បាងកក៖ ក្រុមហ៊ុនគ្រប់គ្រងដំណើរការផ្សារទំនើបនៅថៃកំពុងស្នើសុំរដ្ឋាភិបាលថៃឲ្យអនុញ្ញាត្តិឲ្យបើកចរាចរណ៍ផ្លូវអាកាសពី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ឡើងវិញដើម្បីសង្រ្គោះអាជីវកម្មលក់រាយ។
ក្រុមហ៊ុនទាំងនោះរួមមានទាំងក្រុមហ៊ុនធំៗដូចជា Siam Piwat និង The Mall Group។
លោកស្រី Mayuree Chaipromprasit អនុប្រធានក្រុមហ៊ុន Siam Piwat បានបញ្ជាក់ថាក្រុមហ៊ុនលោកស្រីនឹងស្នើទៅរដ្ឋាភិបាលដើម្បីអនុញ្ញាត្តិឲ្យមានចរាចរណ៍ទេសចរបរទេសពីប្រទេស CLMV មកកាន់ប្រទេសថៃ ដោយបញ្ជាក់ថាប្រទេសទាំង៤នោះមានករណីជំងឺកូរ៉ូណាតិចតួចប៉ុណ្ណោះ ហើយទេសចរពីប្រទេសទាំងបួនជាចំណែកសំខាន់ដល់ការទិញលក់។
លោកស្រីបញ្ជាក់ថា ទេសចរពី CLMV មានលទ្ធភាពទិញខ្ពស់ ហើយមានចំណែកធំបើធាបនឹងទេសចរបរទេសសរុបមក Siam Center, Siam Discovery និង Siam Paragon។
ទេសចរបរទេសមានចំណែក ៤០ ភាគរយនៃអ្នកដើរទិញឥវ៉ាន់នៅផ្សារទាំង៣ ខាងលើ ហើយក្នុងចំណោមនោះ ៣០ ភាគរយជាភ្ញៀវពីប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម។
លោកស្រីបញ្ជាក់ថា៖«ទេចរពីប្រទេស CLMV បានចំណាយជាមធ្យម ១០ ម៉ឺនបាត (3,235$) ក្នុងការដើរទិញឥវ៉ាន់មួយលើក។ អ្នកដើរទិញឥវ៉ាន់ទាំងនេះតែងរីករាយនឹងសេវាផ្សេងៗដូចជាទាំងផ្នែកម៉ូតទំនើប ផ្នែកសម្ផស្ស ដែលបានបង្កើតចំណូលដល់ម្ចាស់អាជីវកម្មជាច្រើន»។
អ្នកស្រី Voralak Tulaphorn ប្រធានផ្នែកទីផ្សារក្រុមហ៊ុន The Mall Group ក៏បានបញ្ជាក់ស្រដៀងគ្នាថា វិស័យលក់រាយថៃពឹងលើទេសចរបរទេស ហើយកន្លងមកដោយសារអវត្តមានទេសចរបរទេស ប្រតិបត្តិការផ្សារទំនើបធ្លាក់ចុះគួរឲ្យបារម្ភ៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍