គួរទិញផ្ទះប្រភេទណាដើម្បីបានចំណេញលឿនរវាងផ្ទះលំនៅឋាន ផ្ទះអាជីវកម្ម និង ខុនដូ?

Bunthoeun Chhut 20/May/2020 17:57
ចែករំលែក

ភ្នំពេញ៖ ផ្ទះគឺជាប្រភេទអចលនទ្រព្យមួយក្នុងចំណោមប្រភេទអចលនទ្រព្យសំខាន់ៗជាច្រើន ហើយការទិញលក់ផ្ទះដើម្បីបានចំណេញបានក្លាយជារបរដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា។ ស្របពេលការសាងសង់ផ្ទះកាន់តែមានច្រើនបែបសណ្ឋានជាងមុនដូចជាផ្ទះលំនៅឋាន ផ្ទះអាជីវកម្ម និង ខុនដូ អ្នកទិញ-លក់ផ្ទះដើម្បីបានចំណេញប្រឈមភាពស្មុកស្មាញជាងមុន ហើយត្រូវជ្រើសរើសការទិញប្រភេទណាដែលមានសក្តានុពលទីផ្សារ។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property បានពន្យល់ពីអត្ថប្រយោជន៍ និងភាពពិសេសផ្សេងៗគ្នានៃផ្ទះទាំងបីប្រភេទ និងផ្តល់ការជ្រើសរើសដូចខាងក្រោម៖

. ផ្ទះបែបលំនៅឋាន៖ យោងតាមលោក គីមសួរប្រជាពលរដ្ឋខ្មែរភាគច្រើននាពេលនេះ នៅតែចូលចិត្តទិញជាប្រភេទផ្ទះលំនៅឋានសម្រាប់រស់នៅ ព្រោះមានភាពងាយស្រួល និងស្ថិតនៅតំបន់ស្ងាត់។ ផ្ទះប្រភេទនេះមិនអំណោយផលសម្រាប់ធ្វើអាជីវកម្មនោះទេ ហើយអាចប្រើបានតែមុខងារមួយគឺសម្រាប់រស់នៅ។ អ្នកទិញបន្តមិនសូវហ៊ានឲ្យតម្លៃខ្ពស់នោះទេ ដោយសារទិញក្នុងគោលដៅដើម្បីរស់នៅតែមួយមុខ។

. ផ្ទះបែបអាជីវកម្ម (Shop House) ផ្ទះប្រភេទនេះ អាចមានតម្លៃខ្ពស់ជាងផ្ទះបែបរស់នៅ តែអាចដើរតួនាទីបានច្រើនជាងហើយជាទូទៅអ្នកទិញអាចដាក់ជួលវិញក្នុងតម្លៃខ្ពស់ជាងផ្ទះលំនៅឋាន។ ផ្ទះបែបអាជីវកម្ម ក៏អាចលក់បានចំណេញច្រើនជាងផ្ទះបែបលំនៅឋានផងដែរ ដោយសារជាទូទៅតម្លៃឡើងលឿនជាង។ នៅពេលចំនួនប្រជាជនក្នុងតំបន់ផ្ទះនេះកើនឡើង អ្នកទិញបន្ត អាចប្រើប្រាស់ដើម្បីទទួលបានចំណូលមកវិញ ហើយដោយហេតុដូច្នេះហើយអ្នកទិញបន្តតែងហ៊ានទិញក្នុងតម្លៃខ្ពស់។

. ផ្ទះបែបខុនដូ៖ ផ្ទះប្រភេទខុនដូតែងមានទំហំតូចជាង តែនៅតំបន់ទីប្រជុំប្រជន។ ខុនដូ មិនអាចធ្វើអាជីវកម្មបាន ប៉ុន្តែអ្នកទិញខុនដូអាចដាក់ជួលទៅវិញបានក្នុងតម្លៃល្អ។ បើមើលនិន្នាការកន្លងមក តម្លៃខុនដូ មិនសូវមានការឡើងលឿនដូចផ្ទះជាប់ដីនោះទេ ប៉ុន្តែជាទូទៅខុនដូនៅតំបន់ទីប្រជុំជន តែងតែអាចដាក់ជួលបានក្នុងតម្លៃថ្លៃជាងផ្ទះជាប់ដី។ ខុនដូរ មានកម្រិតអ្នកទិញនិងអ្នកជួល ដោយសារភាគច្រើនសុទ្ធសឹងជាជនបរទេស។

យោងតាម​លោក គឹមសួគ៌ ក្នុងចំណោមផ្ទះបីប្រភេទរួមមាន ផ្ទះលំនៅឋាន ផ្ទះអាជីវកម្ម និង ខុនដូ ការទិញលក់មានឱកាសចំណេញខ្ពស់ជាងគេគឺ ផ្ទះអាជីវកម្ម (Shophouse)។

លោកបញ្ជាក់ថា៖«ប្រសិនបើបងប្អូនចង់ទិញផ្ទះដើម្បីតែលក់ទៅវិញ បងប្អូនគួរណាទិញផ្ទះប្រភេទ Shop House​ ដោយសារថាផ្ទះប្រភេទនេះភាគច្រើនមានការឡើងតម្លៃលឿនហើយការជួលក៏អាចបានខ្ពស់គួរសមដែរ»៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង