ភ្នំពេញ៖ ផ្លូវល្បឿនលឿន (Expressway ) ភ្នំពេញ-ព្រះសីហនុ នឹងអាចបញ្ចប់ការសាងសង់មុនកាលកំណត់ ហើយគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២២ ខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវល្បឿនលឿន (Expressway) ដំបូងគេនៅកម្ពុជានេះមានចម្ងាយ ១៩០ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនាឆ្នាំ ២០១៩ ហើយកាលកំណត់ដំបូងសម្រាប់ដំណើរការផ្លូវល្បឿនលឿននេះគឺឆ្នាំ ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១៩ ឧសភានេះបញ្ជាក់ថា ការសាងសង់គិតត្រឹមដំណាច់ខែមេសាឆ្នាំ ២០២០ សម្រេចបាន ២០,៦៥ ភាគរយ ហើយកិច្ចការដោះស្រាយផលប៉ះពាល់សម្រេចបាន ៨៨,៨៤ ភាគរយ។ ការវិវត្តន៍នេះ អាចឲ្យគម្រោងនេះបញ្ចប់ការសាងសង់មុនពេលកំណត់។
ស្ថាបនាឡើងដោយគ្រោងចំណាយទុនវិនិយោគ ២ ពាន់លានដុល្លារ គម្រោងនេះគឺជាការវិនិយោគតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយត្រូវបានវិនិយោគដោយក្រុមហ៊ុនរដ្ឋចិន China Road & Bridge Corporation (CRBC)។
ផ្លូវល្បឿនលឿននេះនឹងក្លាយជាផ្លូវសំខាន់សម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ពីរនៅកម្ពុជាគឺភ្នំពេញ និង ខេត្តព្រះសីហនុ ដែលជាតំបន់កំពង់ផែអន្តរជាតិរបស់កម្ពុជា។