ភ្នំពេញ៖ ក្រុមហ៊ុន វី ត្រាស់ អឹព្រេហ្សល ខូអិលធីឌី បានធ្វើការសម្រេចចិត្តប្រកបដោយភាពបត់បែនមួយកាលពីឆ្នាំ ២០១៥ ហើយបានធ្វើឲ្យប្រតិបត្តិការរបស់ក្រុមហ៊ុនកាន់តែមមាញឹក និងទទួលការរីកចម្រើនរហូតមកទល់ពេលនេះ។
ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ ២០១០ ការផ្តល់សេវាវាយតម្លៃអចលនទ្រព្យរបស់ វី ត្រាស់ អឹព្រេហ្សល ខូអិលធីឌី នាពេលនោះគឺតម្រង់ឈ្មោះទៅរកក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រជាសារធារណៈជាលើកដំបូង (IPO) នៅលើផ្សារភាគហ៊ុនកម្ពុជា (CSX)។ នាពេលនោះ ផ្សារភាគហ៊ុនកម្ពុជា (CSX) បានបើកដំណើរការលើកដំបូងជាប្រវត្តិសាស្រ្ត ហើយមានក្រុមហ៊ុនជាច្រើនបានបង្ហាញឆន្ទៈកៀងគរដើមទុនពីផ្សារនេះតាមរយៈការបោះផ្សាយលក់ភាគហ៊ុន។
ប៉ុន្តែដំណើរការផ្សារមូលបត្រដែលថ្មីស្រឡាងនៅកម្ពុជាមិនទាន់មានភាពសកម្មភ្លាមៗនោះទេ ហើយក្រុមហ៊ុនឡើងផ្សារហ៊ុនក៏មិនមានច្រើន។
លោក ភិន សុធារ នាយកផ្នែកវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌី បានលើកឡើងថាដោយសង្កេតឃើញថា ទីផ្សារភាគហ៊ុនកម្ពុជាមានលក្ខណៈតូចចង្អៀត ក្រុមហ៊ុនក៏បានធ្វើពិពិធកម្មសេវាកម្មរបស់ខ្លួន ដោយផ្តល់សេវាកម្មវាយតម្លៃដល់ស្ថាប័នដែលផ្តល់កម្ចី រួមមានគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីវាយតម្លៃលើទ្រព្យបញ្ចាំ ឬទ្រព្យធានាដើម្បីស្នើសុំកម្ចី។ លោកបញ្ជាក់ថា គ្រប់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា សុទ្ធសឹងទទួលបានការវាយតម្លៃអចលនទ្រព្យពីក្រុមហ៊ុន វីត្រាស់ អាព្រឹសល។
លោកថ្លែងថា៖ «គិតមកត្រឹមឆ្នាំ ២០១៥ ដោយសារថាស្ទើរតែអត់មានការវាយតម្លៃពីក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រជាលើកដំបូង (IPO) យើងក៏ចាប់ផ្តើមធ្វើពិពិធកម្មផលិតផលរបស់យើង»។ លោកបន្តថាក្រុមហ៊ុនបានបន្ថែមការផ្តល់សេវាវាយតម្លៃសម្រាប់ទ្រព្យធានាកម្ចីតាំងពីឆ្នាំ ២០១៥ ហើយការសម្រេចនេះគឺជាជម្រើសដ៏ត្រឹមត្រូវ ហើយបានជំរុញប្រតិបត្តិការកាន់តែសកម្ម។
លោកបន្តថា៖«នៅពេលហ្នឹង យើងទទួលបានអតិថិជនច្រើនពីធនាគារ ដោយសារយើងមានបទពិសោធន៍ធ្វើគម្រោងធំៗជាច្រើនសម្រាប់ក្រុមហ៊ុនឡើងផ្សារភាគហ៊ុន (IPO) អ៊ីចឹងអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនធំៗជឿជាក់យើង ហើយទាក់ទងមកយើងដោយផ្ទាល់តែម្តងបើទោះបីជាយើងមិនទាន់បានធ្វើទីផ្សារនៅឡើយ»។
យោងតាមលោក សុធារ តាំងពីឆ្នាំ ២០១៥ មក តម្រូវការសេវាវាយតម្លៃបានកើនឡើងយ៉ាងខ្លាំងហើយក្រុមហ៊ុន វី ត្រាស់ អឹព្រេហ្សល ខូអិលធីឌី ក៏បានទទួលបានករណីវាយតម្លៃកើនឡើងជាបន្តបន្ទាប់។
គិតមកទល់ពេលនេះ ក្រុមហ៊ុនបានទទួលការវាយតម្លៃជាង ១០ ០០០ ករណី ដែលភាគច្រើនគឺជាការវាយតម្លៃសម្រាប់គ្រឹះស្ថានធនាគារដែលមានបំណងផ្តល់កម្ចី។
ការទទួលបានទំនុកចិត្តជាបន្តបន្ទាប់ បានធ្វើឲ្យ ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌី ក្លាយជាក្រុមហ៊ុននាំមុខគេមួយនៅកម្ពុជាសម្រាប់គ្រឹះស្ថានធនាគារក្នុងទទួលបានសេវាវាយតម្លៃប្រកបដោយវិជ្ជាជីវៈ។ គិតមកទល់ពេលនេះ ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌី បានសម្រេចកិត្ចសហការជាមួយធនាគារជាដៃគូរដល់ទៅជាង ១០ ធនាគារ ដែលសុទ្ធសឹងជាធនាគារធំៗនៅកម្ពុជា។
យោងតាមលោក សុធារ ស្របពេលសកម្មភាពសេដ្ឋកិច្ចកាន់តែមមាញឹក ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើនចាប់ផ្តើមអភិវឌ្ឍន៍ខ្លួនទៅជាក្រុមហ៊ុនស្តង់ដារដើម្បីបើកឱកាសពង្រីកដើមទុន តម្រូការសេវាវាយតម្លៃពីក្រុមហ៊ុនវិជ្ជាជីវៈនឹងបន្តកើនឡើង។
លោកបន្តថា កម្រៃសេវា វាយតម្លៃគឺគិតតាមភាគរយនៃតម្លៃអចលនទ្រព្យ ដែលអនុវត្តន៍តាមតារាងតម្លៃពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តម្លៃទាបបំផុតគឺ ១៧០ ដុល្លារ ហើយក្នុងចំណោមករណីដែល ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌីបានវាយតម្លៃទាំងជាង ១០ ០០០ ករណី កម្រៃសេវាវាយតម្លៃជាមធ្យមគឺ ៥០០ ដុល្លារក្នុងមួយឆ្នាំ។
(សូមរង់ចាំអានអត្ថបទពីសារៈសំខាន់នៃសេវាវាយតម្លៃសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលនឹងធ្វើការផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News)។