កំពត៖ តំបន់សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដែលមានចំងាយប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍ដើរកម្សាន្តកាន់តែច្រើនពីភ្ញៀវក្នុងស្រុក ហើយអាចក្លាយជាតំបន់អេកូទេសចរណ៍លេចធ្លោមួយនាពេលអនាគត។
តំបន់អេកូទេសចរណ៍នេះចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេសចរខ្លាំងចាប់ពីឆ្នាំ ២០១៨ ដែលកាលនោះមានអ្នកទៅទស្សនាចំនួន ៥ម៉ឺននាក់ ខណៈដែលឆ្នាំ ២០១៩ មានភ្ញៀវចំនួន ៦ ម៉ឺននាក់។ បច្ចុប្បន្ននេះ តំបន់អេកូទេសចរណ៍នេះមានភ្ញៀវចូលទស្សនាយ៉ាងហោចណាស់ ៥០០ នាក់ក្នុងមួយថ្ងៃសម្រាប់ថ្ងៃចុងសប្តាហ៍។
លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានប្រាប់គេហទំព័រអចលនទ្រព្យ Z1 News ថាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែនឹងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងចំ ណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពតនាពេលអនាគត។
សហគមន៍អេកូទេសចរណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងជាសហគមន៍នេសាទនៅដើមឆ្នាំ ២០០៥ ដើម្បីការការពារការរីករាលដាលនៃការកាប់បំផ្លាញព្រៃកោងកាង និងទប់ស្កាត់ការនេសាទត្រីខុសច្បាប់ក្នុងតំបន់សមុទ្រ។
គ្រប់ដណ្តប់លើដែននេសាទចំនួន ៤១៥ ហិចតា ក្នុងនោះដើមកោងកាងដែលបានថែរក្សានិងដាំឡើងវិញចំនួន ៥៧ ហិចតា សហគមន៍អេកូទេសចរណ៍មួយនេះបានចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅដើមឆ្នាំ ២០១៤។
យោងតាមការបញ្ជាក់ពី លោក ស៊ឹម ហៀម សហគមន៍មានបម្រើសេវាកម្មទេសចរណ៍មួយចំនួន ដូចជា ជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែកត្រពាំងសង្កែ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេសគឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ។
យោងតាមព័ត៌មានពីមន្ទីទេសចរណ៍ខេត្តកំពត បច្ចុប្បន្នខេត្តនេះមានតំបន់ទេសចរណ៍ចំនួន ១៧ កន្លែង ខណៈដែលសហគមន៍ទេសចរណ៍មានចំនួន ៤ កន្លែង និងគោលដៅទាក់ទាញ៤ កន្លែងដូចជា ចំការម្រេច ស្រែអំបិល សំណង់បេតិកភណ្ឌ និងសក្តានុពលទេសភាពដងព្រែក។
កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរណ៍ជាង ១ លាន ៦ សែននាក់បានទៅទស្សនានៅក្នុងខេត្តកំពត ក្នុងនោះមានភ្ញៀវទេសចរណ៍អន្តរជាតិមានប្រមាណ ១០ ភាគរយ។