សិង្ហបុរី៖ ក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុន E-Commerce ដ៏ធំរបស់ចិនកំពុងស្ថិតក្នុងដំណើរការទិញភាគហ៊ុន ៥០ ភាគរយនៅក្នុងអគារ AXA Tower នៅសឹង្ហបុរី ដែលធ្លាប់ជាអគារខ្ពស់ជាងគេបង្អស់នៅដែនដីកោះមួយនេះតាំងពីចុងទសវត្សរ៍ ៨០។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Alibaba Group កិច្ចព្រមព្រៀងទិញលក់នេះមានទឹកប្រាក់ ១,៦៨ ពាន់លានដុល្លារ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅដំណាច់ខែមិថុនាឆ្នាំ ២០២០ ខាងមុខនេះ។
សារព័ត៌មាន Channel News Asia (CNA) របស់សឹង្ហបុរីធ្លាប់បានរាយការណ៍ថា កិច្ចព្រមព្រៀងទិញភាគហ៊ុ AXA Tower របស់ Alibaba Group នាពេលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ «បង្កើនទំនុកចិត្ត» ដល់ទីផ្សារសឹង្ហបុរីចំពេលមានវិបត្តិសេដ្ឋកិច្ច Covid-19 ។
អគារ AXA Tower ក៏ជាការិយាល័យរបស់ក្រុមហ៊ុន Lazada ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba Group ដែលមានមុខងារជា Platform ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់សម្រាប់តំបន់អាស៊ីអាគ្នេយ៍។
នៅពេលបញ្ចប់ប្រតិបត្តិការទិញលក់នេះ ក្រុមហ៊ុន Perennial Newco ដែលជាម្ចាស់អគារ AXA Tower នាពេលបច្ចុប្បន្ន និងក្រុមហ៊ុន Alibaba សឹង្ហបុរីនឹងចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីអភិវឌ្ឍអគារ AXA Tower ។
អគារ AXA គឺជាអគារកម្ពស់ ៥០ ជាន់ដែលមានទីតាំងស្ថិតនៅ 8 Shenton Way។ អគារនេះបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៩៨៦ ហើយក្លាយអគារខ្ពស់ជាងគេបង្អស់នៅសឹង្ហបុរីនាពេលនោះ។ តែយ៉ាងណាក៏ដោយ ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់សឹង្ហបុរី អគារ AXA Tower នាពេលនេះបានក្លាយជាអគារខ្ពស់ជាងគេទី ១៦ នៅសឹង្ហបុរីវិញ។