នេះជាមូលហេតុដែលសេវាវាយតម្លៃអចលនទ្រព្យជួយបង្កើនអត្ថប្រយោជន៍

Bunthoeun Chhut 28/April/2021 11:00
ចែករំលែក

ភ្នំពេញ៖ ការវាយតម្លៃអចលនទ្រព្យ គឺជាដំណើនៃការកំណត់តម្លៃទ្រព្យឲ្យស្របតាមទីផ្សារសម្រាប់ប្រភេទអចលនទ្រព្យជាក់លាក់ដូចជា ដីធ្លី ផ្ទះសម្បែង ជំនួញ ឬអគារពាណិជ្ជកម្មជាដើម។

ការវាយតម្លៃទ្រព្យឲ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ ហើយការទទួលសេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវពីអ្នកជំនាញបានរួមចំណែកយ៉ាងសំខាន់ដល់ការទទួលប្រយោជន៍ជាអតិបរមាពីតម្លៃទ្រព្យ។ នេះ​បើយោងតាមលោក ភិន សុធារ ដែលជានាយកផ្នែកវាយតម្លៃអចលន​ទ្រព្យ​នៃក្រុមហ៊ុន VTrust Appraisal Co., Ltd។

លោក ភិន សុធារ នាយកផ្នែកវាយតម្លៃអចលន​ទ្រព្យ​នៃក្រុមហ៊ុន VTrust Appraisal Co., Ltd

លោក សុធារ បានបង្ហាញពីអត្ថប្រយោជន៍នៃការទទួលបានសេវាវាយតម្លៃអចលនទ្រព្យពីក្រុមហ៊ុនជំនាញដូចខាងក្រោម៖

1 – ងាយកំណត់ថ្លៃលក់ និងងាយស្រួលសម្រេចចិត្តទិញ៖ ការដឹងពីតម្លៃទ្រព្យជាក់លាក់ដោយមានការបញ្ជាក់ពីក្រុមហ៊ុនជំនាញ ផ្តល់ភាពងាយស្រួលដល់ម្ចាស់ទ្រព្យក្នុងការកំណត់ថ្លៃលក់ ហើយមានឱកាសលក់ចេញបានលឿន។ អចលនទ្រព្យ ដែលមានការវាយតម្លៃត្រឹមត្រូវផ្តល់ឲ្យម្ចាស់ទ្រព្យ នូវអំណាចចរចាកាន់តែច្រើន ខណៈដែលអ្នកវិនិយោគលើអចលនទ្រព្យវិញ មានការប្រាកដក្នុងចិត្តថាទឹកប្រាក់ដែលដាក់វិនិយោគ និងទ្រព្យដែលទទួលបានគឺពិតជាស័ក្កសមបំផុត។

អចលនទ្រព្យដែលមិនបានឆ្លងកាត់ការវាយតម្លៃ អាចធ្វើឲ្យម្ចាស់ទ្រព្យ កំណត់ថ្លៃខ្ពស់ជាងទីផ្សារខ្លាំងពេកដែលធ្វើឲ្យការលក់មិនអាចសម្រេចបាន ឬពេលខ្លះម្ចាស់ទ្រព្យអាចកំណត់ថ្លៃទាបជាងទីផ្សារពេក ដែលធ្វើឲ្យគាត់ខាតបង់។

2 – ផ្តល់ប្រយោជន៍ដល់ការផ្តល់ និងទទួលកម្ចី៖ កម្ចីខ្នាតធំស្ទើរទាំងអស់សុទ្ធសឹងត្រូវការទ្រព្យធានា ដែលជាទូទៅគឺអចលនទ្រព្យ។ ការមិនបានវាយតម្លៃអចលនទ្រព្យ​ត្រឹមត្រូវអាចធ្វើឲ្យអ្នកស្នើសុំកម្ចីទទួលកម្ចីតិចជាងសក្តានុពលនៃអចលនទ្រព្យដែលគាត់មាន ឬ ទាបជាងលទ្ធភាពដែលអាចសងត្រលប់។ លោក សុធារ បានលើកឡើងជាឧទាហរណ៍ថា ដោយសារបារម្ភពីហានិភ័យពេក គ្រឹះស្ថានផ្តល់កម្ចីខ្លះអាចផ្តល់ការវាយតម្លៃលើទ្រព្យធានានោះក្នុងតម្លៃទាប ដែលធ្វើឲ្យអ្នកស្នើសុំទទួលកម្ចីបាត់បង់ឱកាសទទួលកម្ចីស្របតាមតម្រូវការ។ ឬពេលខ្លះទៀត ដោយសារចង់បញ្ចេញកម្ចីឲ្យស្របតាម ផែនការកំណត់ អ្នកផ្តល់កម្ចីអាចផ្តល់ការវាយតម្លៃអចលនទ្រព្យក្នុងតម្លៃខ្ពស់ជាងតម្លៃទ្រព្យជាក់ស្តែង ដើម្បីបង្កើនទំហំកម្ចី។

3 – បង្កើនឱកាសប្រមូលទុនពង្រីកអាជីវកម្ម៖ ក្រុមហ៊ុនលក្ខណៈគ្រួសារជាច្រើន តែងត្រូវការប្រភពទុនដើម្បីពង្រីកអាជីវកម្ម ហើយការទទួលកម្ចី ឬ ការសហការដោយចូលហ៊ុនពីអ្នកវិនិយោគ ឬ ក្រុមហ៊ុនបរទេសគឺជាដំណោះស្រាយល្អមួយ។ យ៉ាងណាក៏ដោយ ភាទុនិកទាំងនោះត្រូវការតម្លាភាព ដូច្នេះហើយ ការមានសេវាវាយតម្លៃអចលនទ្រព្យ ឬការវាយតម្លៃអាជីវកម្មរបស់ពួកគេជាក់ស្តែងគឺជារឿងសំខាន់ ដែលនឹងបង្កើនទំនុកចិត្តដល់ម្ចាស់ទុនដើម្បីសហការវិនិយោគ។

4 – សម្រួលដល់អនុលោមភាពពន្ធដារ៖ ការធ្វើអនុលោមភាពពន្ធដារគឺជារឿងសំខាន់ ជាពិសេសនៅបី បួនឆ្នាំក្រោយនាពេលដែលរដ្ឋាភិបាលបានពង្រឹងតម្លាភាពប្រមូលពន្ធ។ ទោះបីជាអចលនទ្រព្យបានទទួលការវាយតម្លៃពីមន្ទីសុរិយោដីដើម្បីកំណត់ពន្ធលើអចលនទ្រព្យក៏ដោយ តែវាក៏ជាការសំខាន់ដែលអ្នកជាប់កតព្វកិច្ចពន្ធគួរមានវិញ្ញាបនប័ត្រប្រកាសពីតម្លៃទីផ្សារជាក់ស្តែងនៃទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីផ្ទៀងផ្ទាត់ និងងាយស្រួលបំពេញកតព្វកិច្ចពន្ធដារ។ 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង