ការទិញលក់ដីធ្លីគឺជាការជួញដូរអចលនទ្រព្យដ៏ពេញនិយមជាងគេមួយក្នុងចំណោមប្រភេទអចលនទ្រព្យផ្សេងៗទៀតនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពីលោក កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station។
ការជ្រើសរើសទីតាំងទិញលក់ឲ្យបានត្រឹមត្រូវ និងស័ក្កសមនឹងសក្តានុពល អាចធ្វើឲ្យអ្នកជំនួញដីធ្លីចំណេញប្រាក់បានលឿន តែផ្ទុយទៅវិញការជ្រើសរើសទីតាំងមិនត្រឹមត្រូវក៏អាចប្រឈមនឹងការជាប់គាំងផងដែរ។
យោងតាមលោក កាង សុធី មានទីតាំង 3 ដែលអ្នកវិនិយោគគួរពិចារណាទិញ-លក់ដើម្បីបានចំណេញក្នុងរយៈពេលខ្លីដោយប្រើដើមទុន ខ្ទង់ ១០ ម៉ឺនដុល្លារ។ ទីតាំងទាំង 3 នោះរួមមាន៖
1 – ទីតាំងសង្កាត់កំបូល៖ យោងតាមលោក កាង សុធី តម្លៃដីធ្លីនៅតំបន់នេះនៅមិនទាន់ឡើងខ្លំាងនៅឡើយនាពេលនេះ តែតំបន់នេះមានសក្តានុពលខ្ពស់ដែលអាចមានឱកាសល្អសម្រាប់វិនិយោគិន ដោយសារថាតំបន់នេះគឺជាទីតាំងសម្រាប់គម្រោងរោងចក្រជាច្រើន។ តំបន់នេះមានភាពទាក់ទាញ ដោយសារនៅជិតផ្លូវជាតិលេខ ៤ ដែលជាផ្លូវឧស្សាហកម្មយ៉ាងសំខាន់ដើម្បីភ្ជាប់ទៅក្រុងព្រះសីហនុ ដែលជាទីក្រុងកំពង់ផែអន្តរជាតិដ៏សំខាន់របស់កម្ពុជា។ អ្នកវិនិយោគដីធ្លីអាចទិញដីនៅតំបន់នេះសម្រាប់ទុកធ្វើជាឃ្លាំងស្តុកទំនិញ ធ្វើជាបន្ទប់ជួលសម្រាប់បុគ្គលិករោងចក្រកាត់ដេរ ឬយកមកធ្វើអ្វីផ្សេងៗទៀតបាន។
តម្លៃដីនៅតំបន់នេះគឺចន្លោះពី ៥០ដុល្លារ ទៅ ១០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ដែលសមរម្យសម្រាប់ការសាងសង់ជាលំនៅឋានបាន។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ បានធ្វើឲ្យខណ្ឌកំបូលទទួលបានប្រជាពលរដ្ឋចំណូលថ្មីចូលតាំងទីលំនៅកាន់តែច្រើនឡើង ។
2 – ទីតាំងសង្កាត់ស្នោរ- សង្កាត់ស្នោរនៅខណ្ឌពោធ៍សែនជ័យមានទីតាំងនៅខាងលិចតំបន់ទំនប់កប់ស្រូវ។ តំបន់នេះមានបុរីច្រើន ហើយក៏មានឃ្លាំង និងរោងចក្រជាច្រើនផងដែរ។ ប្រៀបធៀបនឹងសង្កាត់កំបូល តំបន់នេះមានលំនៅឋានច្រើនជាង ហើយមិនសូវពាក់ព័ន្ធនិងតំបន់ឧស្សាហកម្មទេ ដែលមានភាពអំណោយផលសម្រាប់ជាតំបន់លំនៅឋាន។ លោកសុធី បញ្ជាក់ថាតំបន់នេះនៅមានហាងឆេងដីធ្លីសមរម្យ ដែលអ្នកវិនិយោគអាចត្រូវការដើមទុនតិចជាងតំបន់ផ្សេង ហើយមានឱកាសចំណេញខ្ពស់ និងងាយស្រួលលក់ចេញ។
3 – ទីតាំងតំបន់ស្រុកមុខកំពូល ខេត្តកណ្តាល៖ តំបន់ស្រុកមុខកំពូល ខេត្តកណ្តាល នៅជិតផ្លូវជាតិលេខ ៦A ជាទីតាំងល្អសម្រាប់វិនិយោគប្រសិនបើយើងមានដើមទុន ១០ម៉ឺនដុល្លារ ។ ទឹកប្រាក់ចំនួននេះ អាចទិញដីបានទំហំធំជាងទិញនៅសង្កាត់កំបូល និង សង្កាត់ស្នោរ ដោយសារតំបន់នេះវាជាតំបន់ថ្មី។ តំបន់នេះមានភាពសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍន៍ជាតំបន់លំនៅឋានបែបទំនើបនាពេលអនាគត។
គួរកត់សម្គាល់ថា លោក កាង សុធី ក៏បានបញ្ជាក់ដែរថាតំបន់ផ្សេងៗទៀតក៏មានចំណុចពិសេសផ្សេងៗគ្នាផងដែរ គ្រាន់តែតំបន់ទាំង ៣ ខាងលើមានភាពស័ក្កសមខ្លាំងសម្រាប់ការវិនិយោគដីធ្លីដោយប្រើដើមទុន ១០ ម៉ឺនដុល្លារ។
(សូមរង់ចាំអានអត្ថបទក្រោយទៀត ពីគន្លឹះវិនិយោគដីធ្លីដោយមានដើមទុនតិចតួច)។