោះថាចរន្តសេដ្ឋកិច្ចប្រទេសជាច្រើនកំពុងប្រឈមការលំបាកដោយសារការីករាលដាលជំងឺសកលកូវីដ-១៩។
ថ្លែងក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចដែលធ្វើឡើងនៅព្រឹកថ្ងៃពុធទី ៨ កក្កដានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ទឹកប្រាក់នៅការនាំចេញទំនិញគ្រប់មុខបូកបញ្ចូលគ្នានៅតែបន្តកំណើនក្នុងរយៈពេលប្រាំខែនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានថ្លែងថា៖«ការនាំចេញផលិតផលសម្លៀកបំពាក់មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែទឹកប្រាក់នៃការនាំចេញទំនិញសរុបទាំងអស់របស់កម្ពុជា [ទៅកាន់ទីផ្សារអន្តរជាតិ] នៅតែវិជ្ជមានដដែល»។ ឯកឧត្តម វិស្សុត មិនបានគូសបញ្ជាក់ចំនួនទឹកប្រាក់នៃការនាំចេញជាក់ស្តែងនោះទេ តែលោកអះអាងថាការនាំចេញ អង្ករ កង់ ផលិតផលគ្រឿងអេឡិចត្រូនិច និងវត្ថុធាតុដើមក្នុងវិស័យកសិកកម្មកើនឡើង ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះការនាំចេញផលិតផលសម្លៀកបំពាក់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិន្និសិទ្ធនៅថ្ងៃពុធនេះ
ការនាំចេញផលិតផលសម្លៀកបំពាក់ ការបូប និងស្បែកជើងពីកម្ពុជាទៅទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះមានទឹកប្រាក់សរុបជាង ៣.៧ ពាន់ដុល្លារ គឺធ្លាក់ចុះ ៥.៤ ភាគរយបើធៀបនឹងទឹកប្រាក់កាលពីឆមាសទី ១ ឆ្នាំមុន។ នេះបើតាមទិន្នន័យពី ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការថយចុះនេះដោយសារការថមថយការលក់ចេញទំនិញទៅទីផ្សារអ៊ឺរ៉ុប បើទោះបីជាការនាំចេញទៅអាមេរិកនៅរក្សាកំណើនក្តី។
យោងតាមទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកក្នុងរយៈពេល៥ខែឆ្នាំ ២០២០មានទឹកប្រាក់ ២,៣ ពាន់លានដុល្លារ គឺកើនឡើងរហូតដល់ទៅ ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕