ភ្នំពេញ៖ ចិននឹងរក្សាគោលនយោបាយស្ថិរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុដល់វិស័យអចលនទ្រព្យ ហើយចៀសវាងប្រើប្រាស់វិស័យអចលនទ្រព្យដើម្បីជំរុញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។ នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលចិន។
យោងតាមរបាយការណ៍ធនាគារកណ្តាលចិនកាលពីឆ្នាំ ២០១៩ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ «គេហដ្ឋានគឺសម្រាប់ការរស់នៅ គឺមិនមែនសម្រាប់ទិញទុកចំណេញឡើយ»។
តម្លៃផ្ទះនៅទូទាំងប្រទេសនៅតែមានស្ថិរភាពនៅឆ្នាំ ២០១៩។ សន្ទស្សន៍តម្លៃនៃផ្ទះថ្មីក្នុងទីក្រុងលំដាប់ទី ១ មានការកើនឡើង ៤,៩ ភាគរយ និង ផ្ទះចាស់មានកំណើន ១,៧ ភាគរយ។
ទន្ទឹមនឹងនេះដែរសន្ទស្សន៍កំណើនតម្លៃសម្រាប់ផ្ទះថ្មីនិងផ្ទះលក់បន្តនៅក្នុងទីក្រុងលំដាប់ទី ២ និងទី ៣ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០១៩ ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តយន្តការរយៈពេលវែងសម្រាប់ហិរញ្ញប្បទានក្នុងវិស័យអចលនទ្រព្យ ធនាគារកណ្តាលចិនបានបញ្ជាក់ពីសារៈសំខាន់នៃការកែលម្អប្រព័ន្ធគាំទ្រលំនៅដ្ឋានរបស់រដ្ឋាភិបាលនិងការអភិវឌ្ឍទីផ្សារអចលនទ្រព្យប្រកបដោយស្ថិរភាព។
យោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅក្នុងឆ្នាំនេះ ខណៈដែលរដ្ឋនឹងគ្រប់គ្រងការទិញផ្ទះដើម្បីយកចំណេញ ប្រទេសចិនក៏នឹងអនុវត្តគោលនយោបាយជាក់លាក់របស់ទីក្រុងនៅក្នុងវិស័យនេះផងដែរ។
ប្រភព៖ China Daily