ភ្នំពេញ៖ ចំនួនស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជានៅតែកើនឡើងនៅដើមឆ្នាំនេះបើទោះបីសកម្មភាពជាក់ស្តែងនៅមិនទាន់មមាញឹកក្តី។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍បច្ចុប្បន្នភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថាក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២០ សំណើរវិនិយោគលើគម្រោងអភិវឌ្ឍន៍លំនៅឋានមានចំនួន ១ ៣៤៥ គម្រោង កើនឡើង ១៦ ភាគរយធាបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់ថា សកម្មភាពសាងសង់អាចនឹងមមាញឹកខ្លាំងវិញនៅពេលវិបត្តិជំងឺឆ្លងបានបញ្ចប់។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា៖«វិស័យសំណង់ និង អចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយដោយរំពឹងថាវិស័យសំណង់ នឹងងើបឡើងវិញជាមួយកំណើនអត្រា ៣,៣ ភាគរយ ខណៈដែលវិស័យអចលនទ្រព្យត្រូវបានព្យាករនឹងមានអត្រាកំណើន ២,៦ ភាគរយ»។
បើគិតពីចំនួនសំណើរសុំវិនិយោគលើវិស័យសំណង់សរុបវិញ ចំនួនស្នើសុំវិនិយោគមានចំនួនសរុប ១,៦៤៧ គម្រោង ដែលមានផ្ទៃក្រឡាសាសង់ជិត៧លានម៉ែត្រការ៉េ។ ចំនួននេះ កើនឡើង ២០,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគក្នុងវិស័យសំណង់វិញ មានចំនួន ៣ ពាន់លានដុល្លារនៅរយៈពេល ៤ខែដំបូងឆ្នាំនេះ គឺកើនឡើង ១២,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះបានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ទីផ្សារវិស័យអចលនទ្រព្យនៅតែបន្តដំណើរការធម្មតានៅក្នុងប្រទេសកម្ពុជា ហើយសំណង់លំនៅឋានបែបអាជីវកម្មឬហៅថា Shop House កំពុងតែពេញនិយមខ្លាំងសម្រាប់ទីផ្សារវិស័យសំណង់នៅកម្ពុជា។