ភ្នំពេញ៖ លោក ព្រាប កុល ដែលជាបុគ្គលល្បីឈ្មោះមួយរូបតាមរយៈការងារអភិវឌ្ឍសង្គមនាពេលកន្លងមក បានសម្រេចចូលរួមការងារជាគ្រូបង្វឹកប្រចាំក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិក Century 21 Zillion Holding ដើម្បីបង្វឹកជំនាញផ្នែកទំនាក់ទំនង និងភាពជាអ្នកដឹកនាំដល់សមាជិក និងបុគ្គលិកក្រុមហ៊ុន។
ការបណ្តុះបណ្តាល និងបង្វឹកជំនាញទាំងពីរនេះគឺឆ្លើយតបនឹងបេសកកម្មរបស់ក្រុមហ៊ុន Century 21 Zillion Holding ដែលកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ហើយកំពុងត្រូវការទីប្រឹក្សាឯកទេសដីធ្លីរហូតទៅដល់ ៣ ៨០០ នាក់ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាឲ្យបានកាន់តែប្រសើរ និងដើម្បីផ្តល់ប្រយោជន៍ជាអតិបរិមាដល់ម្ចាស់ទ្រព្យនៅកម្ពុជា។
ថ្លែងក្នុងពិធីណែនាំខ្លួនដល់ថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាជិកក្រុមហ៊ុន Century 21 Zillion Holding លោក ព្រាប កុល បានបញ្ជាក់ថាលោកបានចងក្រងមេរៀនដោយធ្វើជាវីឌីអូឃ្លីបជាច្រើនវគ្គ និងប្រធានបទដើម្បីចែកចាយជូនដល់សមាជិកគ្រួសារ Century 21 Zillion Holding ហើយជំហ៊ានបន្ទាប់លោកនឹងចូលរួមសហការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដើម្បីចូលរួមជួយរៀបចំយុទ្ធសាស្រ្តអាជីវកម្ម។
លោកថ្លែងថា៖«ខ្ញុំនឹងព្យាយាមចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយពីការជ្រើសរើសបុគ្គលិក ដោយធ្វើឲ្យមានមនុស្សច្រើននាក់ចាប់អារម្មណ៍មកចុះឈ្មោះ។ ខ្ញុំជឿថាខ្ញុំអាចជួយទូងស្គរឲ្យបានឭកាន់តែខ្លាំង តាមរយៈជំនាញរបស់ខ្ញុំ និងតាមរយៈសារព័ត៌មាន ហើយនឹងបណ្តាញសង្គមដែលខ្ញុំមានស្រាប់»។

លោកបន្តថា៖«ខ្ញុំសង្ឃឹមថា ខ្ញុំអាចជួយផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនឲ្យទទួលបានការចាប់អារម្មណ៍ ហើយខ្ញុំនឹងសហការជាមួយប្រធានសាខា Century 21 Zillion Holding ទាំងអស់ដើម្បីជួយសម្រេចការទិញ លក់ ឬក៏ភ្ជាប់បងប្អូនដែលមានចំណាប់អារម្មណ៍ [ទិញ-លក់ អចលនទ្រព្យ] ទៅកាន់ប្រធានសាខាតាមគោលដៅនីមួយៗដើម្បីធ្វើការបន្តជាមួយអតិថិជន»។

អ្នកស្រី ហ្រ្គែស រចនី ដែលជាអគ្គនាយកា នៃកុ្រមហ៊ុន Century 21 Cambodia បានសម្តែងការសប្បាយចិត្តរីករាយ ដែលបានលោក ព្រាប កុល ចូលរួមជាគ្រូបណ្តុះបណ្តាល និងបង្វឹកដល់បង ប្អូនជា សិស្សនិស្សិត នឹងអ្នកស្រលាញ់វិស័យអចលនទ្រព្យថ្មីៗ ដែលនឹងចូលរួមជាមួយមហាគ្រួសារដ៏ធំ ទូរទាំង ២៥ ខេត្តក្រុង ដែលមានចំនួនច្រើនរហូតដល់ទៅ ៣៨០០ នាក់ នៃក្រុមហ៊ុន Century 21 Zillion Holding ។
ក្រុមហ៊ុន Century 21 Zillion Holding បានពង្រីកប្រតិបត្តិការរបស់ខ្លួនគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០២០ នេះតទៅដោយផ្តោតសំខាន់តែលើទីផ្សារដីធ្លីប៉ុណ្ណោះរួមមានការទិញ លក់ និងជួល។ ក្រុមហ៊ុនបានបើកការិយាល័យថ្មី ៣៨ បន្ថែមដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាអចលនទ្រព្យនៅតាមបណ្តាខេត្ត។
កាលពីខែកុម្ភៈឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Century 21 Zillion Holding ក៏បានរៀបចំសិក្ខាសាលា «បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» មួយរួចទៅហើយ ដែលសិក្ខាសាលានាពេលនោះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជនតាមរយៈវត្តមានចូលរួមដល់ទៅជិត ៨០០ នាក់ត្រឹមវគ្គដំបូង ដែលពេលនោះ លោក ព្រាប កុល ក៏បានចូលរួមជាវាគ្មិនជំនាញមួយរូបដែរក្នុងចំណោមវាគ្មិនជំនាញទាំងអស់ ៧ រូប ដើម្បីចែករំលែកជំនាញផ្នែកទំនាក់ទំនង។
អ្នកចូលរួមទាំងជិត ៨០០ នាក់ដែលចូលរួមសិក្ខាសាលានៅវគ្គដំបូងនាពេលនោះ សុទ្ធតែបង្ហាញការពេញចិត្តនឹងការចែករំលែកចំណេះដឹងនឹងបទពិសោធរបស់វាគ្មិនជំនាញ ហើយបានចុះឈ្មោះដើម្បីបំពេញកាងារជាទីប្រឹក្សាឯកទេសដីធ្លីស្ទើរគ្រប់គ្នា។



