ទីផ្សារអចលនទ្រព្យខេត្តព្រះសីហនុចាប់ផ្តើមបង្ហាញសញ្ញាងើបឡើងវិញ

Bunthoeun Chhut 02/July/2020 09:23
ចែករំលែក

ខេត្តព្រះសីហនុ៖  ទីផ្សារអចលនទ្រព្យក្នុង​ខេត្តព្រះសីហនុចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗហើយ ខណៈវត្តមានពាណិជ្ជករចិនបានវិលត្រលប់មកវិញ ហើយភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមកើនឡើង។

លោក អ៊ឹម សេងហួ​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំក្រុងព្រះសីហនុបានលើកឡើងថាតម្រូវការការជួលអចលនទ្រព្យនៅខេត្តព្រះសីហនុបានចាប់ផ្តើមកើនឡើងវិញបន្ទាប់ពីធ្លាក់ចុះគួរឲ្យកត់សម្គាល់កាលពីចុងឆ្នាំមុនដោយសារការបិទអាជីវកម្មល្បែងអនឡាញ និងការរាលដាលជំងឺឆ្លងកូវីដ-១៩។

ស្របពេលជំងឺនេះហាក់ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន លោក សេងហួ បានបញ្ជាក់ថាតម្រូវការជួលផ្ទះ ខុនដូ និងទីតាំងដើម្បីបើកអាជីវកម្មផ្សេងៗនាពេលនេះបានកើនឡើងចនោ្លះពី២០ ទៅ​៣០​ភាគរយបើធៀបនឹងកាលពីដើមឆ្នាំ។

លោកថ្លែងថា៖​«ពាណិជ្ជករចិនបានវិលត្រលប់មកខេត្តព្រះសីហនុវិញជាបណ្តើរៗ ហើយអ្វីដែលសំខាន់នោះគឺភាគច្រើននៃអ្នកចូលមកពេលនេះគឺជាវិនិយោគិន ដែលមានទាំងអាជីវករខ្នាតតូច និងមធ្យម ដូចជាម្ចាស់ភោជនីយដ្ឋាន អារហារដ្ឋាន និង​ហាង​លក់ទំនិញ»។ លោក​បន្តថា៖«មួយថ្ងៃៗយ៉ាងហោចណាស់យើងមានភ្ញៀវពី ២ ទៅ ៣ ក្រុមដើរមើលរកជួលផ្ទះ ខុនដូរ ឬដីជាដើម»។

យោងតាមលោក សេងហួ ទីផ្សារទិញលក់ដីធ្លីនៅមិនទាន់មានសកម្មភាពខ្លាំងដូចទីផ្សារជួលនៅឡើយ តែទន្ទឹមនេះមានវិនិយោគិនកាន់តែច្រើនឡើង​ៗចាប់ផ្តើមសាកសួរពីហាងឆេងតម្លៃដីធ្លី ដែលនេះអាចជាសញ្ញាល្អសម្រាប់សកម្មភាពទិញលក់នាពេលខ្លីខាងមុខ។

ក្រៅពីឥទ្ធិពលនៃការវិលត្រលប់របស់វិនិយោគិនជនជាតិចិន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ​ក៏កំពុងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ទីផ្សារអលចនទ្រព្យក្នុងខេត្តព្រះសីហនុផងដែរ។ ការស្ថាបនាឡើងវិញផ្លូវ៣៤ ខ្សែរដែលរដ្ឋាភិបាលចំណាយប្រមាណជាង ៣០០ លានដុល្លារអាមេរិកសម្រេ​ចការសាងសង់ជាង ៩០ ភាគរយហើយរហូតមកប្ចុប្បន្ន។

ផ្លូវ៣៤ ខ្សែរដែលរដ្ឋាភិបាលចំណាយប្រមាណជាង ៣០០ លានដុល្លារអាមេរិកសម្រេ​ចការសាងសង់ជាង ៩០ ភាគរយហើយរហូតមកប្ចុប្បន្ន។

តួរលេខបច្ចុប្បន្នភាពពីរដ្ឋាបាលខេត្តព្រះសីហនុបានឱ្យដឹងថា ជនជាតិចិនប្រមាណ ១ម៉ឺន៥ ពាន់នាក់កំពុង​រស់នៅក្នុង​ខេត្តព្រះសីហនុ។  អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកន្លងទៅថ្មីៗនេះ​ថា រាប់ចាប់ពីថ្ងៃទី ២៣ ខែ ឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា មានជនជាតិចិន ១,០៦៦ នាក់បានវិលត្រលប់មកខេត្តនេះវិញ។

យោងតាម លោក ភារម្យ ភាគច្រើននៃជនជាតិចិនទាំងនោះជាវិនិយោគិន បុគ្គលិកក្រុមហ៊ុន​ និងកម្មករ ដែលចូលមកដើម្បីបន្តអាជីវកម្ម​ខ្នាតតូច និងមធ្យម​ដែលមានស្រាប់ និងបើកអាជីវកម្មថ្មី។ ​

លោកភារម្យថ្លែងថា៖«យើងរំពឺងថាអាជីវកម្មនានានឹងអាចដំណើរការ​ប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខនេះ ហើយផែនការរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុជាទីក្រុងពាណិជ្ជកម្មចម្រុះជាតិសាសន៍និងសម្រេចបានដូចការគ្រោងទុក»៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង