ចំណុចសំខាន់ៗទាំង ៤ នេះកំពុងធ្វើឲ្យការវិនិយោគដីធ្លីនៅខណ្ឌកំបូលកាន់តែទាក់ទាញ

Bunthoeun Chhut 03/July/2020 12:29
ចែករំលែក

ភ្នំពេញ៖  ស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ខណ្ឌកំបូលដែលទើបត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2019 ត្រូវបានចាត់ទុកថាជាតំបន់ដែលមានសក្តានុពលខ្ពស់មួយក្នុងចំណោមតំបន់សក្តានុពលផ្សេងៗទៀតដើម្បីធ្វើការវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសដីធ្លី។ នេះបើយោងតាមអ្នកជំនាញផ្នែកទីផ្សារដីធ្លី។

លោក អ៊ឹង  ប៊ុនហួត ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌកំបូល ដែលជាក្រុមហ៊ុនអចលនទ្រព្យ​ឯកទេសខាង​ដីធ្លី ទិញ-លក់-ជួល បានលើកឡើងពីកត្តាគន្លឹះ 4 សំខាន់ៗ ដែលជួយធ្វើឱ្យខណ្ឌដែលទើបត្រូវបានបង្កើតថ្មីនេះក្លាយតំបន់វិនិយោគដីធ្លីដែលអាចទទួលបានប្រាក់ចំណេញខ្ពស់ បើធៀបនឹងខណ្ឌមួយចំនួនទៀតនៅកៀកនឹង​ទីក្រុង​។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង 4 ដែលគួរស្វែងយល់ពីសក្តានុពលអចលនទ្រព្យនៅខណ្ឌកំបូល៖

1 – ជាតំបន់ជាយក្រុងដែលមានតម្លៃដីនៅទាប តែមាន​ឱកាសចំណេញខ្ពស់

ខណ្ឌកំបូលជាតំបន់ស័ក្កសមសម្រាប់ការវិនិយោគដីធ្លីទាំងអ្នកមានប្រាក់ចំណូលទាប និងមធ្យម ដែលដីនៅតំបន់នេះនៅមានតម្លៃសមរម្យហើយអាចបំប្លែងងាយស្រួលទៅជាដីសម្រាប់សាងសង់ផ្ទះ ធ្វើឃ្លាំង​ ឬក៏សម្រាប់ទុកចំណេញ។ ខណ្ឌកំបូល ជាទីតាំងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ ដែលជាទីតាំងមានគម្រោងវិនិយោគធំៗដល់ទៅ ៩២ គម្រោងគិតមកទល់ពេលនេះ និងមានផ្ទៃដីសរុប ៣៥៧ ហិកតា។

ទិដ្ឋភាពក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ និងតំបន់ជំវិញក្នុងខណ្ឌកំបូល

2 – កំណើនគម្រោងអភិវឌ្ឍន៍លំនៅឋាន ​

ដោយសារដីធ្លីនៅកៀកកណ្តាលក្រុងកាន់តែឡើងថ្លៃ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានកាន់តែច្រើនឡើងបានកំពុងងាកទៅអភិវឌ្ឍន៍គម្រោងលំនៅឋាននៅខណ្ឌកំបូលវិញជាពិសេសគម្រោងតម្លៃសមរម្យ ដោយសារដីធ្លីនៅតំបន់នោះនៅមានតម្លៃសមរម្យ និងមានទីតាំងជិតតំបន់ពាណិជ្ជកម្មនៅកណ្តាលក្រុងដែរ។ ខណ្ឌកំបូលកំពុងមានកំណើនចំនួនប្រជាជន កំណើនសំណង់លំនៅឋាន កំណើនសកម្មភាពពាណិជ្ជកម្មទាំងខ្នាតតូច និងឧស្សាហកម្ម។

គម្រោងសំណង់លំនៅឋានកំពុងកើនឡើងនៅខណ្ឌកំបូល

3 – ហេដ្ឋារចនាសម្ព័ន្ធ និងបែបបទរដ្ឋបាលអំណោយផល  

បន្ទាប់ពីបង្កើតជាខណ្ឌថ្មីកាលពីឆ្នាំ ២០១៩ ខណ្ឌកំបូលត្រូវបានរៀបចំហេ​ដ្ឋារចនាសម្ព័ន្ធ និង​មានការអភិវឌ្ឍផ្លូវថ្នល់ជាលក្ខណៈស្តង់ដា​ដោយផ្លូវភាគច្រើនមានការចាក់បេតុង​ និងមានទំហំធំទូលាយចាប់ពី ៣០ ទៅ ៦០ ម៉ែត្រ។ លក្ខណៈពិ​សេស​ម្យ៉ាង​ទៀតនោះគឺ​ មានការផ្តល់ប្លង់រឹង​ ដែលបង្កលក្ខណៈងាយស្រួល និងបង្កើនទំនុកចិត្តខ្ពស់សម្រាប់​ការទិញ-លក់ និង​វិនិយោគ។

ផ្លូវលក្ខណៈស្តង់ដារកាន់តែច្រើនឡើងកំពុងសាងសង់នៅខណ្ឌកំបូល

4 – ទីតាំងល្អជាប់ផ្លូវក្រវ៉ាត់ក្រុង និង​ផ្លូវល្បឿ​នលឿន​

ខណ្ឌកំបូលគឺជាទីតាំងដែលមានការ​តភ្ជាប់ជាមួយផ្លូវសំខាន់ៗជាច្រើនដូចជាផ្លូវក្រវ៉ាត់ក្រុង ៤២ ផ្លូវជាតិលេខ ៣ និង​ផ្លូវជាតិលេខ ៤ ដែលផ្លូវសំខាន់ៗទាំងនេះគឺជាចរន្តតភ្ជាប់យ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ និងចរាចរណ៍មុនរវាង​ភ្នំពេញ និង​ខេត្តព្រះសីហនុ។

ក្រុមការងារជំនាញកំពុងត្រួតពិនិត្យការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

សូមជម្រាបផងដែរថា ខណ្ឌកំបូលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ 0៤ អ រ ក្រ ប កចុះថ្ងៃទី០៨ ខែមករាឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មាន៧សង្កាត់ស្មើនិង៩៣ ភូមិ មានផ្ទៃក្រឡាសរុបប្រមាណ៩ពាន់ហិកតា ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រំប្រទល់ខាងកើតទល់នឹងខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ខាងត្បូងទល់នឹងខណ្ឌដង្កោ និងព្រំប្រទល់ខាងជើងទល់នឹងខណ្ឌព្រែកព្នៅ៕​

 

 

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង