ភ្នំពេញ៖ តម្រូវការទីតាំងការិយាល័យទំនើបនឹងបន្តកើនឡើងខ្លាំងនាពេលខាងមុខ ដោយសារកំណើនសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរការយល់ឃើញរបស់ពាណិជ្ជករទៅលើអត្ថប្រយោជន៍នៃអគារការិយាល័យស្តង់ដារ។
លោក Crispian Knowles អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានលើកឡើងថា តម្រូវការទីតាំងការិយាល័យទំនើបនឹងបន្តកើនឡើងខ្លាំងនាពេលខាងមុខ ដោយបានរួមចំណែកពីការបន្តរីកចម្រើននៃសកម្មភាពពាណិជ្ជកម្មពីក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលចូលមកដាក់ទីតាំងនៅភ្នំពេញ។ លោកបន្តថា ការផ្លាស់ប្តូរទីតាំងធ្វើអាជីវកម្មពីផ្ទះល្វែង និង ផ្ទះវីឡា មកកាន់អគារការិយាល័យទំនើបក៏បន្តកើនឡើងផងដែរ ដែលកត្តានេះនឹងជំរុញកំណើនតម្រូវការការិយាល័យទំនើបនេះជាបន្តបន្ទាប់ទៀត។
លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រុមហ៊ុនជួលទីតាំងធ្វើការិយាល័យបានប្តូរពីការត្រូវការផ្ទះល្វែង ឬ ផ្ទះវីឡាដើម្បីរៀបជាកន្លែងធ្វើការ មកដាក់ទីតាំងការិយាល័យនៅអគារពាណិជ្ជកម្មវិញ»។ លោកបន្តថា៖«យើងឃើញមានការផ្លាស់ប្តូរតម្រូវការទីតាំងធ្វើការិយាល័យពីទីតាំងធូរថ្លៃពីអគារកម្រិត C មកដាក់ទីតាំងនៅអគារកម្រិត A និង កម្រិត B វិញដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងបង្កើនប្រតិបត្តិការអាជីវកម្ម»។
របាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ V Trust Appraisal មានចំណងជើងថា «ភ្នំពេញឆ្នាំ 2030s» ដែលពិនិត្យលម្អិតលើអនុវិស័យ 10 ក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា ទីក្រុងភ្នំពេញមានទំហំអគារការិយាល័យដែលមានផ្ទៃក្រលាសរុបបូកបញ្ចូលគ្នាចំនួន 631 580 ម៉ែត្រការ៉េនៅឆ្នាំ 2018។ ក្នុងចំណោមទំហំសរុបនេះ ខណ្ឌចំការមនមានចំនួនច្រើនជាងគេ បន្ទាប់មកខណ្ឌដូនពេញដែលឈរលេខរៀងទីពីរមានចំនួន 153 465 ម៉ែត្រការ៉េ។ ខណ្ឌ 7 មករា ឈរលេខរៀងទី 3 មានចំនួន 87 892 ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍ដដែល ទំហំអគារការិយាល័យសរុបនៅទីក្រុងភ្នំពេញនឹងកើនឡើងពីរដងពីចំនួនកាលពីឆ្នាំ 2018 នៅរយៈពេល 10 ឆ្នាំខាងមុខ។
របាយការណ៍ «ភ្នំពេញឆ្នាំ 2030» បានលើកឡើងថា៖«ផ្ទៃអគារការិយាល័យពីគ្រប់ប្រភេទការិយាល័យទាំងអស់បូកបញ្ចូលគ្នានឹងកើនដល់ជាង 1 លានម៉ែត្រការ៉េ នៅឆ្នាំ 2030 ក្នុងកម្រិតកំណើនធម្មតា។ ក្នុងករណីមានកំណើនល្អខ្លាំង ចំនួនសរុបបូកបញ្ចូលគ្នានឹងកើនដល់ 1,692,000 ម៉ែត្រការ៉េនៅឆ្នាំ 2030»៕